ទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ារាយការណ៍ថា ពួកឧទ្ទាមលីប៊ីបានឡោមព័ទ្ធប្លុកអគារស្នាក់នៅមួយស្ថិតនៅក្បែរប្លុកអគារយោធារបស់លោកមូអាម៉ា កាដាហ្វី នាទីក្រុងទ្រីប៉ូលីដោយសង្ស័យថា លោកកាដាហ្វីអាចលាក់ខ្លួននៅក្នុងនោះ។ យោងតាមទូរទស្សន៍នោះថា ពួកឧទ្ទាមប៉ុនប៉ងចូលទៅកាន់ប្លុកអគារនេះ ក៏ប៉ុន្តែត្រូវជួបប្រទះនឹងការបាញ់ប្រហាររបស់កងកម្លាំងស្មោះត្រង់នឹងលោកកាដាហ្វីដែលពួនស្ទាក់វាយប្រហារ។
វាសនារបស់លោកកាដាហ្វី និងពួកកូនៗនៅតែពុំទាន់ដឹងចាប់តាំងពីពួកឧទ្ទាមលុកចូលកាន់កាប់បន្ទាយ BAB AL AZIZIYA ក្រោយការប្រយុទ្ធគ្នាយ៉ាងតឹងតែងរយៈពេលពេញមួយថ្ងៃមក។ ពួកឧទ្ទាមលីប៊ីបានប្រកាសកាលពីថ្ងៃទី២៥ សីហា ពីការផ្ទេរគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនពីទីក្រុងេបនហ្គាហ្ស៊ីមកកាន់រដ្ឋធានីទ្រីប៉ូលី។
ទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ាបានដកស្រង់សំដីរបស់អ្នកទទួលខុសត្រូវជាន់ខ្ពស់ម្នាក់របស់ក្រុមប្រឹក្សាជាតិបណ្តោះអាសន្នលីប៊ីដែលថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា ក្រុមប្រឹក្សានោះបានផ្ទេរការងាររបស់គណៈកម្មាធិការប្រតិបត្តិមកកាន់ទីក្រុងទ្រីប៉ូលី។ អ្នកទទួលខុសត្រូវរូបនេះអះអាងថា ក្រុងទ្រីប៉ូលីនៅតែជារដ្ឋធានីរបស់លីប៊ី ហើយបានស្នើដល់ប៉ូលិសឱ្យធ្វើការឡើងវិញ និងស្តាររបៀបរៀបរយក្នុងទីក្រុង។
ចំណែកក្រុមប្រឹក្សាសន្តិសុខអ.ស.ប វិញបានយល់ព្រមកាលពីថ្ងៃទី២៥ សីហា បញ្ចេញប្រាក់១.៥០០លានដុល្លារជាទ្រព្យសម្បត្តិរបស់លីប៊ីដែលផ្អឹបទុកនៅឯបរទេស។ កិច្ចព្រមព្រៀងនោះរបស់អ.ស.បកើតមានបន្ទាប់ពីកិច្ចព្រមព្រៀងមួយរវាងអាហ្វ្រិកខាងត្បូង និងសហរដ្ឋអាមេរិក៕
ចែករំលែកព័តមាននេះ