រាជធានីភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូឌុបគ្នាអត់ពាក់មួកសុវត្ថិភាព ខណៈពេលជិះមកដល់មុខភោជនីយដ្ឋានបង្កងនាគ ស្រាប់តែឃើញប៉ូលិសក្រុងកំពុងដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ ក៏បត់ត្រឡប់ថយក្រោយវិញ ស្រាប់តែបុកម៉ូតុបុរសម្នាក់ដែលជិះពីក្រោយបណ្តាលឱ្យដួលបោកក្បាលទៅនឹងរបាំងចែកទ្រូងផ្លូវកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣០ សីហា ២០១១ ស្ថិតនៅក្នុងភូមិទី១០ ក្រុមទី២០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
តាមសម្តីប៉ូលិសក្រុងដែលដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលសមត្ថកិច្ចកំពុងតែឈរពង្រាយកម្លាំងត្រួតពិនិត្យ ស្រាប់តែឃើញមានយុវជន២នាក់ជិះម៉ូតូឌុបគ្នាមកទាំងមិនពាក់មួកសុវត្ថិភាព។ ពេលជិះម៉ូតូមកជិតដល់ឃើញប៉ូលិសឈរល្បាតក៏បត់ម៉ូតូត្រឡប់ក្រោយវិញ ធ្វើឱ្យសមត្ថកិច្ចមានការសង្ស័យ ក៏ដេញតាម ប៉ុន្តែយុវជន២នាក់នោះបានជ្រុលទៅបុកម៉ូតូបុរសម្នាក់ ដែលមកពីក្រោយ បណ្តាលឱ្យដួលម៉ូតូគរលើគ្នា ហើយបុរសនោះដួលបោកក្បាលទៅនឹងរបាំងចែកទ្រូងផ្លូវ។ ចំណែកយុវជន២នាក់នោះរងរបួសជើង ។
ប្រភពព័ត៌មានបន្តទៀតថា យុវជន២នាក់ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AV-7310 ធ្វើដំណើរតាមបណ្តោយមហាវិថីព្រះមុនីរ៉េត ក្នុងនោះមាន ១-ឈ្មោះនៅ បៀន ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៤ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ និង២-ឈ្មោះសុខ ភក្តិ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។ ចំណែកបុរសដែលត្រូវយុវជន២នាក់នេះបុកមានឈ្មោះឈិន ដេវីត អាយុ៤០ឆ្នាំ ជាជនជាតិចិន និងជាគ្រូបង្រៀននៅសាលា SPP ជិះម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1N-9270។
តាមសម្តីយុវជនឈ្មោះនៅ បៀន អាយុ១៩ឆ្នាំ បានឱ្យដឹងថា ដោយសារតែពួកគេមិនពាក់មួកសុវត្ថិភាព ទើបពេលឃើញប៉ុស្តិ៍ត្រួតពិនិត្យក៏ជិះម៉ូតូបកក្រាយ ស្រាប់តែសមត្ថកិច្ចជិះម៉ូតូតាម និងធាក់ម៉ូតូគេឱ្យដួលតែម្តង ៕
ចែករំលែកព័តមាននេះ