រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកឱ្យដឹងថា នៅថ្ងៃសុក្រ ទី២៦ សីហា ២០១១ វេលាម៉ោង៥និង៤៥នាទីល្ងាច លោកស្រី Carol A.Rodley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា នឹងរៀបចំពិធីជប់លៀងអាហារស្រាយបួសសម្រាប់សហគមន៍អ្នកកាន់សាសនាអ៊ិស្លាមក្នុងរាជធានីភ្នំពេញ នៅស្ថានទូតអាមេរិក។
ការជួបជុំដើម្បីបរិភោគអាហារស្រាយបួស លោកស្រីឯកអគ្គរដ្ឋទូត Rodley នឹងរៀបចំឱ្យមានពិធីថ្វាយបង្គំតាមប្រពៃណីបុណ្យរ៉ាម៉ាដន ដោយសហការជាមួយតំណាងសហគមន៍អ្នកកាន់សាសនាអ៊ិស្លាម លោក Wahid Abdullah សមាជិកគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា និងកញ្ញា Sofarina មកពីមជ្ឈមណ្ឌលឯកសារកម្ពុជា។ ស្ថានទូតអាមេរិកបន្តថា ក្នុងពេលថ្មីៗនេះ លោកស្រីឯកអគ្គរដ្ឋទូត Rodley បានដឹកនាំគណៈប្រតិភូបុគ្គលិកស្ថានទូតអាមេរិក ទៅកាន់ខេត្តកំពត ដើម្បីរៀបចំអាហារស្រាយបួសសម្រាប់អ្នកកាន់សាសនាអ៊ិស្លាមកម្ពុជាចំនួនជិត២០០នាក់ កាលពីថ្ងៃសុក្រ ទី១៩ សីហា ២០១១ កន្លងទៅ ។
ពិធីបុណ្យរ៉ាម៉ាដន មានរយៈពេលមួយខែ សម្រាប់ការតមអាហារទាំងស្រុងរាល់ថ្ងៃចាប់ពី ពេលថ្ងៃរះដល់ពេលថ្ងៃលិច សម្រាប់អ្នកកាន់សាសនាអ៊ិស្លាមនៅទូទាំងពិភពលោក។ រដូវបុណ្យនេះអ្នកកាន់សាសនាអ៊ិស្លាមតមមិនបរិភោគអាហារ ឬទឹក ឬបំពេញតម្រូវការដទៃទៀតរបស់រាងកាយដើម្បីភាពបរិសុទ្ធនៃព្រលឹងផ្ចង់ស្មារតីយកចិត្តទុកដាក់ជាថ្មីចំពោះជំនឿរបស់គេ និងការប្រតិបត្តិលះបង់ ។ Iftar គឺជាអាហារពេលល្ងាចដែលអ្នកកាន់សាសនាអ៊ិស្លាមបរិភោគជាអាហារស្រាយបួសរបស់គេក្នុងរដូវបុណ្យរ៉ាម៉ាដន ។ ស្ថានទូតអាមេរិកបានអបអរពិធីបុណ្យរ៉ាម៉ាដនជាមួយសហគមន៍អ៊ិស្លាមកម្ពុជា ដើម្បិលើកកម្ពស់ការគោរពភាពចម្រុះនៃជំនឿសាសនាចាប់តាំងពីឆ្នាំ២០០៣មកម៉្លេះ ៕
ចែករំលែកព័តមាននេះ