ខេត្តបន្ទាយមានជ័យ ៖ នៅស្នងការដ្ឋាននគរបាលខេត្តកាលពីរសៀលថ្ងៃទី២៣ សីហា មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងមន្ត្រីនគរបាលខេត្តចំនួន១១៤នាក់ ក្រោមអធិបតីភាពលោករៀម សារិន អភិបាលរងខេត្ត ។ ចូលរួមក្នុងឱកាសនោះមានលោកអាំង មាលតី ប្រធានសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោរ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការនគរបាលខេត្ត លោកឡុង ជៀប ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។
លោកឧត្តមសេនីយ៍ត្រីខេង ស៊ុម ស្នងការនគរបាលខេត្តធ្វើសេចក្តីរាយការណ៍ថា ទាក់ទិននឹងការងារសន្តិសុខផ្ទៃក្នុង ស្នងការដ្ឋាននគរបាលខេត្ត បានចុះបើកវេទិកាសាធារណៈដើម្បីពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព សំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមឃុំ-សង្កាត់ ។ ចំពោះការងារព្រំដែន ថ្វីដ្បិតតែមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងនគរបាលការពារព្រំដែនគោកទាំង៤មានស្មារតីប្រុងប្រយ័ត្នជានិច្ច ។
បន្ទាប់មក លោកវរសេនីយ៍ទោ ឱ លន់ នាយការិយាល័យបុគ្គលិក បានអានប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការតែងតាំងមុខតំណែងនិងផ្ទេរភារកិច្ចមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តចំនួន៥៧នាក់ ក្នុងនោះតែងតាំងមុខតំណែងលោកអនុសេនីយ៍ឯកយ៉ត សុផល ពីអធិការរងនគរបាលស្រុកមង្គលបុរី ជាអធិការនគរបាលស្រុកមង្គលបុរីជំនួសលោកវរសេនីយ៍ត្រីផុន សាលីម ដែលមកជានាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ។ ផ្ទេរភារកិច្ចលោកវរសេនីយ៍ត្រីស៊ី ឌី អធិការនគរបាលស្រុកស្វាយចេក ទៅជាអធិការនគរបាលស្រុកភ្នំស្រុក ផ្ទេរលោកវរសេនីយ៍ត្រីរឿង បូរ ពីអធិការនគរបាលស្រុកភ្នំស្រុក ជាអធិការនគរបាលស្រុកស្វាយចេកវិញ និងផ្ទេរភារកិច្ចលោកអនុសេនីយ៍ឯកលឹម តឹកផេង ពីអធិការរងនគរបាលក្រុងប៉ោយប៉ែត ជានាយរងការិយាល័យការពារ និងអន្តរាគមន៍។ លោកអនុសេនីយ៍ឯកប៉ែល សំប៊ូន ពីនាយរងការិយាល័យការពារអន្តរាគមន៍ទៅជានាយរងការិយាល័យសុខាភិបាល តែងតាំងលោកអនុសេនីយ៍ទោមាស រិទ្ធី នាយផ្នែកនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ជាអធិការរងជំនួសលោកអនុសេនីយ៍ឯកលឹម តឹកផេងវិញ ។ ជាមួយនេះលោកវរសេនីយ៍ ឱ លន់ ក៏បានអានសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ ស្តីពីការដំឡើងនិងបំពាក់ឋានន្តរស័ក្តិដល់មន្ត្រីនគរបាលចំនួន៥៧នាក់ ក្នុងនោះថ្នាក់អនុសេនីយ៍ឯកចំនួន១៦នាក់ ថ្នាក់អនុសេនីយ៍ទោចំនួន២២នាក់ និងថ្នាក់អនុសេនីយ៍ត្រី១៩នាក់ ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោករៀម សារិន អភិបាលរងខេត្តបានណែនាំដល់មន្ត្រីនគរបាលដែលត្រូវបានប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងនិងបំពាក់ឋានន្តរស័ក្តិនាពេលនេះទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តភារកិច្ចឱ្យបានកាន់តែល្អថែមទៀត ម្យ៉ាងទៀតរាល់ភារកិច្ចគឺត្រូវធ្វើតាមច្បាប់ តាមក្រមនិតិវិធី មិនត្រូវប្រព្រឹត្តអ្វីផ្ទុយពីច្បាប់ឬធ្វើជាខ្នងបង្អែកឱ្យជនប្រព្រឹត្តល្មើសឡើយ។ ជាមួយនេះ មន្ត្រីនគរបាលទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងមានកិច្ចសហការជាមួយបណ្តាអង្គភាពពាក់ព័ន្ធ ធ្វើអ្វីៗត្រូវឱ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត ៕
ចែករំលែកព័តមាននេះ