ខេត្តឧត្តរមានជ័យ ៖ អ្នកស្រុករាប់រយគ្រួសារមកពីភូមិចំនួន៤ គឺភូមិរំចេក ភូមិអូរតាមេង ភូមិដីថ្មី និងភូមិអូរចិញ្ចៀន បាននាំគ្នាមកតវ៉ានៅមុខសាលាស្រុកអន្លង់វែង កាលពីព្រឹកថ្ងៃទី២៥ សីហា ក្នុងគោលបំណងឱ្យអាជ្ញាធរស្រុកជួយដោះស្រាយបញ្ហាក្រុមហ៊ុនបោះបង្គោលហ៊ុមព័ទ្ធយកដីស្រែចម្ការរបស់ពួកគាត់។
តំណាងអ្នកស្រុកទាំង៤ភូមិបានឱ្យកោះសន្តិភាពដឹងថា ពួកគេទាំងអស់គ្នាមានការព្រួយបារម្ភយ៉ាងខ្លាំង និងកំពុងជួបការលំបាក ព្រោះថា សូម្បីតែដីស្រែចម្ការដែលធ្លាប់បង្កបង្កើនផលជារៀងរាល់ឆ្នាំក៏ក្រុមហ៊ុនទាំងអស់នោះបានបោះបង្គោលហ៊ុមព័ទ្ធយកទាំងអស់ ព្រោះពួកគេសំអាងថា មានអាជ្ញាប័ណ្ណដើម្បីធ្វើការអភិវឌ្ឍផ្នែកកសិ-ឧស្សាហកម្ម ។ អ្នកតំណាងរូបនេះបន្តថា ពេលពួកគាត់នាំគ្នាតវ៉ាបានទទួលការគំរាមថា នឹងត្រូវនាំខ្លួនយកទៅដាក់គុកមិនខាន ។
តំណាងអ្នកស្រុកបានបន្តទៀតថា ពួកគេទាំង៤ភូមិសូមធ្វើការប្រឆាំងក្រុមហ៊ុនដាតារ៉ាប់ប៊ើរ និងក្រុមហ៊ុនទឹមរីងរា៉ប់ប៊ើរ ដោយកើតទុក្ខមិនសុខចិត្ត និងនាំគ្នាមកសុំឱ្យអាជ្ញាធរស្រុកជួយដោះស្រាយឱ្យបានឆាប់រហ័ស ព្រោះជាពេលកំពុងតែបង្កបង្កើនផល បែរជាក្រុមហ៊ុនទាំងនោះយកគ្រឿងចក្រមកឈួសឆាយផលដំណាំពួកគាត់អស់មួយចំនួនរួចទៅហើយ កាលពីថ្ងៃទី២២ សីហា កន្លងទៅនេះ។
ទាក់ទិននឹងហេតុការណ៍នេះកោះសន្តិភាពជួបលោកយឹម ផាន់ណា អភិបាលស្រុកអន្លង់វែង លោកមានប្រសាសន៍ថា ក្រុមហ៊ុនដែលធ្វើការអភិវឌ្ឍនៅក្នុងស្រុកលើផ្នែកកសិ-ឧស្សាហកម្មនោះ ពុំបានពិភាក្សាឆ្លងកាត់អាជ្ញាធរមូលដ្ឋាននោះទេ ទើបមានបញ្ហាបែបនេះ។ លោកមានប្រសាសន៍ថា ពួកគេគួរតែធ្វើការសិក្សាជាមុនសិនថា តើទីណាកន្លែងណាមានផលប៉ះពាល់ កន្លែងណាដែលពុំមានការប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលពួកគាត់បានបង្កបង្កើនផលយូរឆ្នាំមកហើយនោះ។ ស្រាប់តែក្រុមហ៊ុនទាំងនោះ សំអាងមានអាជ្ញាប័ណ្ណចុះមកធ្វើការអភិវឌ្ឍតែម្តង បង្កឱ្យមានការប៉ះពាល់ដល់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋ ។
លោកអភិបាលស្រុកបានបញ្ជាក់ថា ក្រុមហ៊ុនធ្វើវិនិយោគក្នុងស្រុកអន្លង់វែងមិនត្រឹមតែ ប៉ះពាល់ចំនួន៤ភូមិនោះទេ បើតាមអាជ្ញាធរធ្វើការសិក្សាមានរហូតដល់១២ភូមិ ទី១ ភូមិរំចេក ទី២ ភូមិអូរតាមេង ទី៣ ភូមិដីថ្មី ទី៤ ភូមិអូរចិញ្ចៀន ទី៥ ភូមិកណ្តាលលើ ទី៦ ភូមិកណ្តាលក្រោម ទី៧ ភូមិថ្នល់បំបែក ទី៨ ភូមិកោះថ្មី ទី៩ ភូមិថ្នល់កែង ទី១០ ភូមិយាងជើង ទី១១ ភូមិថ្នល់ទទឹង និងទី១២ ភូមិព្រលាន។ កន្លងមកអាជ្ញាធរស្រុកបានធ្វើរបាយការណ៍ទៅអាជ្ញាធរខេត្តរួចហើយ ដើម្បីជួយដោះស្រាយទាំងពេលបច្ចុប្បន្ន និងពេលខាងមុខជុំវិញផលប៉ះពាល់នេះ។ ទោះបីជាបែបណា លោកអភិបាលស្រុកដែលពេលនេះប្រាប់ថា លោកនៅភ្នំពេញ បានឱ្យកោះសន្តិភាពដឹងថា លោកនឹងរិះរកវិធីដោះស្រាយនៅថ្ងៃនេះ ជាមួយប្រជាពលរដ្ឋ ។
