រាជធានីភ្នំេពញ ៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាបានធ្វើការផ្សព្វផ្សាយរបាយការណ៍ជាតិស្តីអំពីផលប៉ះពាល់ខាងសេដ្ឋកិច្ច សង្គមនៃមេរោគអេដស៍មកលើក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជាកាលពី ថ្ងៃទី២៥ សីហា។ របាយការណ៍ស្តីអំពីផលប៉ះពាល់ខាងសេដ្ឋកិច្ចសង្គមនៃមេរោគអេដស៍មកលើក្រុមគ្រួសារនៅក្នុងប្រទេសកម្ពុជាបានរំលេចឡើងអំពីបញ្ហាប្រឈមនានាខាងផ្នែកសេដ្ឋកិច្ច និងសង្គមដែលគ្រួសារអ្នកផ្ទុកមេរោគអេដស៍ជួបប្រទះនៅកម្ពុជា និងទាញការចាប់អារម្មណ៍ឱ្យយកចិត្តទុកដាក់ទៅលើតម្រូវការក្នុងការរៀបចំបង្កើតយន្តការជាតិការពារសង្គមសម្រាប់អ្នកផ្ទុកមេរោគអេដស៍។
ស្របពេលដែលប្រទេសកម្ពុជាបានធ្វើឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការទប់ស្កាត់ និងកាត់បន្ថយការឆ្លងរីករាលដាលនៃមេរោគអេដស៍នៅទូទាំងប្រទេស និងពង្រីកសេវាផ្តល់ថ្នាំព្យាបាលប្រឆាំងនឹងមេរោគអេដស៍ព្រមទាំងសេវាព្យាបាលជំងឺឱកាសនិយមនោះរបាយការណ៍ក៏បានរកឃើញដែរថា មេរោគអេដស៍នៅតែបន្តធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើក្រុមគ្រួសារនៅកម្ពុជា។ ផ្អែកលើទិន្នន័យដែលប្រមូលបានតាមរយៈការអង្កេតថ្នាក់ជាតិលើគ្រួសារចំនួន៤.១៧២គ្រួសារ (គ្រួសារអ្នកផ្ទុកមេរោគអេដស៍ចំនួន២.៦២៣គ្រួសារ និងគ្រួសារអ្នកគ្មានផ្ទុកមេរោគអេដស៍ចំនួន១.៥៤៩ គ្រួសារ) របាយការណ៍បានសិក្សាទៅលើផលប៉ះពាល់នៃមេរោគអេដស៍មកលើបុគ្គល និងក្រុមគ្រួសារក៏ដូចជាផលប៉ះពាល់មកលើប្រជាពលរដ្ឋ និងលើការលូតលាស់ខាងម៉ាក្រូសេដ្ឋកិច្ច។
របាយការណ៍លើកឡើងពីផលប៉ះពាល់មកលើបុគ្គល និងគ្រួសារមានដូចតទៅ៖ ផ្លាស់ប្តូររចនាសម្ព័ន្ធគ្រួសារ៖ គ្រួសារអ្នកផ្ទុកមេរោគអេដស៍មានគ្រួសារជាស្ត្រីមេម៉ាយចំនួនពីរដងច្រើនជាងគ្រួសារអ្នកគ្មានផ្ទុកមេរោគអេដស៍ (៣៤ភាគរយទល់នឹង១៧ភាគរយ)។ គ្រួសារអ្នកផ្ទុកមេរោគអេដស៍ចំនួនជាងមួយភាគបីមើលថែទាំកុមារកំព្រាដោយសារមេរោគអេដស៍។
