ពួកឧទ្ទាមលីប៊ីនៅតែបន្តការប្រយុទ្ធជាមួយពួកអ្នកស្មោះត្រង់នឹងលោកមូអាម៉ា កាដាហ្វី កាលពីថ្ងៃទី២៥ សីហា នៅក្រុងទ្រីប៉ូលី ដោយបន្តតាមប្រមាញ់មេដឹកនាំលីប៊ីរូបនេះដែលបដិសេធពុំព្រមបោះបង់អាវុធចោល។ ក្នុងសារខ្លីមួយផ្សាយតាមទូរទស្សន៍លោកមូអាម៉ា កាដាហ្វី បានអំពាវនាវដល់ពួកកុលសម្ព័ន្ធលីប៊ីឱ្យប្រយុទ្ធប្រឆាំងនឹងអន្តរាគមន៍យោធាបរទេស ហើយកម្ទេចពួកឧទ្ទាមនៅក្រុងទ្រីប៉ូលី។
ចំណែកក្រុមប្រឹក្សាជាតិបណ្តោះអាសន្នលីប៊ី CNTរបស់ពួកឧទ្ទាមបន្តទាមទារការជួយទ្រទ្រង់ខាងហិរញ្ញវត្ថុឱ្យបានឆាប់រហ័ស។ បណ្តាប្រទេសស្ថិតក្នុងក្រុមប្រាស្រ័យទាក់ទងដែលចូលរួមក្នុងប្រតិបត្តិរបស់អូតង់នៅលីប៊ីបានរួមប្រជុំគ្នានៅក្រុងអ៊ីស្តង់ប៊ុលប្រទេសតួកគី ដោយសន្យាបញ្ចេញទ្រព្យសម្បត្តិលីប៊ីដែលផ្អឹបទុក។ ២ថ្ងៃក្រោយការបោះបង់ចោលទីបញ្ជាការធំរបស់ខ្លួននៅក្រុងទ្រីប៉ូលីពួកអ្នកគាំទ្រលោកកាដាហ្វីហាក់ដូចជាបន្តកាន់កាប់ទីក្រុង SYRTE របស់ពួកកុលសម្ព័ន្ធ និងទីក្រុង SEBHA នាភាគខាងត្បូងប្រទេស។
ពួកអ្នកគាំទ្រលោកកាដាហ្វីនៅ តស៊ូផងដែរក្នុងសង្កាត់ជាច្រើននៃរដ្ឋធានី។ ការប្រយុទ្ធគ្នានានាប្រព្រឹត្តទៅនៅជុំវិញសណ្ឋាគារ CORINTHIA កណ្តាលក្រុងទ្រីប៉ូលីជាកន្លែងស្នាក់របស់អ្នកកាសែតបរទេសជាច្រើននាក់។ ពួកឧទ្ទាមមានទំនុកចិត្តលើសមត្ថភាពរបស់ពួកគេថា អាចកម្ទេចពួកទាហានដែលនៅស្មោះត្រង់នឹងលោកកាដាហ្វីដែលនៅពុំទាន់រកឃើញ។
ពួកឧទ្ទាមលីប៊ីនាថ្ងៃទី២៥ សីហា បានវាយលុកចូលសង្កាត់ ABOU SALIM ជាទីតាំងបង្អែកចុងក្រោយមួយទៀតរបស់កងកម្លាំងលោកកាដាហ្វីក្នុងរដ្ឋធានីទ្រីប៉ូលី ខណៈដែលកងយន្តហោះរបស់អូតង់បានវាយប្រហារអគារមួយនៃតំបន់នោះ៕
ចែករំលែកព័តមាននេះ