ខេត្តកំពង់ឆ្នាំង ៖ ប៉ូលិសការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្ត បានចុះបង្ក្រាបផ្ទះបនស្រីដុះស្លែជាយក្រុងមួយកន្លែង កាលពីវេលាម៉ោង៧និង៤៨នាទីយប់ថ្ងៃទី២៥ សីហា។ ផ្ទះបនស្រីឈ្មោះហាងទន្លេសាបនោះ ស្ថិតនៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដោយរំដោះនារីរកស៊ីផ្លូវភេទបាន៣នាក់ និងចាប់ថៅកែបនពីរនាក់ប្តីប្រពន្ធយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ ។
លោកកេត យ៉ុង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តបាននិយាយឱ្យដឹងថា ដោយទទួលបានព័ត៌មានថា ហាងទន្លេសាបដែលជាហាងលក់ភេសជ្ជៈមានអំពើសញ្ចារកម្មក្នុងហាង លោកស្នងការនគរបាលខេត្តបានបញ្ជាឱ្យលោកចុះស្រាវជ្រាវដោយដាក់កម្លាំងបង្កប់ ហើយបានទទួលព័ត៌មានពិតប្រាកដមែន ក៏បានរាយការណ៍ជូនលោកស្នងការ និងបានឆ្លងយោបល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបនៅយប់ថ្ងៃទី២៥ សីហា ក៏បានចុះចាប់ខ្លួនម្ចាស់ហាងពេលកំពុងបើកបម្រើផ្លូវភេទជាក់ស្តែង។ ចំណែកស្រីៗបម្រើផ្លូវភេទចំនួន៣នាក់ ត្រូវបានអប់រំណែនាំឱ្យត្រឡប់ទៅផ្ទះវិញ ។លោកបានបន្តថា ហាងទន្លេសាបនេះមានម្ចាស់ឈ្មោះថាន ប៊ុនធឿន អាយុ៤៨ឆ្នាំ និងប្រពន្ធជាជនជាតិវៀតណាមឈ្មោះង្វៀង ធីទៀត អាយុ៤៩ឆ្នាំ ។ លោកនាយការិយាល័យរូបនោះបញ្ជាក់ថា ម្ចាស់ហាងពីរនាក់ប្តីប្រពន្ធត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដោយចោទប្រកាន់ពីបទធ្វើសញ្ចារកម្មតាមមាត្រា២៦ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មលើផ្លូវភេទ ។
គួរបញ្ជាក់ថា ហាងលក់ភេសជ្ជៈនេះកើតឡើងជាយូរឆ្នាំណាស់មកហើយតាំងពីសម័យអ៊ុនតាក់មកម៉្លេះ ប៉ុន្តែដូរថៅកែបន្តបន្ទាប់ច្រើនគ្នា មិនមែនជាហាងធំដុំពេកទេ គឺលួចលាក់គ្រាន់ចិញ្ចឹមឆ្នាំងប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