ពួកអ្នកដែលនៅស្មោះត្រង់នឹងលោកមូអាម៉ា កាដាហ្វី ចុងក្រោយទាំងឡាយកាលពីយប់ថ្ងៃទី២៣ សីហា បានប្រយុទ្ធតតាំងប្រឆាំងនឹងពួកឧទ្ទាមលីប៊ីដែលដណ្តើមត្រួតត្រាមួយផ្នែកយ៉ាងធំនៃរដ្ឋធានី ហើយទីបំផុតវាយដណ្តើមយកបានទីបញ្ជាការធំ BAB AL AZIZIAH។ ខណៈដែលការដួលរលំនៃរបបលោកកាដាហ្វីហាក់ដូចជាច្បាស់ប្រាកដហើយនោះ ពួកអ្នកគាំទ្រមេដឹកនាំលីប៊ី លោកកាដាហ្វីដែលគេរកពុំទាន់ឃើញនៅមានអារម្មណ៍ចង់តស៊ូទប់ទល់រហូតដល់ដំណក់ឈាមចុងក្រោយ។
បណ្តាអ្នកកាសែតបានឃើញពួកឧទ្ទាមជាច្រើនរយនាក់លុកចូលក្នុងប្លុកវិមាន BAB AL AZIZIAH ជាកន្លែងមានការប៉ះទង្គិចគ្នាមួយរយៈជាមួយកងកម្លាំងនៅស្មោះត្រង់នឹងលោកកាដាហ្វី និងពួកខ្មាន់កាំភ្លើងដៃត្រង់។ បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងសាហាវនានាមកពួកឧទ្ទាមបានលុកចូលក្នុងអគារជាច្រើន ហើយប្រមូលយករបស់របរប្រណីតៗប្រមូលយកអាវុធ និងរថយន្ត។ បន្ទាប់មកពួកឧទ្ទាមបានប្រារព្ធពីជោគជ័យរបស់ពួកគេតាមរយៈការបាញ់កាំភ្លើងឡើងលើ។
បេសកជនរបស់ពួកឧទ្ទាមប្រចាំអ.ស.បអះអាងថា ទីបញ្ជាការធំរបស់លោកកាដាហ្វីធ្លាក់ក្នុងកណ្តាប់ដៃរបស់ពួកបដិវត្តន៍ទាំងស្រុង ហើយព្យាករណ៍ថា ទីក្រុង SYRTE ជាទីក្រុងកំណើតរបស់លោកកាដាហ្វីនឹងត្រូវវាយយកបានយ៉ាងយូរ២ថ្ងៃទៀត។ តំណាងរូបនេះលោកអ៊ីប្រាហ៊ឹមដាបបាជី និយាយថា យើងរង់ចាំលីប៊ីត្រូវបានរំដោះទាំងស្រុង និងធ្វើឱ្យមានសន្តិភាពទាំងស្រុងរយៈពេល៧២ម៉ោងទៀត។
កងកម្លាំងលោកកាដាហ្វីបានបោះបង់ចោលទីក្រុងកំពង់ផែប្រេងសំខាន់ RAS LANOUF ដែលនៅទីនោះពុំមានសេចក្តីរាយការណ៍ពីការបំផ្លាញឡើយរួចពួកនេះចាប់ផ្តើមដកទៅកាន់ទីក្រុង SYRTE។ ផ្ទុយទៅវិញពុំមានការបញ្ជាក់ណាមួយឡើយអំពីលោកកាដាហ្វី បណ្តាសមាជិកគ្រួសារលោក និងមេដឹកនាំលីប៊ីដទៃៗទៀតដែលអាចលាក់ខ្លួនក្នុងរូងក្រោមដីមួយ ឬអាចលាក់ខ្លួនក្នុងចំណោមប្រជាជននៃរដ្ឋធានី ៕
ចែករំលែកព័តមាននេះ