រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េចំណុះ១តោនកន្លះមួយគ្រឿងបើកបោះពួយយ៉ាងលឿនជ្រុលទៅបុកស្ត្រីម្នាក់កំពុងជិះកង់ ប៉ើងធ្លាក់ចូលទៅក្នុងប្រឡាយទឹក បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់មករថយន្តនោះក៏បានក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូលទៅក្នុងប្រឡាយនោះដែរ។
ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២២ សីហា នៅលើកំណាត់ផ្លូវចំការដូងត្រង់ចំណុចស្ពានថ្ម ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។ រថយន្តបង្កហេតុម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ លាយស។ អ្នកបើកបរគេមិនស្គាល់អត្តសញ្ញាណទេ ព្រោះគេចខ្លួនបាត់ស្រមោល ចំណែកឯស្ត្រីរងគ្រោះដែលជិះកង់ឈ្មោះឆេង ចន្ថា អាយុ៣៣ឆ្នាំ មានទីលំនៅភូមិកណ្តាល សង្កាត់ជើងឯក ខណ្ឌដង្កោ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅ មុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុបើកបោះពួយក្នុងល្បឿនយ៉ាងលឿន លុះទៅដល់ត្រង់ចំណុចកើតហេតុបានវ៉ារថយន្ត១គ្រឿងផ្សេងទៀត ក៏ជ្រុលទៅបុកស្ត្រីរងគ្រោះដែលកំពុងជិះកង់នៅខាងមុខបណ្តាលឱ្យប៉ើងខ្ទាតធ្លាក់ចូលទៅក្នុងប្រឡាយទឹកដែលមានកំប្លោក ពាសពេញ រួចទើបរថយន្តនោះក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូលទៅក្នុងប្រឡាយទឹកនោះតាមក្រោយដែរ។
ដោយឡែក ប្រភពព័ត៌មានមួយផ្សេងទៀតបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តនោះបើកបរក្នុងល្បឿនលឿនចេញពីក្រុមហ៊ុនមួយនៅក្បែរនោះ ក្នុងទិសដៅពីកើតទៅលិច រួចឆ្លងផ្លូវចំការដូងនោះ ប្រុងបត់ក្បាលទៅទិសខាងត្បូងវិញ ប៉ុន្តែដោយសារលឿនពេកបត់មិនទាន់ ក៏ជ្រុលទៅបុកកង់ ហើយក្រឡាប់ជាច្រើនត្រឡប់បែបនេះតែម្តង៕
ចែករំលែកព័តមាននេះ