រាជធានីភ្នំពេញ ៖ វេលាព្រឹកម៉ោង៨និង៣០នាទីថ្ងៃទី២៥ សីហា ២០១១ សមត្ថកិច្ចចម្រុះដោយដឹកនាំប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរផ្ទះល្វែងចំនួន២ថែមទៀត នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដើម្បីរុករកខោអាវជាច្រើនទៀត ដែលសមត្ថកិច្ចសង្ស័យថា ជនជាតិឥណ្ឌាទាំង៣នោះយកទៅលាក់ទុកឱ្យបានច្រើន ដើម្បីនាំចេញទៅលក់ក្រៅប្រទេស បន្ទាប់ពីប្រមូលទិញពីរោងចក្រនានានៅរាជធានីភ្នំពេញ។
ជាលទ្ធផល សមត្ថកិច្ចបានធ្វើការឆែកឆេរផ្ទះពីរល្វែងគឺលេខ៣១ និង៣២ ស្ថិតនៅលើផ្លូវលេខK4 ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលជាផ្ទះជនល្មើសជួលសម្រាប់ផ្ទុកសម្ភារនោះ គឺឆែកឆេរផ្ទះលេខ៣២ សមត្ថកិច្ចរកឃើញខោអាវវេចខ្ចប់រួចដាក់ក្នុងកេសយ៉ាងស្អាតសមរម្យ មានចំនួន៣៧៩កេស និង៤០បាវ ចំណែកផ្ទះលេខ៣២ សមត្ថកិច្ចឆែករកឃើញ៥៣០កេស និង៧បាវ ថែមទៀត ។
គួររំលឹកថា ប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃចូលរួមដោយក្រឡាបញ្ជីរបស់ព្រះរាជអាជ្ញារងសុខ រឿន កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២៤ សីហា ២០១១ បានចាប់ឃាត់ខ្លួនជនជាតិឥណ្ឌា៣នាក់ និងជនជាតិខ្មែរប្រុស-ស្រីជាង១០នាក់ ព្រមទាំងដកហូតរថយន្តកុងតឺន័រ១គ្រឿងដែលផ្ទុកទំនិញពេញនៅចំណុចមុខស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានឱ្យដឹងថា មនុស្ស និងរថយន្តកុងតឺន័រនេះ ជាករណីលួចខោអាវពីតាមរោងចក្រនានានៅរាជធានីភ្នំពេញ ដឹកយកទៅលក់នៅក្រៅប្រទេស ពោលគឺជនជាតិឥណ្ឌាទាំង៣នាក់នេះបានដើរប្រមូលទិញខោអាវពីកម្មករមួយចំនួនដែលលួចចេញពីក្នុងរោងចក្រនានា លុះបានច្រើន ឬអាចថា ពេញ១កុងតឺន័រ ទើបនាំចេញទៅក្រៅប្រទេស។
ចែករំលែកព័តមាននេះ