ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ខ្មែរ​ចោទសួរពីសាលដីកាលើសំណុំរឿងឌុច​ និង​ការ​​ជំនុំជម្រះ​ករណី​002

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖តើនៅពេលណាអង្គជំនុំ ជម្រះតុលាការកំពូលនឹងប្រកាសសាលដីកា ស្ថាពរលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០១ ប្រឆាំងនឹងអតីតកាំង ហ្កេកអ៊ាវ ហៅឌុច អតីត ប្រធានគុកទួលស្លែង? តើសវនាការលើអង្គ សេចក្តីក្នុងសំណុំរឿង០០២ នឹងបើកនៅពេល ណាបើជនជាប់ចោទមានវ័យចាស់ៗអស់ទៅ ហើយនោះ?

រាជធានីភ្នំពេញ ៖តើនៅពេលណាអង្គជំនុំ ជម្រះតុលាការកំពូលនឹងប្រកាសសាលដីកា ស្ថាពរលើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០១ ប្រឆាំងនឹងអតីតកាំង ហ្កេកអ៊ាវ ហៅឌុច អតីត ប្រធានគុកទួលស្លែង? តើសវនាការលើអង្គ សេចក្តីក្នុងសំណុំរឿង០០២ នឹងបើកនៅពេល ណាបើជនជាប់ចោទមានវ័យចាស់ៗអស់ទៅ ហើយនោះ? ទាំងនេះគឺជាសំណួរដែលបានចោទ សួរឡើងដោយពលរដ្ឋ សិស្ស និស្សិត និងព្រះ សង្ឃ នៅក្នុងពេលធ្វើដំណើរទស្សនកិច្ចសិក្សាពី សាលាក្តីខ្មែរក្រហមកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១១ ។

ស្រេង ម៉េងស្រ៊ាង និស្សិតឆ្នាំទី១នៃមហា វិទ្យាល័យសេដ្ឋកិច្ច សាកលវិទ្យាល័យភូមិន្ទនីតិ សាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចបាន​និយាយ​ថា៖«ខ្ញុំទន្ទឹងរង់ចាំជា យូរមកហើយនូវការប្រកាស​សាលដីកាលើករណីឌុច បន្ទាប់ពីតុលាការកំពូល​របស់សាលាក្តីខ្មែរក្រហមបានបើកសវនាការលើ​បណ្តឹងសាទុក្ខនាពេលកន្លងមក។ ការទន្ទឹងរង់ចាំ​របស់ខ្ញុំគឺព្រោះថា សំណុំរឿងប្រឆាំងនឹងអតីត​ប្រធានគុកទួលស្លែងគឺជាសំណុំរឿងប្រវត្តិសាស្ត្រ និងចង់ដឹងថា តើទោសទណ្ឌដែលបានដាក់លើ​គាត់នោះ នឹងមានការប្រែប្រួលយ៉ាងណា?»។

ព្រះតេជគុណ វ័ន្ត វណ្ណា និមន្តមកពីវត្ត​មួយ​ក្នុងខេត្តកណ្តាល ដែលបានចូលរួមក្នុងដំណើរ​ទស្សនកិច្ចសិក្សាមកកាន់សាលាក្តីខ្មែរក្រហម​បាន​មានថេរដីកាថា៖​«អាត្មា​បានតាមដាន​ដំណើរ​ការសវនាការលើករណីឌុចនេះយ៉ាងខ្ជាប់​ខ្ជួន ហើយឥឡូវនេះ អាត្មាកំពុងទន្ទឹងរង់ចាំការ​ប្រកាសសាលដីការបស់តុលាការកំពូលថា តើ​តុលាការកំពូលនឹងសម្រេចសេចក្តីយ៉ាងណា បន្ធូរ​បន្ថយទោសដូចអ្វីដែលមេធាវីឌុចបាន​ស្នើ​សុំ​ ឬក៏បន្ថែមទោសពៃរ៍ទៅលើឌុចតាមការស្នើ​សុំរបស់សហព្រះរាជអាជ្ញា និងមេធាវីការពារក្តី? អាត្មាចង់ដឹងណាស់ ប៉ុន្តែមិនទាន់ដឹងថា នៅ​ពេលណានឹងបានស្តាប់ការប្រកាសសាលដីកា​នេះនៅឡើយទេ»។

