រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ពេលថ្មីៗនេះ បន្ទាប់ពីលោកអ៊ុច សុខុន អធិការនគរបាលខណ្ឌចំការមនត្រឡប់មកពីបំពេញវគ្គសិក្សារយៈពេល៣ខែ នៅប្រទេសវៀតណាមវិញ ក្រុមអ្នករកស៊ីបើកវង់ល្បែងស៊ីសងវង់ធំៗ បានរំកិលខ្លួនចូលមករកស៊ីនៅក្នុងភូមិសាស្ត្រខណ្ឌចំការមនច្រើនកន្លែងផ្គើន និងគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ដែលមន្ត្រីខ្លះខិតខំប្រយុទ្ធប្រឆាំងសឹងស្លាប់ទៅហើយ។
ជុំវិញភាពមិនប្រក្រតីនៃវង់ល្បែងស៊ីសងខាងលើនេះ បើតាមសេចក្តីរាយការណ៍ពីសមត្ថកិច្ចនគរបាលមូលដ្ឋានសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ក្នុងខណ្ឌចំការមនមានបនល្បែងស៊ីសង២វង់ធំៗ ដែលមេវង់មួយកន្លែងមានទីតាំងនៅក្នុងភូមិសាស្ត្រសង្កាត់ផ្សារដើមថ្កូវមានឈ្មោះចែមួយ និងមេវង់មួយកន្លែងទៀតមានឈ្មោះគង់ កំពុងបើករកស៊ីនៅក្នុងភូមិសាស្ត្រសង្កាត់ទន្លេបាសាក់ យ៉ាងកាក់កបត្រជាក់ត្រជុំណាស់ ព្រមទាំងបក់ដៃអញ្ជើញមន្ត្រីអាជ្ញាធរទាំងអស់ឱ្យចូលលេងកុំខានផង។ មន្ត្រីមូលដ្ឋានបានខ្សឹបទៀតថា មេវង់ទាំង២នេះ ជាមនុស្សមានល្បិចខ្ពស់ណាស់ មុនពេលមកបើកវង់ល្បែង ក្នុងភូមិសាស្ត្រខាងលើ គេបានរត់ការសុំបើកពីសមត្ថកិច្ចមូលដ្ឋានចាប់ពីថ្នាក់ប៉ុស្តិ៍ អធិការដល់ការិយាល័យជំនាញនៃគណៈស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបគេអាចធ្វើអាជីវកម្មវង់ល្បែងយ៉ាងត្រជាក់មេត្រជាក់កូនឱ្យល្ហឹម។
ជាមួយនឹងបាតុភាពខាងលើនេះប្រជាពលរដ្ឋសំណូមពរទៅលោកឡូ យុយ អភិបាលខណ្ឌមានជ័យ ក៏ដូចជាលោកទូច ណារ៉ុថ ស្នងការនគរបាលរាជធានីភ្នំពេញ ពិសេសលោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ សូមមេត្តាជួយពិនិត្យលើសមត្ថកិច្ចមូលដ្ឋានពាក់ព័ន្ធ នឹងវង់ល្បែងនេះផង ពួកគេមិនអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាពនោះទេ គេទុកឱ្យចោរកម្មកើតចេញពីវង់ល្បែងនេះដើររាតត្បាតភូមិឋានប្រជាពលរដ្ឋធ្វើឱ្យប្រជាពលរដ្ឋគ្មានសេចក្តីសុខ៕
ចែករំលែកព័តមាននេះ