តាមទីភ្នាក់ងារប្ល៊ូមប៊ើក កាលពីថ្ងៃទី២៣ សីហា ផ្សាយថា លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានផ្តល់បទសម្ភាសន៍ប្រាប់ទីភ្នាក់ងារជប៉ុនក្នុងពេលទស្សនកិច្ចនៅថ្ងៃអង្គារ ទី២៣ សីហា ថា យើងគ្មានផែនការត្រឡប់ទៅប្រទេសថៃក្នុងពេលបច្ចុប្បន្ន ដរាណាថៃមានការស្រុះស្រួលលើបញ្ហាផ្សេងៗនៅក្នុងប្រទេសបានល្អ ។ ស្របពេលជាមួយគ្នានេះលោកថាក់សីុន បានបន្តទៀតថា ខ្លួនសុំអំពាវនាវដល់ជនជាតិថៃ សំដៅទៅលើការស្រុះស្រួលគ្នាបន្តទៀត ព្រោះវាជាកូនសោរដ៏សំខាន់សម្រាប់ស្ថិរភាព និងការរីកចម្រើនរបស់ប្រទេស ហើយថៃគួរសហការគ្នាបំបាត់ចោលការមានទំនាស់ ។
លោកថាក់ស៊ីន បានថ្លែងថា ខ្លួនគ្មានការជ្រៀតជ្រែកក្នុងរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ហើយគេផ្តល់ការពិភាក្សានៅពេលដែលគណបក្សត្រូវការ ប៉ុន្តែបើគណបក្សមិនត្រូវការខ្លួនគ្មានការពាក់ព័ន្ធ ។
ក្រៅពីនេះលោកថាក់ស៊ីន បានបន្តទៀតថា ការធ្វើដំណើរទៅប្រទេសជប៉ុន ជាសិទ្ធិរបស់គេដោយផ្ទាល់ និងនាយករដ្ឋមន្ត្រីយីងឡាក់ ត្រូវជាប្អូនស្រីគ្មានការពាក់ព័ន្ធ ហើយរដ្ឋាភិបាលថៃមិនអាចបញ្ជាឱ្យរដ្ឋាភិបាលជប៉ុនចេញទិដ្ឋាការដល់អ្នកណាបាន ។
ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារប៊្លូមប៊ើក បានធ្វើការវិភាគថា ការបង្ហាញខ្លួននៅបរទេសរបស់លោកថាក់ស៊ីន បានផ្តល់ឱកាសឱ្យភាគីប្រឆាំងអាចវាយប្រហារលើរដ្ឋាភិបាលលោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ថា គណបក្សភឿថៃត្រូវគ្រប់គ្រងដោយលោកថាក់ស៊ីន ខណៈពេលនេះក៏មានជំនឿចិត្តថា នឹងមានបង្ហាញមុខលោកថាក់ស៊ីន នៅបរទេសដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់កាន់តែច្រើនក្នុងពេលអនាគត ៕
ចែករំលែកព័តមាននេះ