ក្រុមប្រឆាំងស៊ីរីប្រកាសកាលពីថ្ងៃទី២៣ សីហា នៅទីក្រុងអ៊ីស្តង់ប៊ុល(តួកគី)ពីការបង្កើតក្រុមប្រឹក្សាជាតិមួយក្នុងបំណងបង្កើតរចនាសម្ព័ន្ធនយោបាយនានាសម្រាប់បំពេញចន្លោះប្រហោងនៃអំណាចក្រោយការចាកចេញរបស់ប្រធានាធិបតីលោកបាចាអាល់អាសាដ។
ការប្រកាសនេះត្រូវបានធ្វើបន្ទាប់ពីកិច្ចប្រជុំរយៈពេល៣ថ្ងៃមួយរបស់ពួកប្រឆាំងស៊ីរីចំនួន៥០ក្រុមនៅក្រុងអ៊ីស្តង់ប៊ុល និងប៉ុន្មានថ្ងៃក្រោយពីសហរដ្ឋអាមេរិក និងបណ្តាសម្ព័ន្ធមិត្តអឺរ៉ុបអំពាវនាវឱ្យលោកប្រធានាធិបតីអាសាដចាកចេញពីតំណែងមក។
លោកយ៉ាស័រ តាបបារ៉ា មេដឹកនាំប្រឆាំងស៊ីរីម្នាក់ថ្លែងថា ទិសដៅរបស់យើងគឺជាសំឡេងនៃបដិវត្តន៍ស៊ីរី ហើយបង្កើនការគាបសង្កត់លើរបបលោកអាសាដ។ ទិសដៅសំខាន់របស់យើងគឺកម្ទេចរបបស៊ីរីបច្ចុប្បន្ន ហើយបង្កើតរចនាសម្ព័ន្ធនានាដើម្បីរារាំងរាល់អន្តរាគមន៍ពីខាងក្រៅហើយថែរក្សាឯកភាពស៊ីរី។
លោកតាបបារ៉ាអះអាងថា ពួកប្រឆាំងបង្កើតក្រុមប្រឹក្សាជាតិដើម្បីធ្វើឱ្យរបបលោកអាសាដចុះខ្សោយ។ យើងព្រមព្រៀងគ្នាថា ការតស៊ូដោយសន្តិវិធីនឹងនៅតែជាគោលការណ៍របស់យើង និងថាយើងពុំចាំបាច់ត្រូវការស្នើសុំអន្តរាគមន៍បរទេសមួយឡើយ ៕
ចែករំលែកព័តមាននេះ