ខេត្តកំពង់ឆ្នាំង ៖ រថយន្តពីរគ្រឿងបានបុកគ្នាលាន់ដូចរន្ទះកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២២ សីហា នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវកោងមុខសាលាបំពេញវិជ្ជាខេត្ត ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំង បណ្តាលឱ្យមនុស្ស៤នាក់របួសធ្ងន់ និងស្រាល ។
មន្ត្រីប៉ូលិសចរាចរក្រុងកំពង់ឆ្នាំង បាននិយាយឱ្យដឹងថា រថយន្តបង្កហេតុមា៉កឡង់គ្រីស្ស័រពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-0108 ក្រោយពេលកើតហេតុអ្នកបើកបរបានរត់គេចខ្លួនបាត់។ ចំណែកភាគីម្ខាងទៀតគឺរថយន្តមា៉កកាមរីគូទប៉ោងស៊េរី៩៥ ពណ៌ស្លាបក្អែក ពាក់ស្លាកលេខភ្នំពេញ 2D-5716 បើកបរដោយឈ្មោះកែវ និមល អាយុ៥២ឆ្នាំ នៅភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង រងរបួសស្រាល។ ឯអ្នកជិះជាមួយប្រពន្ធឈ្មោះពៅ ខាធី អាយុ៤១ឆ្នាំ របួសស្រាល ក្មួយឈ្មោះម៉ន ចំណាន អាយុ២២ឆ្នាំ របួសធ្ងន់ និងកូនប្រុសឈ្មោះកែវ មង្គល អាយុ៦ឆ្នាំ របួសធ្ងន់ ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុរថយន្តមា៉កឡង់គ្រីស្ស័រ បានបើកក្នុងទិសដៅពីភ្នំពេញចូលក្រុងកំពង់ឆ្នាំង លុះមកដល់ចំណុចផ្លូវកោងបត់ឆ្វេងដោយរថយន្តមានល្បឿនលឿនពេក ហើយអ្នកបើកបរបានជាន់ហ្វ្រាំងផង ក៏បានរអិលមកខាងឆ្វេងដៃ ទើបទៅបុករថយន្តកាមរីដែលបើកបរច្រាសទិសគ្នាលាន់ដូចរន្ទះបណ្តាលឱ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតមួយកំណាត់មុខទាំងស្រុងដូចគ្នា ។
ក្រោយពេលកើតហេតុជនរងគ្រោះដែលជិះក្នុងរថយន្តកាមរីត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ចំណែកអ្នកបើកបររថយន្តឡង់គ្រីស្ស័រគេឃើញចុះគេចខ្លួនបាត់ក្នុងនោះមានជនជាតិចិនម្នាក់ផង ។ រថយន្តទាំងពីរគ្រឿងត្រូវបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដើម្បីរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