ខេត្តកំពង់ឆ្នាំង ៖ លោកសេង សុវណ្ណារិទ្ធ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង និងលោកកង ចាន់ដារិន នាយសង្កាត់រដ្ឋបាលចុងកោះកាលពីថ្ងៃទី២៤ សីហា បានដឹកនាំមន្ត្រីជលផលជាង១០នាក់ប្រើប្រាស់កាណូត២គ្រឿងចេញបង្ក្រាបបទល្មើសនេសាទក្នុងរដូវហាមឃាត់នៅចំណុចទួលអំពិល ស្ថិតក្នុងភូមិសាស្ត្រផ្សារឆ្នាំង។
លោកនាយផ្នែករដ្ឋបាលជលផលរូបនោះបាននិយាយថា ការបង្ក្រាបមានរយៈពេល១ថ្ងៃពេញ គឺបង្ក្រាបបានរបាំងស្បៃមុងចំនួន២៥កន្លែង ស្មើនឹង៧៨០ម៉ែត្រ លូស្បៃមុងបានចំនួន២៣មាត់ បង្គោលចំនួន៥៤ដើម ចាក់កូនត្រីដែលជាប់ក្នុងឧបករណ៍ទាំងនោះចូលទន្លេវិញប្រមាណ៣៥គីឡូក្រាម ។ លោកបន្តថា រដូវនេះគឺជារដូវហាមឃាត់ ប៉ុន្តែជនល្មើសនៅតែលបលួចធ្វើសកម្មភាពដដែល ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ដោយមានការណែនាំពីលោកសេង ប៊ុនឈឿន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ទទួលបន្ទុករួម និងលោកហុង ហ៊ី នាយអធិការដ្ឋានជលផលខាងត្បូងបឹងទន្លេសាប ទើបលោកចុះបង្ក្រាបយ៉ាងសកម្មដូចភ្លៀងរលឹមធ្វើឱ្យបទល្មើសប្រើលូស្បៃមុងបំផ្លាញមច្ឆជាតិតូចធំគ្មានសល់ឡើយ ។ ឧបករណ៍ទាំងនោះក្រោយពីរឹបអូសយកមកលើគោក ក៏ត្រូវបានដុតបំផ្លាញចោលផងដែរ៕
ចែករំលែកព័តមាននេះ