ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនរសំរាមនៅមុខទីបញ្ជាការប៉េអឹមក្រុងស្ទឹងត្រែង

13 ឆ្នាំ មុន

ខេត្ត​​ស្ទឹងត្រែង​​ ៖ នៅមុខទីបញ្ជាការកង​រាជអាវុធហត្ថក្រុងស្ទឹងត្រែងកំពុង​ក្លាយជាកន្លែង​ចាក់​ សំរាមយ៉ាងអនាធិបតេយ្យ ដែលគំនរសំរាម​ទាំងនេះស្ថិត​ក្នុង​​ស្ថាន​​​ភាព​រ​​ប៉ាត់រប៉ាយហៀរមក​ដល់​​ ផ្លូវ​ថ្នល់​និង​បង្ក​ការ​លំបាក​​​ដល់ប្រជា​ពលរដ្ឋ​​ក្នុង​ការ​​ធ្វើដំណើរ​​ ​​ឆ្លង​កាត់​ទីនោះម្តងៗ ។

ខេត្ត​​ស្ទឹងត្រែង​​ ៖ នៅមុខទីបញ្ជាការកង​រាជអាវុធហត្ថក្រុងស្ទឹងត្រែងកំពុង​ក្លាយជាកន្លែង​ចាក់​សំរាមយ៉ាងអនាធិបតេយ្យ ដែលគំនរសំរាម​ទាំងនេះស្ថិត​ក្នុង​​ស្ថាន​​​ភាព​រ​​ប៉ាត់រប៉ាយហៀរមក​ដល់​​ផ្លូវ​ថ្នល់​និង​បង្ក​ការ​លំបាក​​​ដល់ប្រជា​ពលរដ្ឋ​​ក្នុង​ការ​​ធ្វើដំណើរ​​​​ឆ្លង​កាត់​ទីនោះម្តងៗ ។

អ្នក​​​ធ្វើ​ដំណើរ​​ដោយជិះ​ម៉ូតូតាម​​ផ្លូវ​​​នេះ​និយាយ​​​ថា  ​​ពេល​ធ្វើ​​​ដំណើរ​​ឆ្លង​កាត់​​ម្តងៗ​ដៃ​ម្ខាងកាន់ចង្កូតម៉ូតូ​ រីឯម្ខាងទៀតលើក​ខ្ទប់​ច្រមុះ ខណៈពេលធ្វើដំណើរមក​ដល់ទីបញ្ជាការកង​រាជ អាវុធ​​ហត្ថក្រុង។ ក្រុម​អ្នកដំណើរបាន​សំដែងការ​មិន​ពេញ​ចិត្ត​ពី​កាកសំណល់នៅលើទ្រូងថ្នល់​​ដែល​​ជះក្លិន​ស្អុយអសោចិ៍​មកលើពួកគាត់។ ការចាក់​សំរាមចោលយ៉ាងអនាធិបតេយ្យបែបនេះកំពុង​ធ្វើឱ្យ​ប៉ះពាល់ដល់សណ្តាប់ធ្នាប់​សាធា​រណៈ ខូច​សោភ័ណ​ភាពក្រុង បំពុលបរិស្ថាន និង​ប៉ះពាល់​​​​ដល់​សុខភាពប្រជាពលរដ្ឋ។

លោកឱ បូរិន មេបញ្ជាការកងរាជ​អាវុធ​ហត្ថ​ខេត្តបានឱ្យដឹងថា ការចាក់សំរាមចោលនៅ​មុខ​ទីបញ្ជាការ​ប៉េអឹម​រាល់ថ្ងៃនេះ ប្រាកដជាមិន​ត្រឹម​ត្រូវទេ ព្រោះវាជះក្លិន​ស្អុយ​និងបាត់សោ​ភ័ណ​​​ភាពអង្គភាពរបស់លោក។ កាលពី​ពេលថ្មីៗកន្លង​ទៅនេះនៅទីបញ្ជាការបានប្រជុំស្វែងរកដំណោះ​ស្រាយរួចហើយ គឺរកទីតាំងថ្មី​ឱ្យសាលា​ក្រុង ដែលជាអ្នកទទួលការប្រមូលកាកសំណល់តាម​ផ្ទះប្រជាពលរដ្ឋក្នុងក្រុងយកទៅចោលនៅទី​លាន​សំរាម ។ ប៉ុន្តែ​ទោះជាមានទីតាំងថ្មី​ក៏ដោយ​ក៏រថយន្តដឹកសំរាមនៅតែបន្តយកកាកសំណល់​ទាំងនោះមកចាក់នៅមុខអង្គភាពរបស់លោក​ដដែល។

