យោងតាមក្រុមប្រឹក្សាជាតិបណ្តោះអាសន្នលីប៊ី CNT ថាគិតមកទល់ពេលនេះចំនួនមនុស្សស្លាប់តាំងពីចាប់ផ្តើមមានជម្លោះក្នុងប្រទេសមកអាចដល់៥០.០០០នាក់។ ខណៈដែលសភាពការណ៍នៅលីប៊ីពុំទាន់អាចត្រួតត្រាបានដោយពួកឧទ្ទាម ប្រមុខ CNT លោកមូស្តាហ្វាអាប់ ដែលចាលីលកាលពីថ្ងៃទី៣០ សីហា បានលើកឡើងពីតួលេខនេះ។
ពីដំបូង CNT បានព្រមព្រៀងគ្នាជាមួយពួកមហាអំណាចបរទេសថា ខ្លួនពុំត្រូវការកងកម្លាំងអន្តរជាតិរក្សាសន្តិភាពមួយឡើយ ទោះបីជាខ្លួនធ្លាប់បានលើកឡើងកាលពីសប្តាហ៍មុនថា ពួកបះបោរអាចអំពាវនាវរកជំនួយរបស់កងកម្លាំងមកពីបណ្តាប្រទេសអារ៉ាប់ក្តី។
ម្យ៉ាងវិញទៀតកងកម្លាំងដែលនៅស្មោះត្រង់នឹងលោកមូអាម៉ា កាដាហ្វី ដែលមានទីតាំងនៅទីក្រុង SYRTE និងនៅក្នុងមូលដ្ឋានឯទៀតៗរបស់លីប៊ីទទួលឱសានវាទមួយឱ្យពួកគេដាក់អាវុធត្រឹមថ្ងៃទី២ កញ្ញា។ នេះជាការប្រកាសរបស់លោកមូស្តាហ្វា អាប់ដែលចាលីល។ ប្រមុខ CNT ព្រមានថា ហួសពីរយៈពេលកំណត់នេះពួកឧទ្ទាមនឹងប្រើកម្លាំងយោធាហើយ។ យើងពុំអាចនៅរង់ចាំយូរទៀតឡើយ។
អង្គការអូតង់ដែលពេលនេះផ្តោតសំខាន់លើប្រតិបត្តិការយោធាលើតំបន់ជុំវិញទីក្រុង SYRTEនោះចាត់ទុកថា ជាការលើកទឹកចិត្តចំពោះព័ត៌មានទាំងឡាយដែលរៀបរាប់ពីការចរចារវាងកងកម្លាំងស្និទ្ធលោកកាដាហ្វី និងកងកម្លាំងឧទ្ទាម។
ម្យ៉ាងវិញទៀតអ្នកទទួលខុសត្រូវយោធាម្នាក់របស់ CNT បានវាយតម្លៃកាលពីថ្ងៃទី៣០ សីហា ថា ចំនួនមនុស្សស្លាប់នៅលីប៊ីតាំងពីចាប់ផ្តើមការបះបោរមកមានដល់ប្រមាណជា៥០.០០០នាក់ក្នុងរយៈពេល៦ខែ។ តួលេខនេះរាប់បញ្ចូលទាំងពួកអ្នកស្លាប់ក្នុងការប្រយុទ្ធ ទាំងបណ្តាមនុស្សដែលបាត់ខ្លួន៕
ចែករំលែកព័តមាននេះ