កាលពីថ្ងៃទី២៤ សីហា ទស្សនាវដ្តី FORBES របស់អាមេរិកបានចេញផ្សាយចំណាត់ថ្នាក់ប្រចាំឆ្នាំថ្មីរបស់នារី១០០រូប ដែលខ្លាំងជាងគេបំផុតលើពិភពលោកដោយចំណាត់ថ្នាក់ថ្មីនេះ លោកស្រីអធិការបតីអាល្លឺម៉ង់ អេនហ្សឺឡា ម័រកែល ជានារីខ្លាំងជាងគេបំផុតលើពិភពលោក នាំមុខរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រីហ៊ីលឡារី គ្លីនតុន និងប្រធានាធិបតីប្រេស៊ីល លោកស្រីឌីលម៉ា រូសេហ្វ ។
អគ្គនាយិកាថ្មីរបស់ IMF ជនជាតិបារាំង លោកស្រីគ្រីស្ទីន ឡាហ្គាដ ស្ថិតក្នុងចំណាត់ថ្នាក់ទី៩ ។ នារីទាំង១០០នាក់ ដែលខ្លាំងជាងគេលើពិភពលោកនោះបើគិតទ្រព្យសម្បត្តិរបស់ពួកគេសរុបគ្នាមានដល់៣០.០០០ពាន់លានដុល្លារឯណោះ ។
ទស្សនាវដ្តី FORBES អះអាងថា នារីទាំងនេះមានអាយុ២៥ទៅ៨៥ឆ្នាំ ត្រួតត្រារួមគ្នានូវទឹកប្រាក់សរុបដល់៣០.០០០ពាន់លានដុល្លារ។ នារីទាំងនេះជាអ្នកទទួលខុសត្រូវខាងនយោបាយ ជាប្រធានអគ្គនាយក ជានារីរកស៊ីខាងម៉ាស៊ីនឃោសនា សិល្បការិនី ឬជាអ្នកទទួលខុសត្រូវនៃអង្គការសប្បុរសធម៌។ កម្លាំងរបស់ស្ត្រីទាំងនេះគឺទ្រព្យសម្បត្តិ អំណាច និងម៉ាស៊ីនឃោសនា បណ្តាញអ៊ីនធើរណេត…។
ក្នុងចំណោមនារីខ្លាំងទាំង១០០រូបនេះ អ្នកដែលមានវ័យក្មេងជាងគេបំផុតគឺតារាប៉ុបអាមេរិក នាង LADY GAGA មានអាយុ២៥ឆ្នាំហើយស្ថិតក្នុងចំណាត់ថ្នាក់លេខ១១។ អ្នកដែលមានវ័យចំណាស់ជាងគេគឺព្រះមហាក្សត្រីយានីអេលីហ្សាបែតទី២ ព្រះជន្ម៨៥ព្រះវស្សា ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី៤៩។ កាលពីឆ្នាំទៅមិញ លោកស្រីមីសែល អូបាម៉ា ទទួលបានចំណាត់ថ្នាក់ទីមួយ តែឆ្នាំនេះលោកស្រីធ្លាក់ដល់ចំណាត់ថ្នាក់ទី៨។ នាយករដ្ឋមន្ត្រីថៃ លោកស្រីយីងឡាក់ស្ថិតក្នុងចំណាត់ថ្នាក់ទី៥៩ ។
ខាងក្រោមនេះជាស្ត្រីខ្លាំងជាងគេលើពិភពលោកចំនួន១២រូប មានឈ្មោះមុខគេក្នុងចំណាត់ថ្នាក់នេះ ៖
ទី១-លោកស្រីអេនហ្សឺឡា ម័រកែល អធិការបតីអាល្លឺម៉ង់។
ទី២-លោកស្រីហ៊ីល ឡារី គ្លីនតុន រដ្ឋមន្ត្រីការបរទេសអាមេរិក។
ទី៣-លោកស្រីឌីលម៉ា រូសេហ្វ ប្រធានាធិបតីប្រេស៊ីល។
ទី៤-លោកស្រីឥន្ទ្រា ណូយី ប្រធានអគ្គនាយករបស់ក្រុមហ៊ុន PEPSICO ។
ទី៥-លោកស្រី SHERYL SANDBERG ប្រធានអគ្គនាយករបស់ក្រុមហ៊ុន FACE-BOOK ។
ទី៦-លោកស្រីមីលីនដា ហ្គេត សហប្រធានរបស់មូលនិធិប៊ីល និងមីលីនដា ហ្គេត។
ទី៧-លោកស្រីសូនីញ៉ា គន្ធី ប្រធានគណបក្សកុងក្រេស ឥណ្ឌា។
ទី៨-លោកស្រីមីសែល អូបាម៉ា ស្ត្រីទីមួយសហរដ្ឋអាមេរិក។
ទី៩-លោកស្រីគ្រីស្ទីណាឡាហ្គាដ អគ្គនាយិការបស់ IMF ។
ទី១០-លោកស្រី IRENG ROSENFELD ប្រធានអគ្គនាយករបស់ក្រុមហ៊ុន KRAFT FOODS ។
ទី១១-នាង LADY GAGA តារាចម្រៀងប៉ុបអាមេរិក។
ទី១២-លោកស្រី JILL ABRAMSON និពន្ធនាយករបស់កាសែតញូវយ៉កថែម ៕
ចែករំលែកព័តមាននេះ