ថយចុះប្រាក់ចំណូលសម្រាប់អ្នកផ្ទុកមេរោគអេដស៍២៧ភាគរយ នៃអ្នកចូលរួមឆ្លើយក្នុងការសិក្សាបានលើកឡើងថា បានបាត់បង់ការងារ(ឬប្រភពប្រាក់ចំណូលផ្សេងទៀត) ចាប់តាំងពីបានធ្វើរោគវិនិច្ឆ័យថា មានផ្ទុកមេរោគអេដស៍។ សម្រាប់អ្នកដែលនៅមានការងារធ្វើប្រាក់ចំណូលមានការថយចុះ៤៧ភាគរយតិចជាងមុនពេលធ្វើរោគវិនិច្ឆ័យ។ ជាទូទៅក្នុងគ្រួសារអ្នកផ្ទុកមេរោគអេដស៍សមាជិកម្នាក់ៗអាចរកប្រាក់ចំណូលបាន២៥ភាគរយទាបជាងអ្នករស់នៅក្នុងគ្រួសារអ្នកគ្មានផ្ទុកមេរោគអេដស៍។
ថយចុះប្រាក់ចំណូលសម្រាប់អ្នកថែទាំ ជាង២៥ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍មានអ្នកថែទាំ ហើយ១៨ភាគរយ នៃអ្នកថែទាំទាំងនោះបានលើកឡើងថា ពួកគេបានបោះបង់ការងារដោយសារតែងាកមកនៅថែទាំ។ សម្រាប់អ្នកដែលនៅមានការងារធ្វើពួកគេបានបាត់បង់ប្រាក់ចំណូលរបស់ខ្លួនប្រមាណជា៥០ភាគរយ។
ការយឺតយ៉ាវក្នុងការធ្វើរោគវិនិច្ឆ័យនាំទៅរកការថយចុះនូវប្រាក់សន្សំ និងទ្រព្យសម្បត្តិ ២៥ភាគរយ នៃអ្នកផ្ទុកមេរោគអេដស៍បានទទួលការធ្វើរោគវិនិច្ឆ័យបន្ទាប់ពីមានជំងឺរ៉ាំរ៉ៃ។ ប្រការនេះនាំឱ្យមានការចំណាយប្រាក់ពីហោប៉ៅផ្ទាល់ខ្លួន ដោយសារតែបុគ្គលនោះ(ក) ស្វែងរកការព្យាបាលមុនពេលដែលដឹងថា ខ្លួនអាចទទួលបានសេវាពីកម្មវធីអេដស៍ដែលផ្គត់ផ្គង់ថវិកាពីរដ្ឋាភិបាល (ខ) ត្រូវការចំណាយលើការព្យាបាលយ៉ាងច្រើនដោយសារតែគេមិនទទួលបានសេវាព្យាបាលប្រឆាំងនឹងមេរោគអេដស៍។ ហេតុដូច្នេះហើយបានជាជាង៣៣ភាគរយ នៃគ្រួសារអ្នកផ្ទុកមេរោគអេដស៍បានលើកឡើងថា បានលក់ទ្រព្យសម្បត្តិ ឬខ្ចីបុលប្រាក់គេមុនពេលធ្វើរោគវិនិច្ឆ័យ។ លើសនេះទៀត១២ភាគរយបានប្រើប្រាក់សន្សំ ដើម្បីចំណាយលើការថែទាំមុនពេលធ្វើរោគវិនិច្ឆ័យ។
កើនឡើងនូវប្រាក់បំណុល៦៥ភាគរយនៃគ្រួសារអ្នកផ្ទុកមេរោគអេដស៍ យ៉ាងហោចណាស់ក៏ខ្ចីប្រាក់គេម្តងដែរ បើប្រៀបធៀបទៅនឹងគ្រួសារអ្នកគ្មានផ្ទុកមេរោគអេដស៍គឺមានតែ៥៣ភាគរយប៉ុណ្ណោះ។ គ្រួសារអ្នកផ្ទុកមេរោគអេដស៍មិនសូវជំពាក់បំណុលគេដោយសារតែការសាងសង់នោះទេ ឧទហរណ៍ដូចជា ការកែលំអលំនៅឋាន ឬការវិនិយោគទៅលើការផលិតដំណាំកសិកម្ម។ គ្រួសារអ្នកផ្ទុកមេរោគអេដស៍បានខ្ចីប្រាក់ពីអ្នករកស៊ីចងការប្រាក់ច្រើនជាងគ្រួសារអ្នកគ្មានផ្ទុកមេរោគអេដស៍ (២២ភាគរយទល់នឹង២១ភាគរយ) ព្រមទាំងបង់ការប្រាក់ខ្ពស់ជាង (៥,៤ភាគរយទល់នឹង៤,៣ភាគរយ)។
