ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ហា​ប្រ​ឈម​ជុំ​វិញ​ការ​សាក​ល្បង​ការិយា​ល័យ​​​ច្រក​​​ចេញ​ចូល​តែ​មួយ​​​និង​ការិយា​​ល័យ​ប្រ​ជា​ពលរដ្ឋ

13 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ពិ​គ្រោះ​យោ​បល់​បច្ចេក​ទេស​​អន្តរ​​ក្រ​សួង ដើម្បី​ជួយ​​គាំ​ទ្រ​ដល់​​ការ​អនុវត្ត​​គម្រោង​​សាក​ល្បង​ការិយា​ល័យ​ច្រក​ ចេញ​ចូល​តែ​មួយ​​ និង​​ការិយា​ល័យ​ប្រ​ជា​ពល​រដ្ឋ កាល​ពី​ថ្ងៃ​ទី​៣១ សី​ហា ឆ្នាំ​២០១១នេះ​បាន​បើក​កិច្ច​ប្រ​ជុំ​លើក​ទី​៤ នៅ​សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណា ដើម្បី​​ពិនិត្យ និង​ពិ​ភាក្សា​​​​លើ​ការ​ងារ​​នេះ​ដែល​បាន​

រាជធានី​ភ្នំពេញ ៖ ក្រុម​ពិ​គ្រោះ​យោ​បល់​បច្ចេក​ទេស​​អន្តរ​​ក្រ​សួង ដើម្បី​ជួយ​​គាំ​ទ្រ​ដល់​​ការ​អនុវត្ត​​គម្រោង​​សាក​ល្បង​ការិយា​ល័យ​ច្រក​ចេញ​ចូល​តែ​មួយ​​ និង​​ការិយា​ល័យ​ប្រ​ជា​ពល​រដ្ឋ កាល​ពី​ថ្ងៃ​ទី​៣១ សី​ហា ឆ្នាំ​២០១១នេះ​បាន​បើក​កិច្ច​ប្រ​ជុំ​លើក​ទី​៤ នៅ​សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណា ដើម្បី​​ពិនិត្យ និង​ពិ​ភាក្សា​​​​លើ​ការ​ងារ​​នេះ​ដែល​បាន​អនុវត្ត​កន្លង​មក​សំ​ដៅ​​ត្រៀម​សកម្ម​ភាព​សំ​ខាន់​ៗ​​ក្នុង​ការ​ពង្រីក​​ការិយា​ល័យ​ច្រ​កចេញ​ចូល​តែ​មួយ​នៅ​រាជ​ធានី​​ ក្រុង​ ស្រុក​ ខណ្ឌ​​ បន្ត​ទៀត​។ ​ប៉ុន្តែ​អ្វី​ដែលសំខាន់​ក្នុង​កិច្ច​ប្រ​ជុំ​នោះ​​គឺបញ្ហា​ប្រ​ឈម​មួយ​ចំនួន​ក្នុង​ការ​អនុវត្ត​ការ​ងារ​​កន្លង​មក​ ដែល​ចាំ​បាច់​ត្រូវ​ក្រុម​ចាំ​ពិ​គ្រោះ​យោ​បល់​បច្ចេក​ទេស​អន្តរ​​ក្រ​សួង​​ពិ​ភាក្សា និង​រួម​គ្នា​ដោះ​ស្រាយ​។

