រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋនៅភូមិភ្នំពេញថ្មី ក្រុម២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បាននាំគ្នាឡោមព័ទ្ធចាប់ចោរគាស់ផ្ទះដែលមានគ្នាចំនួន៤នាក់ តែត្រូវជនល្មើស២នាក់រត់គេចខ្លួនបាត់ នៅសល់តែចោរស្ទើរភ្លើង២នាក់។
សមត្ថកិច្ចខណ្ឌសែនសុខ បានឱ្យដឹងថា នៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៣០ សីហា ២០១១ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិភ្នំពេញថ្មី បាននាំគ្នាឡោមព័ទ្ធ និងដេញចាប់ចោរគាស់ផ្ទះ តែត្រូវគេចខ្លួន២នាក់ នៅសល់២នាក់ ដែលកំពុងអូសរទេះដឹករបស់របរដែលលួចបាន។ ចោរស្ទើរភ្លើង២នាក់នោះមានឈ្មោះអាត សំអៀង អាយុ១៩ឆ្នាំ និងម្នាក់ទៀតឈ្មោះវ៉ាន ម៉ៅ អាយុ១៩ឆ្នាំ ជនល្មើសទាំង២នាក់នេះគ្មានមុខរបរ និងទីលំនៅពិតប្រាកដនោះទេ។
សមត្ថកិច្ចបន្តថា ចំពោះជនល្មើសដែលរត់គេចខ្លួន នៅពេលនោះកំពុងតែតាមចាប់ ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ព្រោះពួកចោរគាស់ផ្ទះទាំងអស់នោះ តែងតែធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច និងធ្វើឱ្យសមត្ថកិច្ចឈឺក្បាលថែមទៀត។
បើយោងតាមសម្តីរបស់លោកឆាយ វឌ្ឍនា ជាប្អូនប្រុសបង្កើតរបស់ម្ចាស់ផ្ទះ ដែលត្រូវចោរទាំង៤នាក់គាស់ផ្ទះនោះបានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែលមានចោរគាស់ផ្ទះទាំងថ្ងៃបែបនេះ។
នៅពេលនេះ សមត្ថកិច្ចខណ្ឌសែនសុខ កំពុងកសាងសំណុំរឿងចោរស្ទើរភ្លើងទាំង២នាក់ចូលគាស់ផ្ទះរបស់ប្រជាពលរដ្ឋ បញ្ជូនទៅតុលាការដើម្បីដាក់ទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