សន្តិសុខស្បៀង៥១ភាគរយនៃគ្រួសារអ្នកផ្ទុកមេរោគអេដស៍បានលើកឡើងថា ពួកគេមានការស្រេកឃ្លាន និងមិនមានចំណីអាហារគ្រប់គ្រាន់ដើម្បីបរិភោគកាលពីឆ្នាំមុន បើប្រៀបធៀបទៅនឹងគ្រួសារអ្នកគ្មានផ្ទុកមេរោគអេដស៍គឺមានតែ៣៥ភាគរយប៉ុណ្ណោះ។
កើនឡើងនូវកម្លាំងពលកម្មកុមារ កុមារដែលរស់នៅក្នុងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ហាក់ដូចជាធ្វើការងារច្រើនជាងកុមារដែលរស់នៅក្នុងគ្រួសារអ្នកគ្មានផ្ទុកមេរោគអេដស៍។ កុមារដែលរស់នៅក្នុងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ធ្វើការងារមានចំនួនពីរដងច្រើនជាងកុមារដែលរស់នៅក្នុងគ្រួសារអ្នកគ្មានផ្ទុកមេរោគអេដស៍ (១០ភាគរយទល់នឹង៥ភាគរយ)។
កើនឡើងចំនួនអវត្តមានពីសាលា និងរៀនត្រួតថ្នាក់ កម្រិតចុះឈ្មោះចូលរៀនក្នុងសាលាក្នុងចំណោមគ្រួសារអ្នកផ្ទុក និងគ្រួសារអ្នកគ្មានផ្ទុកមេរោគអេដស៍ គឺមានចំនួនប្រហាក់ប្រហែលគ្នា (៨៦ភាគរយទល់នឹង៨៥ភាគរយ)។ យ៉ាងណាក៏ដោយ គ្រួសារអ្នកផ្ទុកមេរោគអេដស៍មានចំនួនច្រើនជាងគ្រួសារអ្នកគ្មានផ្ទុកមេរោគអេដស៍បាននិយាយថា កូនៗរបស់ពួកគេមិនបានចូលរៀនដោយសារតែបញ្ហាហិរញ្ញវត្ថុ (២១ភាគរយទល់នឹង១៥ភាគរយ)។ កុមារ (អាយុ៥-៩ឆ្នាំ) ដែលរស់នៅក្នុងគ្រួសារអ្នកផ្ទុកមេរោគអេដស៍បានអវត្តមានពីសាលារៀនលើសពី១០ថ្ងៃ កាលពីឆ្នាំមុនមានចំនួនច្រើនជាងកុមារដែលរស់នៅក្នុងគ្រួសារ អ្នកគ្មានផ្ទុកមេរោគអេដស៍(១៥ភាគរយទល់នឹង៨ភាគរយ)។ កុមារីដែលរស់នៅក្នុងគ្រួសារអ្នកផ្ទុកមេរោគអេដស៍ បានរៀនត្រួតថ្នាក់៣០ភាគរយ ច្រើនជាងកុមារីក្នុងគ្រួសារអ្នកគ្មានផ្ទុកមេរោគអេដស៍។
ការមាក់ងាយ និងរើសអើង ២៣ភាគរយនៃស្ត្រីបានលើកឡើងថា ពួកគេទទួលបានការរំលោភបំពានដោយពាក្យសម្តី កាលពីឆ្នាំមុនដោយសារតែស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ (ធៀបទៅនឹងបុរសគឺមានតែ១៦ភាគរយប៉ុណ្ណោះ) ខណៈដែល៧ភាគរយបានលើកឡើងថា ពួកគេបានទទួលការរំលោភបំពានផ្នែករាងកាយ ដោយសារតែស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ (ធៀបទៅនឹងបុរសគឺមាន៤ភាគរយ)។
