ខេត្តព្រះសីហនុ ៖ គោលដៅចម្បងរបស់ រាជរដ្ឋាភិបាល គឺការលើកស្ទួយ និងពង្រឹង សមត្ថភាពធនធានមនុស្សឲ្យមានជំនាញបច្ចេកទេសច្បាស់លាស់ ដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាព ស្របទៅនឹងតម្រូវការទីផ្សារពលកម្ម ឲ្យមានស្មារតីសហគ្រិនភាព គំនិតច្នៃប្រឌិត មនសិការការងារ និងស្មារតីទទួលខុសត្រូវខ្ពស់។ នេះជាប្រសាសន៍ដ៏មានអត្ថន័យរបស់ លោកអីុន វីរៈជាតិ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រី្ត និងជាសមាជិកគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ក្នុងឱកាស លោកចូលរួមបើកអង្គសិក្ខាសាលា ស្តីពីការបណ្តុះបណ្តាលមន្រ្តីវាយតម្លៃគុណភាពអប់រំថ្នាក់ឧត្តមសិក្សា នៅសណ្ឋាគារឆ្នេរថ្មី ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៩ សីហា មានរយៈពេល៣ថ្ងៃ។
ក្នុងអង្គសិក្ខាសាលានេះដែរមានការអញ្ជើញចូលរួមជាអធិបតីផងដែរ ពីសំណាក់លោកសាន មន្តិយ៉ា អគ្គលេខាធិការនៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា លោកសំ សំអាត អភិបាលរងខេត្តព្រះសីហនុ និងមានការចូលរួមពីអស់លោក លោកស្រីដែលជាសិក្ខាកាមចំនួន១១៥នាក់ មកពីបណ្តាសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចសហការជាមួយធនាគារពិភពលោក។
លោកសាន មន្តិយ៉ា អគ្គលេខាធិការនៃគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជាថ្នាក់ឧត្តមសិក្សា បានឡើងធ្វើបទបង្ហាញ និងគោលបំណងដែលបង្កើតអង្គសិក្ខាសាលានាថ្ងៃនេះ ដោយបានសង្កត់ធ្ងន់ថា អនុវត្តតាមស្មារតីព្រះរាជក្រឹត្យលេខនស/រកត/០៣០៣/១២៩ ចុះថ្ងៃទី៣១ មីនា ឆ្នាំ២០០៣ ស្តីពីការទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក) បានចេញសេចក្តីសម្រេចលេខ ០២/០៩/ គ.ទ.ក សសរ ចុះថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០០៩ ស្តីពីស្តង់ដាគុណភាពអប្បបរមាសម្រាប់ផ្តល់ការទទួលស្គាល់គុណភាពអប់រំលើគ្រឹះស្ថានឧត្តមសិក្សា និងលើកកម្ពស់គុណភាពអប់រំឧត្តមសិក្សានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
ថ្លែងក្នុងឱកាសនោះដែរ លោកអីុន វីរៈជាតិ បានមានប្រសាសន៍ថា អង្គសិក្ខាសាលាបណ្តុះបណ្តាលនាថ្ងៃនេះ គឺដើម្បីឱ្យមន្រ្តីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សារបស់ គ.ទ.ក បានយល់ដឹងពីគោលការណ៍នីតិវិធី និងវិធីសាស្រ្តវាយតម្លៃគុណភាពលើគ្រឹះស្ថានឧត្តមសិក្សាដែលជាគោលដៅធានាគុណភាពអប់រំរបស់ គ.ទ.ក។ លោកបន្តថា លទ្ធផលការងារទាំងឡាយដែល គ.ទ.ក ទទួលបាន គឺដោយសារមានការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ពីលោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដោយមានការគាំទ្រពីសមាជិក គ.ទ.ក ។ ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរបស់អគ្គលេខាធិការដ្ឋាន គ.ទ.ក ទាំងមូល ជាពិសេសការចូលរួមនិងការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់មន្ត្រីវាយតម្លៃគុណភាពអប់រំឧត្តមសិក្សា ក្នុងការសម្រេចគោលដៅរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋដែលចង់បានការអប់រំកម្រិតឧត្តមសិក្សាមួយប្រកបដោយគុណភាពខ្ពស់។
លោកសំ សំអាត អភិបាលរងខេត្តព្រះសីហនុ បានសម្ដែងទស្សនៈថា តាមរយៈអង្គសិក្ខាសាលានេះ លោកសង្ឃឹមថា មន្ត្រីវាយតម្លៃគុណភាពអប់រំនៃកម្ពុជាទាំងអស់ នឹងយកចំណេះដឹងទាំងឡាយដែលទទួលបាននាពេលនេះ ទៅប្រើប្រាស់ក្នុងការវាយតម្លៃលើគ្រឹះស្ថានឧត្តមសិក្សា ដើម្បីផ្តល់ការទទួលស្គាល់គុណភាពអប់រំប្រកបដោយប្រសិទ្ធភាព តម្លាភាព និងភាពជឿទុកចិត្តបាន៕
ចែករំលែកព័តមាននេះ