ខេត្តកំពង់ឆ្នាំង ៖ កម្មករ-កម្មការិនីរោងចក្រ M.V បានរងការទន់ដៃទន់ជើងដួលសន្លប់ជាបន្តបន្ទាប់ជាង១៥០នាក់ទៀតហើយនាវេលាម៉ោង៩ព្រឹក ថ្ងៃទី២៥ សីហា ២០១១ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ដែលមើលទៅឃើញពួកគេដេកព្យួរសេរ៉ូម រដូករណែលពេញមន្ទីរពេទ្យ។
កម្មករជាង១៥០នាក់ ដែលដួលសន្លប់នេះ គ្រាន់តែជាព័ត៌មានជំហានដំបូងប៉ុណ្ណោះ អាចនៅមានច្រើននាក់ទៀត ដែលកំពុងរៀបចំដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្តបន្ទាប់ ឯមូលហេតុពិតប្រាកដនៃការដួលសន្លប់ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីរដ្ឋបាលរោងចក្រកំពុងធ្វើការត្រួតពិនិត្យ…។
គួររំលឹកថា កន្លងមកថ្មីៗនេះ កម្មករ-កម្មារិនីនៃរោងចក្រ M.V ចំនួន៨៧នាក់បានទន់ដៃជើង ដួលសន្លប់ជាបន្តបន្ទាប់ បង្កឱ្យមានការភ្ញាក់ផ្អើលស្លន់ស្លោត្រូវមេការចាត់បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត កាលពី វេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៣ សីហា ២០១១។ រោងចក្រ M.V ជារោងចក្រតម្បាញ ស្ថិតក្នុងភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ការដួលសន្លប់របស់កម្មករនេះ គឺច្រើនលើកច្រើនសាមកហើយ ដែលអាចបណ្តាលមកពីបរិស្ថានមិនល្អ។
ការដួលសន្លប់លើកនេះមិនទាន់ត្រូវបានគេរកមូលហេតុឃើញនៅឡើយទេ ប៉ុន្តែប្រភពពីកម្មករបាននិយាយថា បណ្តាលមកពីធុំក្លិនមិនល្អថប់ខ្យល់ដែលមុនដំបូងមានមនុស្សម្នាក់ ឬពីរនាក់ប៉ុណ្ណោះទន់ដៃ ទង់ជើង ដួល ហើយភ្លាមៗនោះ មនុស្សជាច្រើននាក់ទៀតបានដួលបន្តបន្ទាប់គ្នា រហូតដល់ជាង១៥០នាក់ និងនៅមានអ្នកដួលបន្តទៀត៕
ចែករំលែកព័តមាននេះ