ផលប៉ះពាល់ខាងចិត្តសង្គម ៦៥ភាគរយនៃអ្នកផ្ទុកមេរោគអេដស៍បានលើកឡើងថា ពួកគេបានឱ្យតម្លៃខ្លួនឯងទាប៤៩ភាគរយបានលើកឡើងថា ពួកគេមានការអៀនខ្មាសដោយសារតែស្ថានភាពផ្ទុកមេរោគអេដស៍របស់ពួកគេ ៤៧ភាគរយ បានលើកឡើងថា ពួកគេទទួលបានការដាក់ទណ្ឌកម្ម និង១៦ភាគរយបានលើកឡើងថា ពួកគេមានបំណងចង់ធ្វើអត្តឃាត កាលពីឆ្នាំកន្លងទៅ។
លើសនេះទៀតរបាយការណ៍បានព្យាករណ៍ថា ការឆ្លងរីករាលដាលមេរោគអេដស៍នៅទូទាំងប្រទេសនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុបធ្លាក់ចុះ១៦,៥ភាគរយនៅចន្លោះឆ្នាំ១៩៩៣ និងឆ្នាំ២០២០។ យ៉ាងណាក៏ដោយ របាយការណ៍ប៉ាន់ប្រមាណថា ការគ្របដណ្តប់នៃសេវាផ្តល់ថ្នាំព្យាបាលប្រឆាំងនឹងមេរោគអេដស៍(៩៦,៧ភាគរយនៃមនុស្សពេញវ័យ និងកុមារដែលមានសិទ្ធិទទួលបានជោគជ័យដោយអាចការពារកម្លាំងពលកម្មបានចំនួន២១.៤៩៧នាក់ ឱ្យរួចផុតពីការស្លាប់នៅចន្លោះឆ្នាំ២០០៣ និង២០០៩ ព្រមទាំងអាចកាត់បន្ថយបាននូវការបាត់បង់ផលិតផលក្នុងស្រុកសរុប GDP ដែលមានទឹកប្រាក់ចំនួន១០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ក្នុងរយៈពេលដូចគ្នានេះ ជាការបង្ហាញឱ្យឃើញពី ប្រសិទ្ធភាពតម្លៃនៃការគ្របដណ្តប់ជាសាកលនៃសេវាផ្តល់ថ្នាំព្យាបាលប្រឆាំងនឹងមេរោគអេដស៍។
ការសិក្សានេះគឺជាការសិក្សាដ៏ធំ និងមានវិសាលភាពទូលំទូលាយបំផុត ដែលត្រូវបានធ្វើឡើងដើម្បីពិនិត្យមើលលើផលប៉ះពាល់ខាងសេដ្ឋកិច្ចសង្គមនៃមេរោគអេដស៍នៅក្នុងប្រទេសកម្ពុជា។ លទ្ធផលរកឃើញ នឹងត្រូវបានប្រើប្រាស់ដើម្បីពង្រឹងយុទ្ធសាស្ត្រដែលមានស្រាប់នៃការការពារ ព្យាបាល ថែទាំ និងកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីមេរោគអេដស៍ណែនាំកិច្ចអន្តរាគមន៍ថ្មី ដោយផ្អែកលើភស្តុតាង និងដើម្បីធានាថា ធនធានត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងមានប្រសិទ្ធពល៕
ចែករំលែកព័តមាននេះ