ខេត្តកំពង់ឆ្នាំង ៖ រថយន្តធុនទំនើបម៉ាកឡិចស៊ីស RX300 មួយគ្រឿងដែលដឹកឈើគ្រញូងពេញ បានត្រូវកម្លាំងកងរាជអាវុធហត្ថស្នាក់ការលេខ៥០១ សហការជាមួយកងរាជអាវុធហត្ថខេត្តស្ទាក់ចាប់បានកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៤ សីហា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវបំបែកចូលវត្តយុគន្ធរ ស្ថិតក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ។
លោកធុច អាន នាយស្នាក់ការកងរាជអាវុធហត្ថស្នាក់ការលេខ៥០១ បានឱ្យដឹងថា ដោយទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ជួន ជឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តដែលបានបញ្ជាឱ្យស្ទាក់ចាប់រថយន្តម៉ាកឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម 2A-3168 ធ្វើដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង ក្នុងទិសដៅពោធិ៍សាត់-ភ្នំពេញ ភ្លាម លោកក៏បានដឹកនាំកម្លាំងចេញបង្ក្រាប។ ប៉ុន្តែភ្លាមៗនោះរថយន្តបានបើកទៅផុតស្នាក់ការរបស់លោកបាត់ទៅហើយ ទោះជាយ៉ាងកម្លាំងកងរាជអាវុធហត្ថខេត្តបានស្កាត់ពីមុខជាប់ ហើយរថយន្តដឹកឈើនោះបកក្បាលត្រឡប់ថយក្រោយវិញក៏ត្រូវកម្លាំងរបស់លោកស្ទាក់ពីក្រោយ ទើបបត់ក្បាលចូលព្រៃ រួចអ្នកបើកបរក៏បានរត់គេចខ្លួនបាត់ទៅ ។
លោកធុច អាន បានបន្តទៀតថា ពេលនោះលោកក៏បានទូរស័ព្ទរាយការណ៍ទៅមេបញ្ជាការខេត្ត និងមេព្រៃ រួចនាំរថយន្តមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីថ្លឹងរាប់ទាំងអស់គ្នា។ ក្រោយធ្វើការរាប់ និងថ្លឹងឃើញមានឈើគ្រញូងចំនួន១៣១ដុំ ស្មើនឹង៥៤៥គីឡូក្រាម ឬស្មើនឹង០,៤៥៤ម៉ែត្រគូប និងត្រូវបានបញ្ជូនទៅមន្ត្រីរដ្ឋបាលព្រៃឈើដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