ខេត្តកណ្តាល ៖ ទីតាំងកត់ឆ្នោត(កន្ទុយលេខ) និងល្បែងហ្គេមជ្រកក្រោមស្លាកបំរើអ៊ីនធើរណេតកំពុងកើតមានពេញបន្ទុកនៅក្រុងតាខ្មៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ តែសមត្ថកិច្ច និងអាជ្ញាធរហាក់ដូចជាគ្មានអើពើយកចិត្តទុកដាក់ក្នុងការបង្ក្រាបឡើយ។
ថ្មីៗនេះអ្នកយកព័ត៌មានកោះសន្តិភាពបានទទួលទូរស័ព្ទពីលោកគ្រូម្នាក់នៅក្រុងតាខ្មៅសំណូមពរឱ្យជួយចុះផ្សាយពីទីតាំងហ្គេមជាច្រើនកន្លែង សុទ្ធតែជ្រកក្រោមស្លាកបម្រើអ៊ីនធើរណេត ហើយអូសទាញសិស្សសាលាឱ្យចូលលេង និងគេចមិនចូលសាលារៀន។
គ្រូបង្រៀនម្នាក់នោះឱ្យដឹងថា មានទីតាំងបើកលេងហ្គេមនៅភូមិថ្មី សង្កាត់តាខ្មៅ នៅជាប់ផ្លូវលេខ១១០យីហោយ៉ាយ៉ា បម្រើសេវាអីុនធើរណេត និងនៅតាមផ្លូវនេះមានចំនួន៣កន្លែងទៀត និងនៅម្តុំខាងជើងវិទ្យាល័យហ៊ុន សែន តាខ្មៅមួយកន្លែងទៀត។ ចំណែកនៅខាងកើតផ្សារតាខ្មៅចាស់វិញមានជាច្រើនកន្លែងដូចជាយីហោយូអ៊ីបម្រើសេវ៉ាអ៊ីនធើរណេត និងនៅខាងលិចផ្លូវលេខ២០៦ ខាងត្បូងគល់ស្ពានតាខ្មៅ ។ ទីតាំងហ្គេមទាំងនោះមានសិស្សសាលាជាច្រើនពពាក់ពពូនគ្នាចូលលេងដោយគេចពីសាលាមិនចូលរៀនជាច្រើនថ្ងៃមកហើយ។ ឃើញបែបនេះលោកចាប់ផ្តើមតាមដានកូនរបស់ខ្លួនស្រាប់តែឃើញស្ពាយកាតាបចូលផ្ទះមួយមានដាក់យីហោថា យ៉ាយ៉ាបម្រើសេវាអីុនធើរណេតនៅខាងជើងផ្លូវលេខ១១០ភូមិថ្មី សង្កាត់តាខ្មៅ ។ ពេលនោះលោកទៅមើលស្រាប់តែឃើសុទ្ធតែសិស្សសាលាជាច្រើនមានអាយុប្រហែលពី១០ទៅ១៥ឆ្នាំ កំពុងតែលេងហ្គេម រួមទាំងកូនរបស់លោកផងដែរ ។ លោកបានហៅ កូនឱ្យត្រឡប់ទៅផ្ទះវិញ និងទូន្មានកុំឱ្យទៅលេងទៀត។
លោកគ្រូម្នាក់នោះបានអំពាវនាវដល់អាណាព្យាបាល បើមានការសង្ស័យទៅលើកូនរបស់ខ្លួនសូមតាមដានជាបន្ទាន់ ព្រោះបច្ចុប្បន្នមានសិស្សជាច្រើនគេចសាលារៀនទៅសម្ងំលេងហ្គេម ។ លោកសំណូមពរដល់អាជ្ញាធរឱ្យចាត់វិធានការទប់ស្កាត់ជាបន្ទាន់ហ្គេមជ្រកក្រោមស្លាកអ៊ីនធើរណេត ព្រោះមានសិស្សជាច្រើនគេចពីសាលារៀនចូលលេង។
ទន្ទឹមនឹងល្បែងហ្គេមពង្វក់សិស្សសាលានេះ ល្បែងឆ្នោតក៏កំពុងពង្វក់មនុស្សចាស់ខ្លាំងណាស់ដែរនៅក្រុងតាខ្មៅ ខេត្តកណ្តាល ។ តាមប្រភពព័ត៌មានឱ្យដឹងថា មានកន្លែងកត់ឆ្នោតជាច្រើននៅផ្សារតាខ្មៅចាស់ និងផ្សារតាខ្មៅថ្មី។ កន្លែងកត់ឆ្នោតទាំងនោះគឺនៅជាមួយកន្លែងលក់ទូរស័ព្ទដៃ និងជាមួយកន្លែងប្តូរប្រាក់ជាដើម។ កន្លែងកត់ឆ្នោតមានមិនតិចជាង៥០កន្លែងឡើយ ហើយអ្នកកត់នោះហាក់ដូចជាមិនខ្លាចក្រែងអាជ្ញាធរ ឬសមត្ថកិច្ចឡើយ គឺនៅកត់កណ្តាលវាលមិនលាក់បាំងសោះ ទំនងហាក់មានការត្រូវរ៉ូវគ្នារួចហើយ ឬមួយអាជ្ញាធរមិនទទួលបានព័ត៌មាននេះ ក៏មិនដឹង។ ការកើតមានកន្លែងកត់ឆ្នោតរយៈពេល៥ទៅ៦ខែចុងក្រោយនេះ គឺក្រោយពីមានយុទ្ធនាការក្តៅគគុកបោសសំអាតល្បែងស៊ីសងគ្រប់ប្រភេទកាលពីឆ្នាំកន្លងទៅ ៕
ចែករំលែកព័តមាននេះ