បទឈប់បាញ់គ្នាដ៏ផុយស្រួយដែលបង្កើតឡើងរវាងអ៊ីស្រាអែល និងបណ្តាក្រុមប្រដាប់អាវុធប៉ាឡេស្ទីននៅជ្រោយហ្គាហ្សាត្រូវរងការគំរាមកំហែងកាលពីថ្ងៃទី២៤ សីហា ក្រោយការស្លាប់ជនប៉ាឡេស្ទីន៣នាក់ក្នុងនោះមានជនសកម្មប្រយុទ្ធរបស់ក្រុមជីហាដអ៊ិស្លាម២នាក់ក្នុងឱកាសនៃការវាយប្រហារនានារបស់អ៊ីស្រាអែលនិងការបាញ់គ្រាប់រ៉ុក្កែតប្រឆាំងរដ្ឋអ៊ីស្រាអែល។
ម្យ៉ាងទៀតសាកសពដែលដាច់ដោចរបស់បុរសអាយុ៦៥ឆ្នាំម្នាក់ លោកអ៊ីស្មាអែល អាមូម ត្រូវបានរកឃើញនារសៀលថ្ងៃទី២៤ សីហា នោះក្នុងតំបន់មួយដែលរងការវាយប្រហាររបស់អ៊ីស្រាអែលក្នុងចំការមួយស្ថិតនៅក្បែរជំរំជនភៀសខ្លួន DEIR AL-BALAH ។
ការវាយប្រហារកាលពីយប់ថ្ងៃទី២៤ សីហា ធ្វើឡើងបន្ទាប់ពីការបាញ់គ្រាប់រ៉ុក្កែត៤គ្រាប់ទៅលើភាគខាងត្បូងអ៊ីស្រាអែលដែលពុំបណ្តាលឱ្យមានអ្នកត្រូវរបួស ឬការខូចខាតឡើយ។ ក្រុមប្រដាប់អាវុធប៉ាឡេស្ទីន AL-QODS អះអាងក្នុងសេចក្តីប្រកាសមួយថា ពួកខ្លួនបានបាញ់គ្រាប់រ៉ុក្កែតទាំងឡាយប្រឆាំងទីក្រុងអ៊ីស្រាអែលជាច្រើនក្នុងនោះរួមមានទីក្រុង BEERSHEBA ដែលជាទីក្រុងធំជាងគេនៅភាគ ខាងត្បូងអ៊ីស្រាអែលផងដែរ។ ចំណែកក្រុមរណសិរ្សប្រជាជនរំដោះប៉ាឡេស្ទីនវិញនិយាយថា ពួកគេបានបាញ់គ្រាប់រ៉ុក្កែត២គ្រាប់។
បទឈប់បាញ់គ្នាដ៏ផុយស្រួយមួយត្រូវបានចុះហត្ថលេខារវាងចលនាហាម៉ាស់ដែលត្រួតត្រាជ្រោយហ្គាហ្សា និងអ៊ីស្រាអែលចាប់ពីថ្ងៃទី២២ សីហា មក បន្ទាប់ពីការបាញ់គ្រាប់រ៉ុក្កែតរបស់ពួកប៉ាឡេស្ទីន និងការវាយប្រហារតាមអាកាសជាច្រើនថ្ងៃរបស់អ៊ីស្រាអែលមក។ នាព្រឹកព្រលឹមថ្ងៃទី២៥ សីហា កងយន្តហោះអ៊ីស្រាអែលបានវាយប្រហារប្រឆាំងក្លឹបកីឡាមួយរបស់ក្រុមជីហាដអ៊ិស្លាមនៅភាគខាងជើងហ្គាហ្សា ដោយសម្លាប់ជនប៉ាឡេស្ទីនម្នាក់ទៀតរួចមនុស្សប្រមាណជា១០នាក់ត្រូវរបួស៕
ចែករំលែកព័តមាននេះ