គួររំ​លឹក​​ថា កិច្ច​ប្រ​ជុំ​នោះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​អ​ធិ​ប​តី​ភាព​លោក​សក់ សេដ្ឋា ​រដ្ឋ​លេខា​ធិ​ការ​​ក្រ​សួង​ម​ហា​ផ្ទៃ​​ និង​ជា​ប្រ​ធាន​ក្រុម​ពិ​​គ្រោះ​​យោ​បល់​បច្ចេក​ទេស​អន្តរ​​ក្រ​សួង​រួម​ទាំង​សមា​ជិក​ក្រុម​ពិ​គ្រោះ​យោ​បល់​បច្ចេកទេស​​អន្តរ​ក្រ​សួង​ទាំង​អស់​។ លោក​សក់ សេដ្ឋា ​មាន​ប្រ​សាសន៍​ថា ការ​អនុវត្ត​គម្រោង​ការិយា​ល័យ​ច្រក​ចេញ​ចូល​តែ​មួយ​ និង​​ការិយាល័យ​ប្រ​ជា​ពល​រដ្ឋ​​បាន​អនុវត្ត​ជាង​២​ឆ្នាំ ​ហើយ​បាន​បង្កើត​​ការិយា​ល័យ​ច្រ​កចេញ​ចូល​តែ​មួយ​នៅ​​ក្រុង​​ ស្រុក គោល​ដៅ​ចំនួន​១៥​​បន្ថែម​​លើ​ក្រុង​បាត់​ដំ​បង​និង​ក្រុង​សៀម​រាប​ ក្នុង​នោះ​យើង​បាន​ដាក់​ឱ្យ​ដំណើរ​​​ការ​ជា​ផ្លូវ​ការ​ចំនួន​៧​ក្រុង  ស្រុកគោល​ដៅ​រួច​ហើយ នា​ថ្ងៃ​ទី​២០ កញ្ញា​​​ ឆ្នាំ​២០១១។ ចំពោះ​ក្រុងគោល​ដៅ​មួយ​ចំនួន​ទៀត​ដូច​ជា​ក្រុង​បាវិត ក្រុង​កំពង់​​ឆ្នាំង  ក្រុង​ពោ​ធិ៍​សាត់ ​ក្រុង​ខេមរ​ភូមិន្ទ​ ក្រុង​ច្បារ​មន ក្រុង​ដូន​កែវ​ ក្រុង​កំពត ជា​ដើម តាម​ផែន​ការ​ដែល​បាន​ត្រៀម​ទុក​ក៏​នឹង​ប្រ​កាស​​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៅ​ខែ​កញ្ញា​​នេះ​ផង​ដែរ។

លោក​សក់ សេដ្ឋា មាន​ប្រ​សាសន៍​​បន្ត​ថា ​យោង​តាម​ស្មារតី​នៃ​កិច្ច​ប្រ​ជុំ​នា​ពេល​នេះ​អស់​លោក​ដែល​ជា​សមា​​ជិក​​ ក្រុម​ពិ​គ្រោះ​យោ​បល់ បច្ចេក​ទេស​ អន្តរ​ក្រ​សួង ​នឹង​ធ្វើ​ការ​ពិ​ភាក្សា​​ពិនិត្យ​មើល​អំពី​មុខ​​ងារ​នានា ដែល​សម​ស្រប​ និង​ធ្វើ​ប្រ​តិ​ភូ​កម្ម​ទៅ​ឱ្យ​ក្រុង ស្រុក គោល​ដៅ ព្រម​ទាំង​ជួយ​រៀប​ចំ​ សម្រប​សម្រួល​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ ដើម្បី​ដាក់​ចេញ​នូវ​ការប្រ​កាស​ប្រ​តិ​ភូ​កម្ម និង​សេច​ក្តី​ណែ​នាំ​អំពី​ការ​អនុវត្ត​ប្រ​កាស​ប្រ​តិ​ភូ​ទាំង​នោះ​។

