ខេត្តកំពង់ចាម ៖ ទូកនេសាទ១គ្រឿង ជិះ២នាក់ឪពុក និងកូន ត្រូវបានខ្យល់បោកបក់ បណ្តាលឱ្យលិចក្នុងផ្ទៃបឹងកណ្តៀង កាលពីម៉ោង៥ល្ងាចថ្ងៃទី២៨ សីហា ២០១១ ស្ថិតនៅខាងក្រោយភូមិអកទាង ឃុំតាំងក្រាំង ស្រុកបាធាយ ធ្វើឱ្យសាច់ញាតិក្រុមគ្រួសារនឹកស្មានតែស្លាប់ទាំង២នាក់បាត់ទៅហើយ តែកូនប្រុសអាយុ១០ឆ្នាំ សំណាងល្អមិនស្លាប់នោះទេ ត្រូវបានក្រុមសាច់ញាតិតាមរកឃើញ ទើរនឹងគម្ពោតព្រៃមានទឹកព័ទ្ធជុំវិញមានជម្រៅប្រហែលជិត៣ម៉ែត្រ។
បុរសឈ្មោះឌន សី អាយុ៣០ឆ្នាំ និងកូនប្រុសច្បងឈ្មោះឌន សំ អាយុ១០ឆ្នាំ រស់នៅភូមិអកទាង ឃុំខាងលើ នារសៀលថ្ងៃទី២៨ សីហា បានចេញទូកទៅរាយសន្ទូចនៅឯបឹងក្រោយភូមិ ចម្ងាយប្រហែលជា១គីឡូម៉ែត្រ សម្រាប់យកមកធ្វើជាម្ហូបអាហារដោះស្រាយជីវភាពគ្រួសារ។ គ្រានោះត្រូវបានខ្យល់បោកបក់ជាខ្លាំង ធ្វើឱ្យឃ្លីងឃ្លោង ហើយលិច ភ្លាមនោះ បុរសជាឪពុកដែលចេះហែលទឹកសុខចិត្តហែលដៃទទេ ដោយហុចបន្ទះក្តារ១សន្លឹកមកឱ្យកូន
ប្រុសតោងសម្រាប់ហែល។ ការហែលយូរទៅៗឪពុកមិនមានអ្វីតោងក៏បានអស់ដៃអស់ជើង ហែលលែងរួចលង់ទឹកលិចបាត់ក្នុងបឹង។ ក្រុមគ្រួសារ និងអ្នកជិតខាងមិនឃើញត្រឡប់មកផ្ទះវិញ ក៏បាននាំគ្នាចេញទៅតាមរកនាព្រឹកព្រលឹមថ្ងៃទី២៩ សីហា រហូតដល់ម៉ោង៩ព្រឹក ទើបប្រទះឃើញក្មេងប្រុសអាយុ១០ឆ្នាំ ដែលបានទៅជាមួយនឹងឪពុក បានរសាត់មកទើរត្រង់គម្ពោតព្រៃមួយកន្លែង ដែលនៅជុំវិញសុទ្ធតែទឹកបឹងល្ហល្ហាច។
ការរកឃើញក្មេងប្រុសនេះបានធ្វើឱ្យក្រុមគ្រួសារមានការត្រេកអរជាពន់ពេកណាស់ សើចលាយទឹកភ្នែក ប៉ុន្តែបាត់ឪពុកម្នាក់ទៀត ម្នាក់ៗចេះតែនាំគ្នាជិះទូកស្វែងរកពីកន្លែងមួយចូលទៅកន្លែងមួយ មិនបានឈប់សំរាកនោះទេ។ រហូតមកដល់ម៉ោង៧ព្រឹកថ្ងៃទី៣០ សីហា ២០១១ ស្រាប់តែបានប្រទះឃើញសពបុរសជាឪពុកឈ្មោះឌន សី កំពុងតែហើមអណ្តែនៅលើផ្ទៃទឹកបឹងកណ្តៀង ហើយបានស្រង់ដាក់លើទូកអុំយកទៅផ្ទះរៀបចំធ្វើបុណ្យតាមប្រពៃណី ក្រោមសំឡេងទួញសោកស្រែកទ្រហោយំពីសំណាក់ស្ត្រីជាភរិយា និងកូនៗទាំង២នាក់ ៕
ចែករំលែកព័តមាននេះ