បន្ទាប់ពីកងកម្លាំងពួកគេដណ្តើមត្រួតត្រាទីក្រុងទ្រីប៉ូលីមកពួកឧទ្ទាមលីប៊ីប្រកាសកាលពីថ្ងៃទី២៨ សីហា ថា អ្នកទោសជាង១០.០០០នាក់ដែលជាប់ឃុំឃាំងនៅក្រុងទ្រីប៉ូលីត្រូវបានដោះលែង។
អ្នកនាំពាក្យម្នាក់របស់ពួកឧទ្ទាមវរសេនីយ៍ឯកអាម៉េដ បានី ថ្លែងក្នុងឱកាសនៃសន្និសីទសារព័ត៌មានមួយថា អ្នកទោសប្រមាណជា៥០.០០០នាក់ត្រូវបាត់ខ្លួនដោយអះអាងថា នឹងជាគ្រោះមហន្តរាយមួយប្រសិនបើពួកគេត្រូវសម្លាប់រួចហើយក្រោយការចាប់ខ្លួន។ លោកគូសបញ្ជាក់ម្យ៉ាងទៀតថា បំពង់បង្ហូរប្រេងលីប៊ីឆ្ពោះទៅកាន់អឺរ៉ុបត្រូវបានជួសជុល។
ពួកឧទ្ទាមលីប៊ីពេលនេះកំពុងតែលើកទៅជិតដល់ទីក្រុង SYRTE ជាទីក្រុងកំណើតរបស់លោកកាដាហ្វីដែលទីក្រុងនោះជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលស្ថិតក្រោមការត្រួតត្រានៅឡើយរបស់កងទ័ពដែលស្មោះត្រង់នឹងលោកកាដាហ្វី។ គេនៅតែពុំទាន់ដឹងថា តើលោកកាដាហ្វីស្ថិតនៅទីណានៅ ឡើយរហូតមកទល់ពេលនេះ។ ការរុលទៅមុខរបស់ពួកឧទ្ទាមឆ្ពោះទៅកាន់ទីក្រុង SYRTE នៅតែទ្រទ្រង់ដោយការវាយប្រហារតាមអាកាសរបស់អូតង់។ ពួកបះបោរសង្ឃឹមថា នឹងដណ្តើមយកទីក្រុង SYRTE រយៈពេល១០ថ្ងៃទៀត ប្រសិនបើពួកអ្នកគាំទ្រលោកកាដាហ្វីពុំព្រមចុះចាញ់។
មេបញ្ជាការឧទ្ទាមម្នាក់និយាយថា មនុស្សរបស់ពួកគេស្ថិតនៅមិនដល់១០០គីឡូម៉ែត្រទេ ពីភាគខាងកើតទីក្រុង SYRTE ហើយនៅរណសិរ្សខាងលិចវិញពួកឧទ្ទាមស្ថិតនៅចម្ងាយត្រឹម៣០គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុងនោះ។ លោកកាដាហ្វីកើតនៅទីក្រុង SYRTE ហើយបន្ទាប់ពីរដ្ឋប្រហារឆ្នាំ១៩៦៩បានប្រែក្លាយទីក្រុងនេះជាទីក្រុងរបស់ពួកអ្នកនេសាទទៅជាមជ្ឈមណ្ឌលនៃអំណាចដ៏សំខាន់មួយ។ ទីក្រុងនេះបច្ចុប្បន្នមានប្រជាជន១០០.០០០នាក់។
ចំណែកអង្គការសិទ្ធិមនុស្ស HUMAN RIGHTS WATCH គូសបញ្ជាក់កាលពីថ្ងៃទី២៨ សីហា ថា កងទាហានរបស់លោកកាដាហ្វីអាចសម្លាប់ពួកអ្នកទោស និងពួកជនស៊ីវិលក្នុងឱកាសនៃការវាយលុករបស់ពួកឧទ្ទាមលីប៊ីដើម្បីដណ្តើមត្រួតត្រាក្រុងទ្រីប៉ូលី។ អ្នកកាសែតរ៉យទ័រម្នាក់អាចពិនិត្យឃើញការសម្លាប់រង្គាលជាសមូហភាព ដោយសាកសពមនុស្សជាច្រើននាក់ដែលនៅរាយប៉ាយតាមដងវិថីទាំងឡាយក្នុងក្រុងទ្រីប៉ូលីសុទ្ធតែត្រូវជាប់ចំណង ៕
ចែករំលែកព័តមាននេះ