មនុស្ស២នាក់ស្លាប់កាលពីថ្ងៃទី២៧ សីហា នៅរដ្ឋវៀជីនៀ ធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារព្យុះសង្ឃរាឈ្មោះអ៊ីរ៉ែន (IRENE) ដែលបោកបក់កាលពីថ្ងៃទី២៧ សីហា លើតំបន់ឆ្នេរសមុទ្រភាគខាងកើតអាមេរិក ឡើងដល់៩នាក់ហើយ។ព្យុះនេះមានកម្លាំងខ្យល់យ៉ាងខ្លាំងអមដោយភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបង្កឱ្យមានទឹកជំនន់។
មនុស្សម្នាក់ស្លាប់ក្នុងទីក្រុង BRUN-SWICK ពេលដើមឈើមួយដើមរលំសង្កត់ រថយន្តរបស់គេពេលមានខ្យល់ និងភ្លៀងខ្លាំង។ កុមារអាយុ១១ឆ្នាំម្នាក់បានស្លាប់មុននេះបន្តិច នៅរដ្ឋវៀជីនៀដែរ ខណៈពេលដើមឈើមួយដើមរលំលើផ្ទះរបស់គេ។ កុមារនេះ និងម្តាយរបស់គេស្ថិតក្នុងផ្ទះ ពេលដើមឈើធំរលំលើផ្ទះ។ កុមារនេះស្លាប់នៅនឹងកន្លែង តែម្តាយរបស់គេគេចផុតពីគ្រោះថ្នាក់។ ព្យុះអ៊ីរ៉ែនដែលកាលពីព្រឹកថ្ងៃទី២៧ សីហា វាយប្រហារលើរដ្ឋកាឡូរីនខាងជើង បណ្តាលឱ្យស្លាប់មនុស្ស២នាក់ បានបង្កឱ្យមានទឹកជំនន់ និងការដាច់ភ្លើង ទោះបីជាវាបានចុះថយកម្លាំងមកជាព្យុះសង្ឃរាប្រភេទទី១វិញក្តី។
បណ្តាអ្នកទទួលខុសត្រូវរបស់រដ្ឋាភិបាលសហព័ន្ធបានព្រមានកាលពីថ្ងៃទី២៧ សីហា ថា ព្យុះអ៊ីរ៉ែននៅតែគ្រោះថ្នាក់ដោយស្នើដល់ប្រជាជននៅតាមតំបន់ឆ្នេរសមុទ្រខាងកើតឱ្យប្រុងប្រយ័ត្ន។ ព្យុះអារ៉ែនញ៉ាំងឱ្យមនុស្សប្រមាណជា១លាននាក់គ្មានអគ្គិសនីប្រើប្រាស់នៅរដ្ឋការ៉ូលីន ខាងជើងនិងរដ្ឋវៀជីនៀ។ ព្យុះនេះបានបោកបក់លើក្រុងញូវយ៉ក កាលពីយប់ថ្ងៃទី២៧ សីហា ញ៉ាំងឱ្យមានការជម្លៀសមនុស្សចេញយ៉ាងតិច១,៥លាននាក់៕
ចែករំលែកព័តមាននេះ