លោក​បញ្ជាក់​ថា មក​ដល់​ពេល​នេះ​យើ​ង​បាន​ប្រ​កាស​ប្រ​តិ​ភូ​កម្ម​ចំនួន​៧​ក្រ​សួង និង​ស្ថា​ប័ន​​​​​រួ​ច​ហើយ​ដែល​រួម​មាន ​ក្រ​សួង​វប្ប​ធម៌ វិចិត្រ​សិល្បៈ, ក្រសួង​ពា​ណិជ្ជ​កម្ម, ​ក្រ​សួង​​ឧ​ស្សា​ហកម្ម​រ៉ែ​ និង​ថាម​ពល, ​ក្រ​សួង​​រៀប​ចំ​​ដែន​ដី​នគរូប​នីយកម្ម​ និង​សំណង់​, ក្រសួង​​​សាធារណការ និង​ដឹក​ជញ្ជូន, ​ក្រសួង​ទេស​ចរណ៍ និង​ក្រ​សួង​​កសិកម្ម​ រុក្ខា​ប្រ​មាញ់​ និង​នេសាទ​។ ក្រៅ​ពីនោះ​អំ​ពី​ប្រ​កាស​ប្រ​តិ​ភូ​កម្ម​មុខ​ងារ​របស់​ក្រ​សួង​ ស្ថា​ប័ន​ទាំង​៧​ខាង​លើ​នេះ រដ្ឋ​បាល​ខេត្ត​​​គោល​ដៅ​នី​មួយ​ៗ​​ក៏​បាន​ដាក់​ចេញ​នូវ​សេច​ក្តី​សម្រេច​​ធ្វើ​ប្រ​តិ​ភូ​កម្ម​លើ​ការងារ​នី​ត្យា​​នុ​កូល​កម្ម​​ទៅ​ឱ្យ​ក្រុង​ ស្រុក​គោល​ដៅ រួច​ហើយ​​ផង​ដែរ​។

លោក​ចាត់​​ទុក​អ្វី​​ខាង​លើ​នេះ​​ជា​សមិទ្ធ​ផល​ដ៏​ធំ​​​ធេង​មួយ​ប្រ​កប​ដោយ​ឆន្ទៈដ៏មុតមាំ​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​បំ​ផុត​ ក្នុងការ​រួម​ចំណែក​អនុវត្ត​​គោល​ន​យោ​បាយ​របស់​​រាជ​រដ្ឋា​ភិ​បាល​ក្នុង​កិច្ច​ការ​កំណែ​ទម្រង់​​ការ​ផ្តល់​សេវា​សាធារណៈ​ក្នុង​​គោ​ល​ដៅ​​​បម្រើ​ប្រ​ជា​ពល​រដ្ឋ​​ឱ្យ​កាន់​តែ​ប្រសើរ​​​ឡើង​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​ដំណាក់​កាល​ដំ​បូង​នៃ​ការ​អនុវត្ត​នេះ យើង​ជួប​នូវ​​​​បញ្ហា​ប្រ​ឈម​ជា​ច្រើន ហើយ​ជា​សំខាន់​នោះ​គឺ​នេះ​ជា​កិច្ច​​ការ​ថ្មី​​ និង​រ​បៀប​របប​ថ្មី​សម្រាប់​យើង​។

លោក​ចាន់ សុ​ធា អនុ​ប្រ​​ធាន​​នាយក​ដ្ឋាន​បុគ្គ​លិក និង​បណ្តុះ​បណ្តា​ល​វិជ្ជា​ជីវ​ និង​​​ជា​ប្រ​ធាន​គ្រប់​គ្រង​គម្រោង​ច្រក​ចេញ​​ចូល​តែ​មួយ​បាន​លើក​ឡើង​នូវ​បញ្ហា​ប្រ​ឈម​មួយ​ចំនួន​ក្នុងការ​អនុវត្ត​គម្រោង​ដោយ​រួម​​មាន ​សមត្ថ​ភាព​ម​ន្ត្រី​ជំនាញ​​នៅ​មាន​កម្រិត ការ​ផ្សព្វ​ផ្សាយ​​​​​ព័ត៌​មាន​​​ដល់​ប្រ​ជា​ពល​រដ្ឋតាម​ក្រុង ស្រុក​ គោល​ដៅ ពុំ​បាន​គ្រប់​គ្រាន់​ ការ​គាំ​ទ្រ​ ការ​សម្រប​សម្រួល និង​កិច្ច​ការ​​ទំនាក់​ទំនង​រវាង​ក្រុង-​ស្រុក​គោល​ដៅ​​ជា​មួយ​ខេត្ត​ មន្ទីរ​អង្គ​ភាព​​ពាក់​ព័ន្ធ​​ពុំ​ទាន់​បាន​ល្អ​​​ប្រ​សើរ​នៅ​ឡើយ៕