ខេត្តកំពង់ចាម ៖ រថយន្តធុនយក្ស២គ្រឿងបានបុកគ្នាលាន់ដូចរន្ទះដាច់កាប៊ីន ធ្លាក់មកលើថ្នល់ មើលទៅគួរឱ្យរន្ធត់នៅលើកំណាត់ផ្លូវជាតិលេខ៧ កាលពីវេលាម៉ោង១២និង៤០នាទីរសៀលថ្ងៃទី២៣ សីហា ២០១១ ស្ថិតនៅភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ។ ទោះជាយ៉ាងណា ជាសំណាងមួយក្នុង១ម៉ឺនគ្រោះថ្នាក់ ព្រោះមិនមានអ្នកស្លាប់នោះទេ គ្រាន់តែរងរបួសធ្ងន់៤នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំជាបន្ទាន់។
តាមការឱ្យដឹងពីលោកអនុសេនីយ៍ឯកសូ សារ៉ាត់ អធិការរងនគរបាលស្រុកត្បូងឃ្មុំ ទទួលផែនសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងថា រថយន្ត១គ្រឿងដែលដាច់កាប៊ីននោះ បានបើកចេញពីទិសខាងលិចទៅកើត ខណៈពេលដែលបើកមកដល់ភូមិដំណាក់ចារ បានវ៉ារថយន្តធុនទួរីស១គ្រឿង ដែលបើកស្របទិសគ្នា ហើយបានជ្រុលចូលទៅក្នុងចំណែកផ្លូវខាងស្តាំរបស់គេ ស្របពេលនោះមានរថយន្តដឹកកុងតឺន័រ១គ្រឿងទៀតបើកមកដល់បុកត្រូវកាប៊ីនយ៉ាងពេញទំហឹងជាហេតុបណ្តាលឱ្យដាច់ជ្រុះធ្លាក់មកលើថ្នល់ជាតិ។ ព័ត៌មានលម្អិតនឹងផ្សាយជូននៅពេលក្រោយ និងនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