ប្រជាពលរដ្ឋនិងមន្ត្រីពន្ធនាគារខេត្តដែល​ជារៀងរាល់ថ្ងៃតែង​ធ្វើដំណើរឆ្លងកាត់ទីនោះ និយាយថា ពីមុនផ្លូវមួយខ្សែនេះជាផ្លូវក្រាល​ក្រួសក្រហមធម្មតាប៉ុណ្ណោះ តែក្រោយមក​ដោយ​សារលោកឡូយ សូផាត អភិបាលខេត្ត បាន​មើល​ឃើញថា ប្រជាពលរដ្ឋក៏ដូចជាមន្ត្រី​នគរ​បាលនិងមន្ត្រី​នានាធ្វើដំណើរតាមផ្លូវមួយខ្សែ​នេះមានការលំបាកពេក ជាពិសេសនៅរដូវ​វស្សា​មានទឹកដក់ពិបាកធ្វើចរាចរ​ណ៍​ ទើប​លោក​អភិ​បាល​ខេត្តបានខ្នះខ្នែងរកថវិកាស្ថាបនាផ្លូវមួយ​ខ្សែនេះពីក្រាលក្រួសក្រហមមកជាផ្លូវក្រាល​កៅស៊ូដ៏ស្អាត​​​មួយ ។ ទីបំផុត បន្ទាប់ពីមានផ្លូវ​កៅស៊ូ បែរ​ជា​​មានកាកសំណល់​ដែល​ប្រមូល​ពីក្នុងក្រុងត្រូវ​បាន​​​គេយកមកចាក់តាំង​ពិព័រណ៍​លើថ្នល់កៅស៊ូ​មុខទីបញ្ជាការកង​រាជ​អាវុធ​ហត្ថ​នេះតែម្តង​ ​ធ្វើ​ឱ្យប្រជាពល​រដ្ឋ​មាន​ការ​លំបាក ព្រោះ​ពេលធ្វើដំណើរឆ្លងកាត់ម្តងៗតែងតែទទួល​ក្លិនស្អុយជា​ប្រចាំ ។ ចំណែកផ្លូវក៏មាន​សភាព​តូច​ចង្អៀត​ដោយសារសំរាមហៀររាយប៉ាយ​ពេញ​ថ្នល់ ។

លោក ផឹក សុបិន អភិបាលក្រុងស្ទឹងត្រែង​បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី៣០ សីហា ថា ចំពោះសំរាមដែលប្រមូលពីក្នុងក្រុងទៅចាក់​ចោលនៅមុខទីបញ្ជាការកង​រាជ​អាវុធហត្ថ​ក្រុងនោះ ជា​រៀងរាល់ចុងខែគេតែងតែកើប​ចេញពីផ្លូវថ្នល់​នាំយកទៅ​កាន់​ទី​លាន​ចាក់
សំរាម ។ ប៉ុន្តែដោយ​​សារ​ប៉ុន្មានថ្ងៃនេះ​គ្រឿង​ចក្រមិន​ទំនេរ ទើបធ្វើឱ្យ​មាន​ការរាំងស្ទះ​ហើយ​សំរាម​ចេះតែគរច្រើនទៅៗ ។

លោកអភិបាលក្រុងបានឱ្យដឹងបន្តថា សាលា​ក្រុងបានរកដីថ្មីរួចហើយនៅភូមិសាស្រ្ត​សង្កាត់សាមគ្គីចំណុចគីឡូម៉ែត្រ​​លេខ១០ ឱ្យ​ទៅ​អង្គការអុីប៉ាដេ ជាអង្គការដៃគូធ្វើការជីក​រណ្តៅ​​នៅដីថ្មី ហើយអង្គការនេះក៏ជាអ្នកប្រមូល​កាក​សំណល់ពីក្នុងក្រុងទៅចាក់នៅកន្លែងថ្មីដែរ។ លោកផឹក សុបិន បាននិយាយ​​ទៀត​ថា ចំពោះដី​ថ្មីសំរាប់ផ្ទុកសំរាម គឺមិនទាន់អនុវត្តនៅឡើយទេ​ព្រោះខែនេះជារដូវភ្លៀង ។​ ម្យ៉ាងទៀតគ្រឿង​ចក្រ​​មិនទំនេរ ទើបអង្គការនេះ​មិនទាន់បាន​ជីក​រណ្តៅត្រូវរង់ចាំដល់ខែប្រាំង ទើបធ្វើការជីក​រណ្តៅ ដើម្បី​​ប្រមូលសំរាមពីក្នុងក្រុងទៅចាក់​នៅ​ទីតាំងថ្មី​នោះ ។

បើតាម​​​ការ​បក​ស្រាយ​​​របស់​​​លោក​​អភិបាល​​​​ក្រុង​​​ មើល​​ទៅ​​ឃ្លាំងសំរាម​​នេះ​​ច្បាស់​ជា​​ទុក​ឱ្យ​​ប៉េអឹម​​​​ហិត​ក្លិន​​​បន្តទៀត​​​ហើយ ។  មិន​សង្ឃឹម​​​ថា  អភិបាល​​​ក្រុង​​អាច​ដោះ​​ស្រាយ​​​បាន​ឆាប់​​​ៗឡើយ៕