ខេត្តកំពង់ធំ ៖ មុខសញ្ញាផ្ដើមគំនិតចែកចាយជួញដូរគ្រឿងញៀនដ៏សំខាន់ម្នាក់ក្នុងចំណោមបក្សពួកមួយចំនួនដែលសមត្ថកិច្ចឃាត់ខ្លួនរួចហើយនោះ ត្រូវឃាត់ខ្លួនតាមដីការបស់តុលាការកាលពីថ្ងៃទី២៦ សីហា បន្ទាប់ពីគេបង្ហាញខ្លួន នៅក្នុងទឹកដីខេត្តកំពង់ធំជាថ្មី ក្នុងផ្ទះជួលមួយនៅភូមិទី៣ ឃុំកំពង់ធំ ក្រុងស្ទឹងសែន។
នគរបាលប្រឆាំងគ្រឿងញៀនឱ្យដឹងថា តាមអំណាចដីកាបង្គាប់ឱ្យនាំខ្លួនថ្ងៃទី១០ ឧសភា ២០១១ របស់លោកចៅក្រមស៊ើបសួរ ខៀវ សន បានចោទប្រកាន់ឈ្មោះវ៉ន សុភ័ត្រា ហៅយក្ស អាយុ២៤ឆ្នាំ ទីលំនៅមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងខេត្តកំពង់ធំ ពីបទផ្ដើមគំនិតចែកចាយជួញដូរគ្រឿងញៀន។ ដោយមានដីកាក្នុងដៃស្រាប់ ទើបថ្ងៃដែលអាយក្សចូលមកស្នាក់នៅក្នុងផ្ទះជួល នគរបាលក៏សុំបញ្ជាពីលោកឧត្តមសេនីយ៍ត្រីផាន់ សុផេង ស្នងការខេត្តឃាត់ខ្លួនតែម្ដង។
នគរបាលបន្តថា អាយក្សគឺជាមុខសញ្ញាផ្ដើមគំនិតចែកចាយគ្រឿងញៀនដ៏សំខាន់ម្នាក់ ដែលធ្លាប់ចែកចាយថ្នាំញៀនក្នុងខេត្តកំពង់ធំ ប៉ុន្តែជននេះមានល្បិចកលខ្ពស់និងបានរត់គេចខ្លួនរហូត។ ចំណែកបក្សពួករបស់គេជាច្រើន នាក់ ត្រូវសមត្ថកិច្ចនគរបាលក្រុងស្ទឹងសែន សហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំ ចាប់ខ្លួនជាបន្តបន្ទាប់ ។
នៅចំពោះមុខសមត្ថកិច្ចវ៉ន សុភត្រា ហៅអាយក្សយំស្រែកក្រាបលូនដើម្បីសុំយករួចខ្លួន ប៉ុន្តែល្បិចនេះវាសាបណាស់សម្រាប់នគរបាល ដែលដឹងពីពុតត្បុតរបស់គេ។ នៅថ្ងៃទី២៧ សីហា អាយក្សត្រូវបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត៕
ចែករំលែកព័តមាននេះ