ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំ អ.ស.ប លោកវីតាលីឈួរគីន ថ្លែងកាលពីថ្ងៃទី២៩ សីហា ថា រុស្ស៊ី ប្រឆាំងចំពោះគម្រោងដំណោះស្រាយមួយដាក់ដោយបណ្តាប្រទេសលោកខាងលិចជូនក្រុម ប្រឹក្សាសន្តិសុខអ.ស.ប ដើម្បីថ្កោលទោសស៊ីរី។
តាមទូរទស្សន៍រុស្ស៊ីលោកឈួរ គីន មានប្រសាសន៍ថា គម្រោងដំណោះស្រាយស្តីពីស៊ីរី ពិតជាលំអៀង ហើយសំដៅតែធ្វើការគាបសង្កត់មកលើអាជ្ញាធរស៊ីរីតែប៉ុណ្ណោះ ។ យើងមានការបារម្ភថា គម្រោងដំណោះស្រាយនេះនឹងជំរុញឱ្យកងកម្លាំងរ៉ាឌីកាល់នៃក្រុមប្រឆាំងស៊ីរី ធ្វើប្រតិបត្តិការកាន់តែសកម្ម ដើម្បីផ្តួលរំលំរដ្ឋាភិបាល ។ អាស្រ័យហេតុនេះហើយ បានជាយើងមិនទទួលយកទិសដៅទាំងឡាយរបស់បណ្តាសហសេវិកលោកខាងលិចរបស់យើងដែលជំរុញឱ្យមានដំណោះស្រាយនេះ ។
លោកគូសបញ្ជាក់ថា គម្រោងដំណោះស្រាយនោះពុំមានចែងពាក្យណាមួយអំពីការចរចានយោបាយរវាងពួកប្រឆាំងនឹងរដ្ឋាភិបាលឡើយ ។ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប មិនត្រូវធ្វើមិនដឹងមិនឮចំពោះរឿងនេះទេ ហើយពួកគេត្រូវធ្វើសកម្មភាពក្នុងន័យវិជ្ជមានមួយ។
ប្រធានាធិបតីរុស្ស៊ីលោកឌីមីទ្រី ម៉េដវេដេវ បានអំពាវនាវកាលពីថ្ងៃទី២៩ សីហា ក្នុងសារមួយផ្ញើជូនសមភាគីស៊ីរីលោកបាចាអាល់អាសាដឱ្យបញ្ឈប់ជាបន្ទាន់ និងទាំងស្រុងរាល់អំពើហិង្សាទាំងសងខាងនៅលីប៊ី ។ វិមានក្រឹមឡាំង គូសបញ្ជាក់ថា ពួកប្រឆាំងស៊ីរីត្រូវចូលរួមក្នុងការចរចាស្នើឡើងដោយអាជ្ញាធរដោយវាយតម្លៃថា ការចរចាគឺជាមាគ៌ាតែមួយគត់ដើម្បីស្តារឡើងវិញនូវរបៀបរៀបរយសង្គមនិងធ្វើឱ្យសម្រេចការឆ្លងកាត់មួយឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យនៅស៊ីរី ៕
ចែករំលែកព័តមាននេះ