ទីភ្នាក់ងារព័ត៌មានផ្លូវការអេហ្ស៊ីប MENA រាយការណ៍កាលពីថ្ងៃទី២៧ សីហា ថា រថយន្ត៦គ្រឿងសង្ស័យថា ដឹកលោកកាដាហ្វី ពួកកូនប្រុស និងអ្នកទទួលខុសត្រូវលីប៊ីសំខាន់ៗបានឆ្លងកាត់ព្រំដែនអាល់ហ្សេរី-លីប៊ីកាលពីថ្ងៃទី២៦ សីហា កន្លងមកនេះ។
យោងតាមប្រភពព័ត៌មានយោធាលីប៊ីថា រថយន្តមែរសឺដេសពាសដែក៦គ្រឿងបានចាកចេញពីលីប៊ីទៅកាន់អាល់ហ្សេរីឆ្លងកាត់ព្រំដែនដោយគ្មានការដេញតាមរបស់ពួកឧទ្ទាមឡើយ ចំណែកឯរថយន្តទាំងនោះសុទ្ធតែបំពាក់អាវុធគ្រប់គ្រាន់។ ប្រភពទាំងនោះគូសបញ្ជាក់ថា រថយន្តទាំងនោះអាចដឹកបណ្តាអ្នកទទួលខុសត្រូវលីប៊ី ក្នុងនោះមានទាំងលោកមូអាម៉ា កាដាហ្វី ព្រមទាំងពួកកូនប្រុសលោកផង។
ក្រោយពីប្រកាសកាលពីព្រឹកថ្ងៃទី២៧ សីហា ថា បានវាយបណ្តេញកងកម្លាំងចុងក្រោយទាំងឡាយដែលនៅស្មោះត្រង់នឹងលោកកាដាហ្វីចេញអស់ពីទីក្រុងទ្រីប៉ូលីមក ពួកឧទ្ទាមបានធ្វើការវាយប្រហារដើម្បីដណ្តើមត្រួតត្រាផ្លូវថ្នល់ដែលភ្ជាប់រដ្ឋធានីលីប៊ីទៅកាន់ព្រំដែនទុយនីស៊ី ដោយធ្វើការចរចាពីការចុះចូលរបស់កងកម្លាំងសត្រូវក្នុងទីក្រុង SYRTE ជាទីក្រុងកំណើតរបស់លោកកាដាហ្វី។
ក្រោយការប្រយុទ្ធគ្នារយៈពេល៨យប់មក ប្រជាជនក្រុង QASR BEN GHACHIR (២០គីឡូម៉ែត្រខាងត្បូងក្រុងទ្រីប៉ូលី)បានប្រារព្ធការរំដោះទីក្រុងរបស់ពួកគេដោយបាញ់ឡើងលើ និងដោយនាំគ្នាជាន់ឈ្លីរូបរបស់លោកកាដាហ្វីដែលនៅតែរកពុំទាន់ឃើញ។
នៅភាគខាងលិចប្រទេសកងកម្លាំងឧទ្ទាម ដែលមុននេះវាយដណ្តើមយកប៉ុស្តិ៍ព្រំដែន RAS JEDIR ជាចំណុចឆ្លងកាត់សំខាន់រវាងលីប៊ី និងទុយនីស៊ីបានបន្តការប្រយុទ្ធនាថ្ងៃទី២៧ សីហា ដើម្បីរក្សាសន្តិសុខតាមផ្លូវថ្នល់រវាងព្រំដែន និងក្រុងទ្រីប៉ូលី។ នៅភាគខាងកើតប្រទេសវិញពួកឧទ្ទាមនិយាយថា បានចរចាជាមួយកងទ័ពដែលនៅស្មោះត្រង់នឹងលោកកាដាហ្វីនៅទីក្រុង SYRTE ដើម្បីឱ្យមានការចុះចូលដោយសន្តិវិធីចៀសវាងការបង្ហូរឈាម។ ក៏ប៉ុន្តែពួកកុលសម្ព័ន្ធគាំទ្រលោកកាដាហ្វីតាមព័ត៌មានថា នៅបដិសេធពុំព្រមចុះចូលដែលនាំឱ្យគេសង្ស័យថា ពួកនោះអាចប្រើអវុធគីមី ឬមីស៊ីលបាញ់បានឆ្ងាយទាំងឡាយ ៕
ចែករំលែកព័តមាននេះ