ក្រុមប្រឹក្សាជាតិបណ្តោះអាសន្នលីប៊ី CNT ជាអង្គការនយោបាយរបស់ពួកឧទ្ទាមលីប៊ីបានសន្យាកាលពីថ្ងៃទី២៤ សីហា ផ្តល់រង្វាន់ជាទឹកប្រាក់១,៣លានដុល្លារ និងផ្តល់ការលើកលែងទោស ដល់ជនណាដែលប្រគល់ខ្លួនលោកមូអាម៉ា កាដាហ្វី ទោះស្លាប់ ឬរស់។
ពួកបះបោរដែលនិយាយថា ពេលនេះពួកគេត្រួតត្រាដែនដីលីប៊ី៩៥% នោះកំពុងតាមប្រមាញ់ លោកកាដាហ្វី ដែលដឹកនាំប្រទេសអស់រយៈពេល៤២ឆ្នាំមកហើយ ដោយទីបញ្ជាការធំរបស់លោកនៅក្រុងទ្រីប៉ូលីគឺ បន្ទាយ BAB AL AZIZIYA ទទួលរងការវាយលុកកាន់កាប់ របស់ពួកឧទ្ទាម និងមានការប្រមូលយកទ្រព្យសម្បត្តិនៅទីនោះ ។ ក៏ប៉ុន្តែការប្រយុទ្ធគ្នានៅបន្តកាលពីថ្ងៃទី២៤ សីហា ក្នុងសង្កាត់មួយចំនួននៃរដ្ឋធានីទ្រីប៉ូលី។
ក្នុងសារមួយដកស្រង់ផ្សាយដោយទូរទស្សន៍ AL OROUBA មេដឹកនាំលីប៊ី បានសន្យាបន្តការតស៊ូរហូតដល់ស្លាប់។ កូនស្រីតែមួយរបស់លោក នាងអៃអ៊ីចា បានអំពាវនាវដល់ប្រជាជនលីប៊ីទាំងអស់ឱ្យរួបរួមគ្នាប្រឆាំងអូតង់។ ទោះបីជាមានការដួលរលំនៃបន្ទាយ BAB AL AZIZIYA ក៏ដោយ ក៏ពួកឧទ្ទាមនៅពុំទាន់ទទួលបានជោគជ័យទាំងស្រុងដែរ។
លោកកាដាហ្វី នៅតែពុំទាន់រកឃើញ ហើយហៅការចាកចេញរបស់លោកពីបន្ទាយ BAB AL AZIZIYA ថា ជាការដកថយតាមក្បួនយុទ្ធសាស្ត្រប៉ុណ្ណោះ ។ ពួកឧទ្ទាមមួយចំនួនទៀតនិយាយថា លោកកាដាហ្វី ស្ថិតនៅក្នុងក្រុងទ្រីប៉ូលី នៅឡើយ តែពួកឧទ្ទាមខ្លះយល់ថា លោកកាដាហ្វី អាចទៅកាន់ទីក្រុង SYRTE ជាទីក្រុងកំណើតរបស់លោកស្ថិតនៅចម្ងាយ៤៥០គីឡូក្រាម ខាងកើតក្រុងទ្រីប៉ូលី ដែលពួកបះបោរកំពុងលើកទ័ពឆ្ពោះទៅកាន់ទីនោះ ៕
ចែករំលែកព័តមាននេះ