សត្វឆ្មាព្រៃឈ្មោលមួយក្បាល ដោយសារតែរត់គេចខ្លួនពីក្រញាំតោ ក៏ឡើងទៅលើកំពូលដើមដំបងយក្សដែលមានកម្ពស់១៥,២៤ម៉ែត្រ ហើយជាប់នៅទីនោះអស់រយៈពេលជាង៦ម៉ោង។ ដោយឡែកសត្វតោវិញ ពុំអាចធ្វើអ្វីឆ្មានោះបានឡើយ គឺបានត្រឹមតែដើរក្រឡឹងជុំវិញគល់ និងសម្លឹងមើលលើ ហើយស្រែកគ្រហឹម ប្រហែលពីរទៅបីនាទី ក៏ដើរចេញទៅកាន់អាណាចក្ររបស់វាវិញទៅ ។
លោក Curt Fonger អាយុ៦៩ឆ្នាំ ជាអ្នកថតរូប និយាយថា នៅវេលាម៉ោង៧ព្រឹក មិត្តរបស់គាត់បានទូរស័ព្ទមកថា មានសត្វតោមួយក្បាលកំពុងដេញចាប់សត្វឆ្មា ដោយសារតែឆ្មានោះចូលទៅដែនដី ដែលគ្រួសាររបស់វាកំពុងមានកូនតូចៗរស់នៅ ហើយវាការពារមិនឱ្យមានសត្វណាទៅក្បែរទេ ។
លោក Curt Fonger និយាយថា ពេលលោកទៅដល់ឃើញឆ្មានោះកំពុងនៅលើដើមដំបងយក្ស ហើយលោកឆ្ងល់ក្នុងចិត្តថា តើវារត់ឡើងដោយរបៀបណារួច បើបន្លាដើមដំបងយក្សនោះមានប្រវែងដល់ទៅ២អ៊ីញឯណោះ។ ក្រោយមកលោកឃើញឆ្មានោះសម្លឹងមើលក្រោមដើមដំបងយក្ស ហើយចុះមកសន្សឹមៗ រួចរត់ទៅចូលព្រៃបាត់។ រូបលោកបានទៅពិនិត្យមើលពុំឃើញមានជាប់រោមឬឈាមរបស់ឆ្មានៅលើដើមដំបងយក្សឡើយ។
លោក Curt បញ្ជាក់ថា ដើមដំបងយក្សនោះជាពូជកម្របំផុតដែលដុះនៅតំបន់វាលខ្សាច់ អារីហ្សូន គឺគ្រាប់វាចំនួន១០០គ្រាប់ អាចដុះពន្លកបានតែមួយឬពីរប៉ុណ្ណោះ ហើយរយៈពេល១០ឆ្នាំ ទើបលូតបានប្រវែង១អ៊ីញ ។ ដើមដំបងយក្សមួយនោះ យ៉ាងហោចណាស់ក៏មានអាយុជាង ៣០០ឆ្នាំដែរ ទើបមានកម្ពស់ដល់ទៅ១៥,២៤ម៉ែត្របែបនេះ ៕
ចែករំលែកព័តមាននេះ