អ្នកទទួលខុសត្រូវម្នាក់របស់រដ្ឋាភិបាលយេម៉ែនគូសបញ្ជាក់ថា នាយករដ្ឋមន្ត្រីយេម៉ែនលោកអាលី ម៉ូហាម៉េដ មូចាវ៉ា ដែលមុននេះស្ថិតនៅអារ៉ាប៊ី សាអ៊ូឌីត ដើម្បីព្យាបាលរបួសក្រោយការវាយប្រហារមួយប្រឆាំងវិមានប្រធានាធិបតីកាលពីខែមិថុនា កន្លងមកនេះបានវិលមកដល់ទីក្រុងសាណា រដ្ឋធានីយេម៉ែនវិញហើយកាលពីថ្ងៃទី២៣ សីហា។
លោកមូចាវ៉ាដែលត្រូវរបួសក្នុងពេលជាមួយគ្នានឹងប្រធានាធិបតីលោកអាលី អាប់ឌុលឡាហ៍ សាឡេហ៍ និងអ្នកទទួលខុសត្រូវជាន់ខ្ពស់យេម៉ែនជាច្រើនរូបទៀតក្នុងការវាយប្រហារកាលពីថ្ងៃទី៣ មិថុនា នោះគឺជាអ្នកទទួលខុសត្រូវយេម៉ែនដំបូងគេដែលវិលត្រឡប់មកកាន់ក្រុងសាណាវិញ ក្រោយពីទទួលការព្យាបាលរបួសក្នុងមន្ទីរពេទ្យមួយនៃទីក្រុងរីយ៉ាដ។ ចំណែកសពរបស់ប្រធានព្រឹទ្ធសភាលោកអាប់ឌូឡាហ្ស៊ីសអាប់ឌុលហ្គានី ដែលទទួលមរណភាពកាលពីថ្ងៃទី២២ សីហា ក្នុងមន្ទីរពេទ្យអារ៉ាប៊ី សាអូឌីត នោះដែរក្រោយត្រូវរបួសធ្ងន់ពេកពេលរងការវាយប្រហារ ត្រូវបានបញ្ជូនកាលពីព្រឹកថ្ងៃទី២៣ សីហា មកដល់ទីក្រុងសាណាដែរហើយ ៕
ចែករំលែកព័តមាននេះ