របាយការណ៍ប្រចាំឆ្នាំមួយរបស់មន្ទីរប៉ង់តាហ្គោនស្តីពីកងទ័ពចិនបញ្ជាក់ថា ចិន ស្វះស្វែងពង្រឹងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដោយបំពាក់មីស៊ីលបាលីស្ទីកថ្មីៗ ដែលអាចប្រឆាំងនឹងការវាយប្រហារជាយថាហេតុណាមួយ។
យោងតាមរបាយការណ៍នេះមន្ទីរប៉ង់តាហ្គោនគូសបញ្ជាក់កាលពីថ្ងៃទី២៤ សីហា ថា ការកែលំអទាំងនេះ សំដៅធានាដល់ភាពប្រាកដប្រជានៃអាវុធទាំងឡាយរបស់ចិនប្រឈមមុខនឹងការចម្រើនជឿនលឿនជាប់ជាប្រចាំរបស់សហរដ្ឋអាមេរិក និងរបស់រុស្ស៊ី។ ក្រុងប៉េកាំងប្រកាន់យកនយោបាយមិនប្រើប្រាស់មុនគេ នូវអាវុធនុយក្លេអ៊ែរ ដោយនឹងតបតវិញតាមមធ្យោបាយនេះ តែក្នុងករណីប្រទេសខ្លួនជាគោលដៅនៃការឈ្លានពានដោយនុយក្លេអ៊ែរមួយ។ មន្ទីរប៉ង់តាហ្គោនរាយការណ៍ទៀតថា ម្យ៉ាងវិញទៀត ការវិត្តន៍នៃផលប្រយោជន៍សេដ្ឋកិច្ច និងយុទ្ធសាស្ត្របានកែប្រែយ៉ាងខ្លាំង ការវិនិច្ឆ័យរបស់ចិន លើកម្លាំងខាងជើងទឹករបស់ខ្លួន។ ចិនប៉ុនប៉ងពង្រីកមីស៊ីលប្រឆាំងនាវាដែលអាចវាយប្រហារបណ្តានាវាផ្ទុកយន្តហោះ ។ ចិនក៏កែលំអផងដែរនូវប្រព័ន្ធរ៉ាដារបស់ខ្លួន ពង្រីកកងនាវាមុជទឹក ហើយពង្រឹងនាវាចម្បាំង។ នាវាផ្ទុកយន្តហោះដំបូងរបស់ចិនបានចេញធ្វើការសាកល្បងរយៈពេលប៉ុន្មានថ្ងៃមកហើយ ។ យោងតាមរបាយការណ៍របស់មន្ទីរប៉ង់តាហ្គោនថា សមត្ថភាពនាវាផ្ទុកយន្តហោះចិននៅមានកម្រិត ហើយដំបូងប្រើប្រាស់សម្រាប់ការហ្វឹកហ្វឺន និងការវាយតម្លៃ។
យោងតាមមន្ទីរប៉ង់តាហ្គោនថា ចិនហាក់ដូចជាកំពុងស្ថិតលើផ្លូវដ៏ល្អ ដើម្បីបំពាក់អាវុធទំនើបៗរហូតដល់ឆ្នាំ២០២០ ក៏ប៉ុន្តែឧបករណ៍សំខាន់មួយចំនួនជារឿយៗ តែងបង្ហើបឱ្យដឹងមុនដូចជា យន្តហោះបំបាំងកាយជាដើម ដែលនឹងអាចប្រើប្រាស់បានរហូតដល់ច្រើនឆ្នាំទៀត។ របាយការណ៍របស់មន្ទីរប៉ង់តាហ្គោនអះអាងម្យ៉ាងទៀតថា ការវាយប្រហារលើប្រព័ន្ធព័ត៌មានវិទ្យាក្នុងឆ្នាំ២០១០ សំដៅលើបណ្តាកុំព្យូទ័ររបស់រដ្ឋាភិបាលអាមេរិក ពិតណាស់ មានប្រភពមកពី ដែនដីចិន ។ ការជ្រៀតចូលខាងប្រព័ន្ធព័ត៌មានវិទ្យានេះ ក្នុងគោលបំណងប្រមូលព័ត៌មាននានា៕
ចែករំលែកព័តមាននេះ