រាជធានីភ្នំពេញ ៖ យុវជនអ៊ិស្លាមចំនួន១១នាក់ ដែលត្រូវសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ព្រែកលៀបចាប់ខ្លួន នៅក្នុងទំនាស់វាយតប់គ្នា ពេលទទួលទានអាហារស្រាយបួសកាលពី វេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី៣០ សីហា ២០១១ កន្លងទៅនេះ ត្រូវសមត្ថកិច្ចដោះលែងអស់ចំនួន៦នាក់ នៅសល់ចំនួន៥នាក់ បង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីក្រុមគ្រួសារ។
តាមព័ត៌មានឱ្យដឹងថា ការដោះលែងជនទាំង៦នាក់ រួមទាំងម៉ូតូ១៣គ្រឿង នោះគឺធ្វើឡើងជាថ្នូរ នឹងប្រាក់ម្នាក់ៗ៥០ទៅ១០០ដុល្លារ ។ យុវជនអ៊ិស្លាមទាំង៥នាក់ ដែលនៅសល់ពីការដោះលែងត្រូវបានគេឱ្យដឹងថា គឺសុទ្ធតែអ្នកក្រីក្រ ដែលគ្មានប្រាក់សម្រាប់លោះខ្លួន។ ជនទាំង៥នាក់ មាន១-ឈ្មោះឯល សឹកគ្រីយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២ វិទ្យាល័យឫស្សីកែវ ២-ឈ្មោះលឹម សើគីរីន ភេទប្រុស អាយុ១៨ឆ្នាំ ៣-ឈ្មោះឯល រ៉ូហ្សាលី ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី១០ វិទ្យាល័យឫស្សីកែវ ៤-ឈ្មោះលឹម រ៉ស់ម៉ាន អាយុ២២ឆ្នាំ និង៥-ឈ្មោះវ៉ាល ណាសៀត អាយុ១៥ឆ្នាំ ។ អ្នកទាំង៥នាក់ជាជនជាតិអ៊ិស្លាម មានទីលំនៅភូមិ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ។
គួររំលឹកថា យុវជនអ៊ិស្លាម១១នាក់ ត្រូវសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍ព្រែកលៀបចាប់ខ្លួនកាលពីវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី៣០ សីហា បន្ទាប់ពីមានទំនាស់វាយតប់គ្នានៅក្នុងហាងលក់ស៊ុប នៅគល់ស្ពានព្រែកតាសេក ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ បណ្តាលឱ្យរងរបួសចំនួន៣នាក់ និងបង្កឱ្យទ្រព្យសម្បត្តិក្នុងហាងខូចខាតអស់មួយចំនួន។ បន្ទាប់ពីចាប់ខ្លួន សមត្ថកិច្ចធ្វើការសម្របសម្រួល សងការខូចខាតសម្ភារ និងថ្លៃព្យាបាលរបួសខ្លះអស់៥០ដុល្លារ ទៅ១០០ដុល្លារ ៕
ចែករំលែកព័តមាននេះ