រាជធានីភ្នំពេញ ៖ អ្នកស្រាវជ្រាវបានរកឃើញថា ប្រទេសអង់គ្លេសបានបោះពុម្ពវចនានុក្រមដំបូងនៅឆ្នាំ១៦០៤ ចំណែកនៅប្រទេសកម្ពុជាវិញសៀវភៅវចនានុក្រមខ្មែរបោះពុម្ពឡើងតាមព្រះរាជប្រកាសលេខ៦៧ ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ១៩១៥ ហើយនៅឆ្នាំ១៩៣៨ វចនានុក្រមខ្មែរបានលេចចេញជារូបរាងឡើង។
ចាប់តាំងពីបោះពុម្ពគ្រាទី១ដល់គ្រាទី៣ វចនានុក្រមនេះខ្វះមេពាក្យមួយចំនួនដែលមិនទាន់បានបញ្ចូល និងមានភ្លាំងភ្លាត់ខ្លះៗដែលមិនទាន់បានកែប្រែ។ នៅឆ្នាំ១៩៦២ សៀវភៅវចនានុក្រមខ្មែរបានបោះពុម្ពជាលើកទី៤ ហើយមានថែមមេពាក្យ និងកែមេពាក្យខ្លះដែលកាលបោះពុម្ពលើកទី១ដល់លើកទី៣មិនទាន់បានកែ ហើយដល់ឆ្នាំ១៩៦៧ សៀវភៅវចនានុក្រមត្រូវបានបោះពុម្ពគ្រាទី៥ដែលការបោះពុម្ពគ្រាទី១ដល់គ្រាទី៥នេះ ធ្វើឱ្យសៀវភៅវចនានុក្រមខ្មែរមាន២ភាគ។ លុះដល់ឆ្នាំ១៩៨៩ វចនានុក្រមខ្មែរទាំងពីរភាគត្រូវបានគេរៀបរៀងបញ្ចូលគ្នាជាមួយក្បាលក្រោមជំនួយថវិកាពីប្រជាជនជប៉ុន ហើយដល់ឆ្នាំ២០០៥ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានធ្វើការបោះពុម្ពផ្សាយវចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែរ។ នៅក្នុងការធ្វើវចនានុក្រមនេះ អ្នកធ្វើវចនានុក្រមជាដំបូងត្រូវធ្វើការសម្រេចចិត្ត២ គឺទី១ ការជ្រើសរើស ឬកំណត់យកអក្ខរាវិរុទ្ធនៃ ពាក្យណាមួយជាផ្លូវការ, ទី២ ការសម្រេចចិត្តយកសំឡេងអានមួយជាផ្លូវការ បន្ទាប់មកទើបគិតថា តើវចនានុក្រមនេះត្រូវរៀបតាមលំដាប់អក្ខរក្រម ឬលំដាប់សូរ។
សរុបសេចក្តីមក ការធ្វើវចនានុក្រម គឺមានប្រវត្តិយូរលង់ណាស់មកហើយ។ របៀបតាក់តែងធ្វើវចនានុក្រមមានការវិវត្តជាហូរហែរហូតមកទល់នឹងបច្ចុប្បន្នការវិវត្តនេះបានធ្វើឱ្យវចនានុក្រមមានច្រើនប្រភេទ និងទាមទារឱ្យអ្នកនិពន្ធមានការប្រុងប្រយ័ត្នខ្ពស់ចំពោះវិធីសាស្ត្រនៃការរៀបរៀងដែលទាមទារឱ្យមានលក្ខណៈវិទ្យាសាស្ត្រផងដែរ។ ទាំងនេះ ត្រូវបានគេលើកឡើងនៅក្នុងសិក្ខាសាលាមួយស្តីអំពីវិធីសាស្ត្រ និងបទពិសោធន៍ធ្វើវចនានុក្រមដែលរៀបចំធ្វើឡើងដោយវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាកាលពីថ្ងៃទី៣០ សីហា ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
លោកជំទាវខ្លូត ធីតា បានថ្លែងថា វិទ្យាស្ថានភាសាជាតិជាវិទ្យាស្ថានមួយក្នុងចំណោមវិទ្យាស្ថានទាំង៦នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលមានបេសកកម្មសិក្សាស្រាវជ្រាវ អភិរក្ស និងអភិវឌ្ឍភាសាជាតិ ដើម្បីស្វែងរកការឯកភាពខាងភាសាជូនសង្គមជាតិ។ តាមរយៈបេសកកម្មនេះ និងផ្តើមចេញពីការខិតខំប្រឹងប្រែងដោយឥតខ្លាចនឿយហត់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ខ្លួន វិទ្យាស្ថានបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនគួរជាទីមោទនៈ ហើយជាក់ស្តែងបច្ចុប្បន្នវិទ្យាស្ថានភាសាជាតិកំពុងបន្តធ្វើវចនានុក្រមខ្មែរពិស្តារថែមទៀត។
លោកជំទាវបញ្ជាក់ថា បច្ចុប្បន្ននេះក្រៅពីវចនានុក្រមអក្ខរាវិរុទ្ធនៃភាសាខ្មែររបស់វិទ្យាស្ថានភាសាជាតិ យើងមានតែវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត តែ ប៉ុណ្ណោះ ដែលគណៈកម្មាធិការជាតិភាសាខ្មែរបានអនុម័តឱ្យប្រើជាផ្លូវការដើម្បីឱ្យបានឯកភាពគ្នា។ វាជាការពិតណាស់ថា ការធ្វើវចនានុក្រមនីមួយៗទាមទារត្រូវឱ្យមានក្បួនខ្នាត វិធីសាស្ត្រ និងគោលការណ៍មួយត្រឹមត្រូវ និងច្បាស់លាស់។ ដូចនេះខ្ញុំសង្ឃឹមថា សិក្ខាសាលានាថ្ងៃនេះវាគ្មិនរបស់យើងនឹងបង្ហាញពីចំណេះដឹង បទពិសោធន៍ គោលការណ៍ និងពិភាក្សាគ្នាអំពីការលំបាកនានាក្នុងពេលធ្វើវចនានុក្រម ដើម្បីចូលរួមចំណែកពង្រឹងចំណេះដឹង និងសមត្ថភាព ព្រមទាំងផ្តល់បទពិសោធន៍ថ្មីៗសម្រាប់ធ្វើវចនានុក្រមដល់អង្គសិក្ខាសាលាទាំងមូល ហើយខ្ញុំសង្ឃឹមថា លទ្ធផលដែលទទួលបានពីសិក្ខាសាលានាថ្ងៃនេះពិតជារួមចំណែកយ៉ាងសំខាន់ក្នុងការបង្ហាញនូវបទពិសោធន៍ថ្មីៗ និងរកឃើញនូវវិធីសាស្ត្រល្អៗក្នុងការធ្វើវចនានុក្រម ព្រមទាំងអាចស្វែងរកគន្លឹះសំខាន់ៗដើម្បីដោះស្រាយបញ្ហាលំបាកទាំងឡាយដែលអ្នកធ្វើវចនានុក្រមបានជួបប្រទះកន្លងមក ៕
ចែករំលែកព័តមាននេះ