ក្រុងប៉ោយប៉ែត ៖ វេទិកាសាធារណៈស្តីពីសិទ្ធិមនុស្ស និងលក្ខខណ្ឌការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករចំណាកស្រុក បានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី២៤ សីហា ក្នុងបរិវេណវត្តបាលិលេយ្យ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីតំណាងអង្គការសង្គមស៊ីវិលមួយចំនួន ព្រមទាំងប្រជាពលរដ្ឋប្រមាណជាង២០០នាក់។
ក្នុងវេទិកាសាធារណៈនេះ មានប្រជាពលរដ្ឋមួយចំនួនបានលើកសំណូមពរដល់អាជ្ញាធរដែនដីពិសេសរាជរដ្ឋាភិបាល សូមឱ្យជួយបញ្ចុះតម្លៃប្រេង កុំឱ្យឡើងថ្លៃខ្លាំងពេក ដែលពេលនេះពួកគាត់ពិបាកក្នុងការរកទទួលទានខ្លាំងណាស់។ ឯអ្នកខ្លះលើកឡើងពីច្រកទ្វារប៉ោយប៉ែតថា តូចចង្អៀតពេលអូសរទេះគ្រាន់តែប៉ះបារ៉ាស់ត្រូវសមត្ថកិច្ចចាប់ផាកពិន័យយកលុយ ហើយពួកគាត់សំណូមពរបើកផ្លូវឱ្យធំទូលាយដើម្បីកុំឱ្យប៉ះទៀត។ ឯអ្នកខ្លះលើកឡើងពីការឆ្លងដែនចូលទៅដីថៃតាមផ្លូវកាត់ដោយនិយាយថា ដោយសារគ្មានប្រាក់ធ្វើប័ណ្ណឆ្លងដែន ហើយពួកគាត់ថា មិនចង់ទៅតាមផ្លូវកាត់ទេព្រោះវាអាចមានគ្រោះថ្នាក់នៅពេលណាមួយ ។ ឯអ្នកខ្លះទៀតសំណូមពរសុំឱ្យបញ្ចុះថ្លៃធ្វើប័ណ្ណអន្តោប្រវេសន៍ឆ្លងដែន ហើយសុំកុំឱ្យប៉ូលិសអន្តោប្រវេសន៍យកតែលុយបាតសុំឱ្យយកលុយខ្មែរផង។
លោកវន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធបានប្រាប់កោះសន្តិភាពថា វេទិកានេះប្រារព្ធធ្វើឡើងដើម្បីឱ្យប្រជាពលរដ្ឋលើកឡើងពីកង្វល់នានាដែលទាក់ទិនទៅនឹងសិទ្ធិមនុស្ស និងលក្ខខណ្ឌការងារ របស់កម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកនាំភ្ញៀវ ឬអ្នករត់ម៉ូតូឌុបដើម្បីដាក់ជូនអាជ្ញាធរស្វែងយល់ពីលក្ខខណ្ឌរស់នៅ និងការប្រកបមុខរបរផ្សេងៗនៅក្រុងប៉ោយប៉ែត ។ គោលបំណងគឺដើម្បីឱ្យអាជ្ញាធរមានលទ្ធភាពដោះស្រាយជូនពួកគាត់ និងកម្មករចំណាកស្រុក តើកម្មករចំណាកស្រុកមានសុវត្ថិភាពឬក៏អត់ដែលឆ្លងដែនទៅប្រទេសថៃតាមច្រកប៉ោយប៉ែត។ ជាមួយនេះដើម្បីឱ្យអាជ្ញាធរបានដឹង និងមានលទ្ធភាពក្នុងការដោះស្រាយសំដៅចូលរួមអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាពជូនប្រជាពលរដ្ឋ៕
ចែករំលែកព័តមាននេះ