ប្រធានាធិបតីកូរ៉េខាងត្បូងលោកលីម្យុងបាក់កាលពីថ្ងៃទី៣០ សីហា បានផ្លាស់ប្តូររដ្ឋមន្ត្រី៤រូបនៃរដ្ឋាភិបាលរបស់លោកដែលនោះជាការរុះរើមួយចាត់ទុកថា ជាការប៉ុនប៉ងចុងក្រោយរបស់លោកដើម្បីពង្រឹងគណបក្សរបស់លោក គឺមហាគណបក្សជាតិ GPN ខណៈជិតដល់ការបោះឆ្នោតសភា និងប្រធានាធិបតី។
លោកប្រធានាធិបតីលីបានតែងតាំងលោកយូវ៉ូអ៊ីក ជារដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមថ្មីដែលទទួលបន្ទុកបញ្ហាទំនាក់ទំនងជាមួយកូរ៉េខាងជើងជាការផ្លាស់ជំនួសអាចជាសញ្ញានៃការផ្លាស់ប្តូរនយោបាយរបស់ក្រុងសេអ៊ូលចំពោះក្រុងព្យុងយ៉ាង។ រដ្ឋមន្ត្រីបង្រួបបង្រួមថ្មី ជាអតីតឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសចិន ដែលលោកត្រូវជំនួសលោក HYUN IN TAEK ដែលជាមនុស្សប្រកាន់ជំហររឹងចំពោះកូរ៉េខាងជើង។ លោក HYUN ត្រូវបានតែងតាំងជាទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីទទួលបន្ទុកកិច្ចការបង្រួបបង្រួម។
ការរុះរើគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ សីហា ក៏ប៉ះរដ្ឋមន្ត្រី៣រូបទៀត ដោយលោក CHOE KWANG SIK ប្រធានរដ្ឋបាលគ្រប់គ្រងបេតិកភណ្ឌវប្បធម៌ត្រូវបានតែងតាំងជារដ្ឋមន្ត្រីវប្បធម៌លោក RIM CHE MIN រដ្ឋមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីត្រូវបានតែងតាំងជារដ្ឋមន្ត្រីសុខាភិបាល ហើយសមាជិកសភានៃគណបក្សកាន់អំណាច លោក KIM KUM LAE ត្រូវបានតែងតាំងជារដ្ឋមន្ត្រីទទួលបន្ទុកខាងលក្ខណៈស្មើភាពគ្នារវាងបុរស និងនារី ៕
ចែករំលែកព័តមាននេះ