ខ្យល់ព្យុះដំបូងក្នុងរដូវកាលថ្មីនៃតំបន់អាត្លង់ទិកបានកើនកម្លាំងខ្យល់បោកបក់បន្ទាប់ពីឆ្លងកាត់ភាគខាងជើងសាធារណរដ្ឋដូមីនិក។ អាជ្ញាធរដូមីនិក បានចេញបញ្ជាឱ្យបិទសាលារៀន និងជម្លៀសប្រជាពលរដ្ឋតាមតំបន់ឆ្នេរត្រៀមការពារខ្យល់ព្យុះ Irene។ ខ្យល់ព្យុះនេះបានបណ្តាលឱ្យមានខ្យល់ខ្លាំង និងភ្លៀងធ្លាក់ជោកជាំនៅប្រទេសព័រតូរីកូ ហើយកាត់ផ្តាច់ចរន្តអគ្គិសនីដែលប្រើប្រាស់ដោយប្រជាពលរដ្ឋចំនួន៨០០.០០០នាក់។
តាមការព្យាករណ៍របស់មជ្ឈមណ្ឌលខ្យល់ ព្យុះជាតិក្នុងរដ្ឋម៉ៃអាមី និយាយថា ខ្យល់ព្យុះIrene នឹងបង្កើនកម្លាំងកាន់តែខ្លាំងតម្រង់ទៅភាគពាយ័ព្យប្រទេសបាហាម៉ាស។
ខ្យល់ព្យុះនេះមានកម្លាំងជាង១៥០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចប៉ះពាល់ដល់រដ្ឋផ្លររីដា ហ្ស៊កហ្ស៊ី ការ៉ូលីណា នៅសប្តាហ៍ក្រោយ។
ក្នុងប្រទេសព័រតូរីកូ មិនមានព័ត៌មានថា មានមនុស្សស្លាប់ដោយសារខ្យល់ព្យុះទេ គ្រាន់តែធ្វើឱ្យដើមឈើរលំ តែវាបានធ្វើឱ្យប៉ះពាល់ដល់ទឹក ប្រើប្រាស់សំរាប់មនុស្សចំនួន១០០.០០០នាក់។ ចំណែនៅឆ្នេរខាងជើងកោះហៃទី និងបាហាម៉ាស ភាគពាយ័ព្យកំពុងតាមដានខ្យល់ព្យុះនេះយ៉ាងយកចិត្តទុកដាក់បំផុត។
ខ្យល់ព្យុះនៃតំបន់ត្រូពិចទាំងអស់សុទ្ធតែប៉ះ ពាល់ដល់ដែនដីហៃទី។ កាលពីថ្ងៃចន្ទ គណៈកម្មការសហគមន៍អឺរ៉ុប បានដាក់កម្មវិធីដើម្បីអភិវឌ្ឍន៍ការការពារគ្រោះមហន្តរាយក្នុងប្រទេសហៃទី ដែលមានតម្លៃ៥,៤៧លានអឺរ៉ូ។ ប្រទេសមួយនេះក៏កំពុងស្តារឡើងវិញក្រោយជួបគ្រោះរញ្ជួយដី កាលពីខែមករា ឆ្នាំ២០១០ ដែលបានសម្លាប់មនុស្សជាង២៣០.០០០នាក់ និងធ្វើឱ្យមនុស្ស១លាននាក់ទៀតបាត់បង់ជំរក។
យោងតាមអង្គការអន្តរជាតិសំរាប់អន្តោប្រវេសន៍ ថា មានមនុស្សចំនួន៦៣៤.០០០នាក់ នៅរស់នៅក្នុងជំរំតង់ តែមានតួលេខខ្លះទៀតថាមានចំនួន៣៧៥០.០០នាក់ឯណោះ៕
ចែករំលែកព័តមាននេះ