គួររំលឹកថា កាលពីថ្ងៃទី២២ សីហា ប្រជាពលរដ្ឋចំនួន១៤៣គ្រួសាររស់នៅក្នុងភូមិអូរតាមេង ឃុំអន្លង់វែង ស្រុកអន្លង់វែង បាននាំគ្នាធ្វើការរារាំង និងឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនដាតារ៉ាប់ប៊ើរ ខេមបូឌា ខូអិលធីឌី (DATA RUBBER Cambodia Co.,Ltd) ម្តងមកហើយ។
តាមព័ត៌មានឱ្យដឹងថា ក្រុមហ៊ុននេះទទួលបានការអភិវឌ្ឍលើផ្ទៃដីចំនួន៧.៧០០ហិកតា នៅចំណុចដែនជម្រកសត្វព្រៃគូលែនព្រហ្មទេពធ្វើការវិនិយោគអភិវឌ្ឍន៍លើវិស័យដំណាំកសិ-ឧស្សាហកម្ម ។ អ្នកស្រុកដែលនាំគ្នាមកតវា៉បានឱ្យកោះសន្តិភាពដឹងថា ការអភិវឌ្ឍរបស់ក្រុមហ៊ុន ប្រជាពលរដ្ឋមិនមានការជំទាស់ទេ តែផ្ទៃដីដែលក្រុមហ៊ុននេះបានទទួលមួយផ្នែកបានប៉ះពាល់ទៅលើតំបន់គ្រប់គ្រងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ហើយមួយផ្នែកធំមានការប៉ះពាល់ដល់ផ្ទៃដីស្រែចម្ការរបស់ប្រជាពលរដ្ឋធ្វើឱ្យពួកគាត់បាត់បង់ដីស្រែចម្ការ ទើបពួកគាត់ដែលរស់នៅក្នុងភូមិអូរតាមេងចំនួន១៤៣គ្រួសារ កើតទុក្ខមិនសុខចិត្តបាននាំគ្នាតវ៉ាឱ្យអាជ្ញាធរជួយដោះស្រាយ និងនាំគ្នាធ្វើការរារាំងដល់គ្រឿងចក្ររបស់ក្រុមហ៊ុនមិនឱ្យដំណើរការតទៅទៀត ដោយរង់ចាំការដោះស្រាយជាមុន។
អ្នកស្រុកបានបញ្ជាក់ថា ទីតាំងដែលក្រុមហ៊ុនកំពុងឈូសឆាយនេះ ជាដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព កន្លងមកព្រៃនេះគឺជាតំបន់ព្រៃស្រោងមិនមែនជាតំបន់ព្រៃរេចរឹលទេ និងមានសត្វព្រៃរស់នៅទីនោះគ្រប់ប្រភេទ។ រីឯប្រជាពលរដ្ឋបានចូលទៅរកវល្លិ ផ្តៅ ផ្សិត និងថ្នាំបុរាណ ជ័រទឹក ដែលជាអនុផលព្រៃឈើយកទៅលក់ដោះដូរជាថវិកាដើម្បីចិញ្ចឹមជីវិត។ តែបច្ចុប្បន្ន ពួកគាត់អស់សង្ឃឹមដោយដីស្រែចម្ការត្រូវក្រុមហ៊ុនរំលោភយក ហើយព្រៃស្រោងដែលពួកគាត់អាស្រ័យអនុផលក៏ត្រូវរលាយទៀត។ ដូច្នេះមានតែប្រមុខរាជរដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ទេទើបអាចជួយដោះស្រាយបាន។
មន្ត្រីបម្រើការងារក្នុងខេត្តមួយរូបសុំមិនបញ្ចេញឈ្មោះបានឱ្យកោះសន្តិភាពដឹងថា តាមការសង្កេតផ្ទៃដីក្នុងខេត្តឧត្តរមានជ័យ គឺក្រុមហ៊ុនជាច្រើនបានធ្វើការអភិវឌ្ឍផ្នែកកសិ-ឧស្សាហកម្មស្ទើរតែរកដីឱ្យប្រជាពលរដ្ឋធ្វើស្រែចម្ការពុំបាន ព្រោះថាទីណាក៏ជាផ្ទៃដីរបស់ក្រុមហ៊ុនដែរ សូម្បីតែជម្រកសត្វព្រៃក្នុងតំបន់ព្រៃស្រោងក៏ក្រុមហ៊ុនទទួលបានការអភិវឌ្ឍធ្វើឱ្យបាត់បង់អនុផលព្រៃឈើដែលប្រជាពលរដ្ឋធ្លាប់រកទទួលទានជារៀងរាល់ឆ្នាំ។ បញ្ហាទាំងនេះ ក៏ព្រោះតែក្រុមហ៊ុនមួយចំនួនបានដាក់សំណើសុំទៅរាជរដ្ឋាភិបាលថា ជាតំបន់ព្រៃរេចរឹល តែតាមការពិតជាតំបន់ព្រៃស្រោង និងជាតំបន់សត្វព្រៃរស់នៅគ្រប់ប្រភេទ។ មន្ត្រីខេត្តដដែលនិយាយថា ថ្នាក់លើគូសវាសលើប្លង់លើផែនទីនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ អត់បានចុះពិនិត្យមើលជាក់ស្តែងសោះ៕
ចែករំលែកព័តមាននេះ