ខេត្តកំពត ៖ ប៉ូលិសប៉ុស្តិ៍រដ្ឋបាល៤ប៉ុស្តិ៍ និងប៉ូលិសអធិការដ្ឋានស្រុកកំពង់ត្រាចរួមទាំងកម្លាំងប៉េអឹមស្រុកបានចុះមកលោមព័ន្ធផ្ទះស្ត្រីមេម៉ាយម្នាក់នៅភូមិអូរស្លែង ឃុំដំណាក់កន្ទួតខាងជើង ដោយសារតែស្ត្រីមេម៉ាយម្នាក់នោះស្រែករំពងភូមិថាជួយផងៗចោរប្លន់ រួចរត់ឡើងទៅលើផ្ទះខ្ទាស់គន្លឹះដេកយ៉ាងស្ងៀមស្ងាត់បាត់ទៅ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ សីហា ២០១១ ដោយប៉ូលិស-ប៉េអឹមនឹកស្មានមានចោរទៅប្លន់ផ្ទះស្ត្រីនោះមែន ក៏ស្ទុះស្ទាទាញកាំភ្លើងប្រដាប់ប្រដាប្រយុទ្ធមកឡោមព័ទ្ធ តែទីបំផុត គាត់ស្រែកដោយសារឃើញភ្លើងពិលរបស់ក្មួយស្រីគាត់សោះ…គ្មានចោរឯណាទេ។ ស្ត្រីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចឈ្មោះអ៊ួន វ៉ន អាយុ៥៩ឆ្នាំ នៅភូមិឃុំខាងលើបាននិយាយរៀបរាប់ថា ប្តីរបស់គាត់បានរត់ទៅមានប្រពន្ធថ្មីបាត់ហើយ សព្វថ្ងៃរស់នៅជាមួយចៅស្រី។ ពេលថ្មីៗនេះ ធ្លាប់មានក្រុមចោរបានលួចដាក់អន្ទាក់យកឆ្កែឈ្មោលរបស់គាត់ទៅលក់បាត់ម្តងហើយ។ បន្ទាប់ពីបាត់ឆ្កែរបស់គាត់បានរំលងមួយយប់ស្រាប់តែចោរលួចមាន់របស់ក្មួយគាត់ដែលមានផ្ទះជាប់គ្នាអស់៣ក្បាលទៀត ។
លុះមកដល់វេលាម៉ោង៨យប់ ថ្ងៃទី២៤ សីហា ពេលគាត់រៀបចំសម្ភារមួយចំនួនប្រមូលយកទៅដាក់លើផ្ទះក៏ប្រទះឃើញភ្លើងពិលចម្លែកដែលចុចបញ្ចាំងដាក់មុខគាត់ ហើយគាត់ក៏បានសួរអ្នកចុចពិលនោះថា «អ្នកណាគេហ្នឹង?» តែអ្នកនោះនិយាយមិនច្បាស់ធ្វើឱ្យគាត់ភ័យស្ទុះរត់ទៅលើផ្ទះខ្ទាស់គន្លឹះទ្វារយ៉ាងជាប់ ហើយស្រែកថា ជួយផង…បងប្អូនអើយចោរប្លន់ទៀតហើយ។ បន្ទាប់ពីមានការស្រែកមិនឃើញមានអ្នកណាមកសួរនាំទេ និងដោយមានការភ័យខ្លាចកាន់តែខ្លាំងទៀតនោះ ពលរដ្ឋនៅជុំវិញក៏បានទូរស័ព្ទហៅប៉ូលិស-ប៉េអឹម ក៏មកដល់កកកុញ ទីបំផុតគ្មានចោរឯណាទេគឺស្ត្រីនោះខ្លាចភ្លើងពិលក្មួយស្រីតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