រីឯកញ្ញា​ស៊ា នារី និស្សិតមកពីវិទ្យាស្ថាន​ខ្មែរ​ជំនាន់ថ្មី បានស្នើដោយទទូចដល់អង្គ​ជំនុំជម្រះ​តុលាការកំពូលពន្លឿនការប្រកាសសាល​ដីកា​លើបណ្តឹងសាទុក្ខក្នុងសំណុំរឿង០០១ ដោយ​កញ្ញាបាននិយាយ​ថា៖«ខ្ញុំចង់ដឹងថា តើឌុច​នឹង​ជាប់ទោសប៉ុន្មានឆ្នាំពិតប្រាកដ​ ចំពោះទង្វើ​បញ្ជា​ឱ្យសម្លាប់អ្នកទោសនៅគុកទួលស្លែង និង​នៅ​វាលពិឃាតជើងឯក»។ រីឯនិស្សិតពៅ ពុន ​មកពីសាកលវិទ្យាល័យនីតិសាស្ត្រនិងវិទ្យា​​សាស្ត្រ​​សេដ្ឋកិច្ច ក៏បានគូសបញ្ជាក់ពីសារសំខាន់​នៃការប្រកាសសាលក្រម ដោយបានលើកឡើង​ថា៖«ខ្ញុំក៏ដូចជាប្រជាពលរដ្ឋខ្មែរដទៃទៀត គឺ​ពិតជាចង់ដឹងអំពីការសម្រេចរបស់តុលាការ​កំពូល ព្រោះជនរងគ្រោះបានទន្ទឹងរង់ចាំការ​សម្រេចនេះជាច្រើនខែមកហើយ»។

ប៉ុន្តែបើតាមលោកចៅក្រមគង់ ស្រុីម ប្រធានអង្គជំនុំជម្រះតុលាការកំពូលដែលបាន​ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គលើកទី១០ របស់​អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកាលពីដើម​ខែសីហាកន្លងទៅនេះថា៖« ក្រោយពីការ​បញ្ចប់​ការជំនុំជម្រះក្តីលើកទី១ របស់អ.វ.ត.ក នៅក្នុង​សំណុំរឿង កាំង ហ្កេកអ៊ាវ និងការប្រកាស​សាល​ក្រមរបស់អង្គជំនុំជម្រះសាលាដំបូង កាលពីខែ​ ក​ក្កដា ឆ្នាំ២០១០មក ភាគីពាក់ព័ន្ធនានាបាន​ដាក់បណ្តឹងសាទុក្ខដែលត្រូវបានពិនិត្យ​ពិចារណា​យ៉ាងយកចិត្តទុកដាក់ដោយអង្គជំនុំជម្រះតុលា​ការ​កំពូល»។ លោកចៅក្រម គង់ ស្រុីមបន្តថា៖«អង្គជំនុំជម្រះតុលាការកំពូលបានបើកសវនា​ការ​ជាសាធារណៈកាលពីខែមីនា ឆ្នាំ២០១១ កន្លងទៅ ហើយសង្ឃឹមថា សាលដីកានឹងត្រូវ ​ប្រកាសក្នុងពេលឆាប់ៗខាងមុខតាមតែអាចធ្វើ​​ទៅបាន»។

ការទន្ទឹងរង់ចាំរបស់ពលរដ្ឋខ្មែរ មិនបញ្ឈប់​ត្រឹមការចង់បានការប្រកាសសាលដីកាលើសំណុំ​រឿង០០១ ឱ្យបានឆាប់រហ័សឡើយ ប៉ុន្តែពល​រដ្ឋទាំងនេះក៏បានលើកឡើងពីការទន្ទឹងរង់ចាំ​របស់ខ្លួនចំពោះការបើកសវនាការលើអង្គ​សេចក្តី​ក្នុងសំណុំរឿង០០២ ប្រឆាំងនឹងជនជាប់ចោទ៤ រូប គឺនួន ជា, ខៀវ សំផន, អៀង សារី និង​អៀង ធីរិទ្ធ ផងដែរ។ សវនាការលើអង្គសេចក្តី​​មិនទាន់ត្រូវបានកំណត់ពេលវេលា​នៅ​ឡើយ ខណៈអង្គជំនុំជម្រះសាលាដំបូង​ត្រៀម​​ខ្លួនក្នុង​ការបើកសវនាការស្តីពីកាយ​សម្បទា​របស់ជន​ជាប់ចោទពីររូបនៅថ្ងៃទី២៩ ដល់ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ២០១១ខាងមុខ។

