សន្និសីទអន្តរជាតិមួយស្តីពីលីប៊ីបើតាមប្រធានាធិបតីបារាំង លោកនីកូឡាស់ សាកូហ្ស៊ី ថា នឹងបើកធ្វើនាថ្ងៃទី១ កញ្ញា ខាងមុខនេះ នៅក្រុងប៉ារីស។ ក្នុងសន្និសីទសារព័ត៌មានរួមគ្នាកាលពីថ្ងៃទី២៤ សីហា ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោកដាវីដ កាមឺរ៉ូន ប្រធានាធិបតីបារាំងអះអាងថា ប្រតិបត្តិការយោធារបស់ក្រុមចម្រុះនឹងបញ្ចប់រហូតដល់លោកកាដាហ្វី លែងជាការគំរាមកំហែងដល់ប្រជាជនលីប៊ីទៀត។
ប្រធានាធិបតីបារាំង បានសម្រេចដោយព្រមព្រៀងគ្នាជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសកោះធ្វើសន្និសីទអន្តរជាតិធំមួយ ដើម្បីជួយលីប៊ីសេរីនាពេលខាងមុខ ។ យោងតាមលោកសាកូហ្ស៊ី ថា លោកក៏គ្រោងអញ្ជើញអគ្គលេខាធិការ អ.ស.ប លោកបាន គីមូន ព្រមទាំងតំណាងរបស់ប្រេស៊ីល ចិន ឥណ្ឌា និងរុស្ស៊ីចូលរួមដែរ។ លោកបន្តថា ប្រតិបត្តិការយោធារបស់ក្រុមចម្រុះនៅលីប៊ីនឹងបញ្ឈប់ដរាបណាលោកកាដាហ្វី លែងជាតំណាងនៃការគំរាមកំហែងមួយដល់ប្រជាជនលីប៊ីទៀត បើពុំដូច្នេះទេ យើងនឹងបន្តដរាបណាមិត្តលីប៊ីរបស់យើងត្រូវការ។ ចំណែកប្រធានាធិបតីរុស្ស៊ី លោកឌីមីទ្រី ម៉េដវេដេវ វិញ ថ្លែងកាលពីថ្ងៃទី២៤ សីហា ថា មេដឹកនាំលីប៊ី លោកកាដាហ្វី នៅមានឥទ្ធិពល និងសក្តានុពលយោធានៅឡើយ ទោះបីជាពួកឧទ្ទាមដណ្តើមបានជោគជ័យនានាក្នុងប្រទេសលីប៊ី និងថា លោកកាដាហ្វី និងមនុស្សរបស់លោកនៅមានឥទ្ធិពលមួយចំនួននៅឡើយទេ។
លោកម៉េដ វេដេវ អំពាវនាវដល់ភាគីក្នុងជម្លោះទាំង២អង្គុយ ក្នុងតុចរចា ហើយបញ្ចប់វិបត្តិតាមរយៈការចរចាឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន។ លោកក៏ឱ្យដឹងផងដែរថា រុស្ស៊ីពុំទទួលស្គាល់ក្រុមប្រឹក្សាជាតិបណ្តោះអាសន្នលីប៊ី ជារដ្ឋអំណាច តែមួយនៅលីប៊ីឡើយ រហូតដល់ក្រុមប្រឹក្សានេះអាចបង្រួបបង្រួមប្រទេសទាំងមូលដែលហែកហួដោយសង្គ្រាម។ ប្រទេសចិន កូរ៉េខាងត្បូង ហ្វីលីពីន និងប្រទេសនានាទៀត បានទទួលស្គាល់ជាបន្តបន្ទាប់ដល់ក្រុមប្រឹក្សានេះ ក្រោយការវាយលុករបស់ពួកឧទ្ទាមកាន់កាប់៩៥% នៃក្រុងទ្រីប៉ូលីមក។
រីឯលោកមូសាអ៊ីប្រាហ៊ីម ជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលលោកកាដាហ្វី វិញ ថ្លែងតាមទូរស័ព្ទប្រាប់ទូរទស្សន៍ AL OROUBA និង AL RAI ថា លោកកាដាហ្វី នៅមានលទ្ធភាពតតាំងរយៈពេលជាច្រើនឆ្នាំជាមួយពួកបះបោរ។ យើងនឹងប្រែក្លាយលីប៊ីទៅជាកំអែភ្នំភ្លើងដែលអណ្តាតភ្លើងនឹងស្ថិតនៅក្រោមជើងរបស់ពួកឈ្លានពាន និងពួកភ្នាក់ងារជាអាយ៉ងរបស់ពួកគេ។
លោកអ៊ីប្រាហ៊ីម អះអាងថា ពួកមេដឹកនាំក្រុមបះបោរនឹងជួបសំណាងអាក្រក់ ប្រសិនបើពួកគេហ៊ានចាកចេញពីទីតាំងក្រុងបេនហ្គាហ្ស៊ី មកកាន់ក្រុងទ្រីប៉ូលី ដូចដែលពួកគេបាននិយាយ។ មានប្រទេសបូរគីណាហ្វាសូ ដែលទទួលស្គាល់ពួកឧទ្ទាមកាលពីថ្ងៃទី២៤ សីហា បានយល់ព្រមផ្តល់ការជ្រកកោនដល់លោកកាដាហ្វី ប្រសិនបើមេដឹកនាំរូបនេះសុខចិត្តចាកចេញពីលីប៊ី ៕
ចែករំលែកព័តមាននេះ