រាជធានីភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងអាស៊ីតខ្លាំង នឹងត្រូវគណៈរដ្ឋមន្ត្រីកម្ពុជាលើកយកមកពិភាក្សា និងអនុម័តនៅព្រឹកថ្ងៃសុក្រ ទី២៦ សីហា ២០១១ នេះ ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលផ្សព្វផ្សាយនៅថ្ងៃទី២៥ សីហា នេះ។ សម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីដែលនឹងចាប់ផ្តើមប្រារព្ធធ្វើនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីវេលាម៉ោង៨និង៣០នាទីព្រឹកស្អែកនេះគឺស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ហើយក្រៅពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងអាស៊ីតខ្លាំង ដែលត្រូវពិភាក្សានៅគណៈរដ្ឋមន្ត្រីក៏នឹងលើកយកសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រែក្លាយមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈអគ្គិសនីកម្ពុជា ទៅជាវិទ្យាស្ថានវិទ្យាសាស្ត្រអគ្គិសនី និងលើកយកបញ្ហាផ្សេងៗមកពិភាក្សាផងដែរ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកអាស៊ីតនេះត្រូវបានរាជរដ្ឋាភិបាលនិងក្រុមអង្គការសង្គមស៊ីវិលសហការរួមគ្នាផ្តើមឱ្យមានច្បាប់នេះជាច្រើនឆ្នាំមកហើយ ដោយសារតែបទល្មើសនៃការជះទឹកអាស៊ីតបានកើនឡើងជាច្រើនករណីកាលពីពេលកន្លងមក។ ជនរងគ្រោះដោយទឹកអាស៊ីតមួយចំនួនត្រូវបានគេមើលឃើញថា រស់ក្នុងសភាពខ្មោចមិនមែនខ្មោច មនុស្សមិនមែនមនុស្ស ដោយរូបរាងកាយមើលទៅគួរឱ្យខ្លាច និងរស់ដោយក្តីឈឺចាប់បំផុត។ ជាមួយគ្នានេះដែរ ជនរងគ្រោះបានអះអាងថា ពួកគេរស់នៅដោយមានការរើសអើងពីសង្គមថែមទៀត ។ មន្ត្រីក្រសួងមហាផ្ទៃកន្លងមកបានអះអាងថា នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកអាស៊ីតនេះ ជនល្មើសអាចនឹងទទួលទោសដាក់ពន្ធនាគារអស់មួយជីវិត។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់អង្គការជួយជនរងគ្រោះ ដោយសារទឹកអាស៊ីត គិតត្រឹមខែសីហា ២០១១នេះ បានឱ្យដឹងថា រហូតមកទល់ពេលនេះ កម្ពុជាមានអ្នករងគ្រោះដោយទឹកអាស៊ីតចំនួន៣៣៥នាក់ ក្នុងនោះប្រុស១៤៦នាក់ ស្រី១៥៥នាក់ ក្មេងស្រីមាន១៨នាក់ និងក្មេងប្រុស១៤នាក់ ។ បទល្មើសនេះត្រូវគេរកឃើញថា មូលហេតុនៃការជះទឹកអាស៊ីត គឺ បណ្តាលមកពីមានការប្រចណ្ឌ ស្នេហាត្រីកោណ ជម្លោះគំនុំគុំកួន និងបញ្ហាផ្សេងៗ៕
ចែករំលែកព័តមាននេះ