ព្រះតេជគុណ វ័ន្ត វណ្ណា មានថេរ​ដីកាថា៖«សម្រាប់សំណុំរឿង០០២ បើអង្គជំនុំជម្រះ​សាលាដំបូងបើកសវនាការបានកាន់តែលឿន​កាន់តែល្អ ព្រោះជនជាប់ចោទមានវ័យចាស់ៗ​អស់ហើយ រីឯជនរងគ្រោះក្នុងរបបខ្មែរក្រហម​​ដែលទន្ទឹងរង់ចាំយុត្តិធម៌នោះ ក៏មានវ័យចាស់ៗ​ដែរ។

ប្រជាពលរដ្ឋទូទៅរង់ចាំមើលការកាត់ក្តី​​លើអង្គសេចក្តីនេះថា តើនឹងមានព័ត៌មានអ្វីខ្លះ​​នឹង​ចេញពីមាត់របស់ជនជាប់ចោទជាអតីត​មេដឹក​នាំខ្មែរក្រហមទាំងនោះ»។ ភិក្ខុ វ័ន្ត វណ្ណា មាន​ថេរ​ដីកាបន្ថែមថា៖«ពលរដ្ឋខ្មែរក៏ចង់ដឹង​ដែរថា តើជនជាប់ចោទទាំង៤រូបក្នុងសំណុំរឿង​០០២នេះនឹងត្រូវតុលាការផ្តន្ទាទោសកម្រិតណា​​ចំពោះបទឧក្រិដ្ឋរបស់ខ្លួនដែលបានប្រព្រឹត្តនៅ​ក្នុងពេលពួកគាត់គ្រប់គ្រងប្រទេសចន្លោះពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩»។

និស្សិតស្រេង ម៉េងស្រ៊ាង បាននិយាយ​ថា ​ សវនា​ការលើអង្គសេចក្តីក្នុងករណី០០២ខាង​មុខនឹងផ្តល់ព័ត៌មានសំខាន់ៗជាច្រើនទាក់ទង​នឹងប្រវត្តិសាស្ត្រនៃរបបខ្មែរ​ក្រហមសម្រាប់ពល​រដ្ឋទូទៅ និងជាពិសេសយុវជនជំនាន់ក្រោយ​ដែលមិនបានឆ្លងកាត់របបខ្មែរក្រហម។ និស្សិត​ម៉េងស្រ៊ាង និយាយ​ថា៖ «សវនាការលើជនជាប់​ចោទទាំង៤រូបក្នុងសំណុំរឿង០០២ ពិតជាផ្តល់​សារសំខាន់ទាំងផ្នែកព័ត៌មានប្រវត្តិសាស្ត្រ ទិដ្ឋ​ភាពច្បាប់ និងរបៀបនៃការដំណើរការជំនុំជម្រះ​ក្តីដល់ពលរដ្ឋ និងនិស្សិត។ ដូច្នេះខ្ញុំចង់ឱ្យអង្គ​​ជំនុំជម្រះសាលាដំបូងពន្លឿននីតិវិធីចំពោះសវនា​ការលើអង្គសេចក្តីឱ្យទាន់ពេលដែលជនជាប់​​ចោទទាំងនេះនៅមានសុខភាពល្អ និងរស់រាន​មាន​ជីវិតនៅឡើយ»។

និស្សិត ពៅ ពុន ក៏បានលើកឡើងផងដែរ​ថា៖ «ខ្ញុំពិតជាចង់ដឹងពីការជំនុំជម្រះក្តីនៅក្នុង​សំណុំរឿង០០២នេះណាស់ ព្រោះថាមិន​មែន​គ្រាន់តែខ្ញុំដែលជាក្មេង​ជំនាន់ក្រោយទេ សូម្បីតែ​ពលរដ្ឋដទៃទៀតក៏ចង់ដឹងពីការពិតនៅក្នុងរបប​ខ្មែរក្រហមដែរ។ ដូច្នេះ ខ្ញុំសូមឱ្យអង្គជំនុំជម្រះ​សាលា​ដំបូងបើកសវនាការកាត់​សេចក្តីលើជន​ជាប់ចោទទាំង៤នាក់នេះឱ្យបានឆាប់ៗតាមតែ​អាច​ធ្វើបាន ដើម្បីអាចយើងខ្ញុំបានស្តាប់ដោយ​ផ្ទាល់ត្រចៀកនូវអ្វីដែលជនជាប់ចោទលើកឡើង បើគាត់ស្លាប់ទៅនោះការពិតក៏បាត់បង់ទៅ​តាម​គាត់ដែរ»៕