លោកមូអាម៉ា កាដាហ្វី កាន់អំណាចចាប់តាំងពី៤២ឆ្នាំមកហើយ ដោយលោកជាប្រមុខរដ្ឋអារ៉ាប់ ដែលចំណាស់ជាងគេបំផុត។ កើតក្នុងគ្រួសារបេឌូអ៊ីន នៃកុលសម្ព័ន្ធ GADDAFA នៅតំបន់វាលខ្សាច់ស៊ីរី ថ្ងៃទី៧ មិថុនា ឆ្នាំ១៩៤២ លោកកាដាហ្វី ទទួលការអប់រំខាងសាសនា មុនពេលចូលសិក្សានៅបណ្ឌិតសភាយោធាក្រុងបេនហ្គាហ្ស៊ី ក្នុងឆ្នាំ១៩៦៣។
បន្ទាប់ពីការសិក្សាលោកបានចូលបម្រើក្នុងកងទ័ពលីប៊ីនៅឆ្នាំ១៩៦៥ ហើយត្រូវបានបញ្ជូនទៅកាន់ប្រទេសអង់គ្លេស ដើម្បីទទួលការហ្វឹកហ្វឺនយោធាបន្ថែមទៀត នៅឯ BRITISH ARMY STAFF COLLEGE ក្នុងឆ្នាំ១៩៦៦។ ការគ្រប់គ្រងអំណាចរបស់លោកចាប់ផ្តើមក្នុងខែកញ្ញា ឆ្នាំ១៩៦៩ ក្រោយពីយុវជនកាដាហ្វី ពេលនោះជានាយទាហានថ្នាក់ទាបម្នាក់ បានរួមគ្នាជាមួយសហសេវិកមួយចំនួនក្នុងចលនានាយទាហានសេរីបានធ្វើរដ្ឋប្រហារដោយមិនបង្ហូរឈាមមួយប្រឆាំងនឹងព្រះមហាក្សត្រ ដែលជរា ព្រះចៅអ៊ីឌ្រីស ដែលពេលធ្វើរដ្ឋប្រហារនោះ ព្រះអង្គកំពុងគង់ព្យាបាលព្រះរោគនៅតួកគី ហើយលោកកាដាហ្វី បានបង្កើតសាធារណរដ្ឋអារ៉ាប់លីប៊ី ។
បន្ទាប់មក លោកកាដាហ្វី បានក្លាយជាប្រធានក្រុមប្រឹក្សាបញ្ជាការបដិវត្តន៍ CCR និងជាអគ្គបញ្ជាការកងទ័ពលីប៊ី ។ លោកធ្វើជារដ្ឋមន្ត្រីការពារប្រទេសផង និងជានាយករដ្ឋមន្ត្រីផង ពីឆ្នាំ១៩៧០ ដល់១៩៧២ ។ ក្នុងឆ្នាំ១៩៧៧ លោកក្លាយជាប្រមុខបដិវត្តន៍លីប៊ី ហើយបដិសេធរាល់តំណែងរដ្ឋបាលក្នុងឆ្នាំ ១៩៧៩ ដោយរក្សាទុកតែងារជាប្រមុខបដិវត្តន៍លីប៊ី។
លោកកាដាហ្វី បានចូលប្រឡូកក្នុងសង្គ្រាមជាច្រើនជាមួយប្រទេសដទៃៗទៀត ដូចជាប្រទេសឆាដ និងអ៊ូហ្គង់ដា ជាដើម ក្នុងទសវត្សឆ្នាំ១៩៨០ ព្រមទាំងជួបប្រទះនឹងការប៉ុនប៉ងធ្វើឃាតជាច្រើនលើក ក្នុងនោះការប៉ុនប៉ងធ្វើឃាតមួយកាលពីឆ្នាំ១៩៩៦ រៀបចំធ្វើជាសម្ងាត់ ដោយភ្នាក់ងារចារកម្មអង់គ្លេសក្រោយការកាត់ផ្តាច់ទំនាក់ទំនងការទូត រវាងប្រទេសទាំង២ចាប់តាំងពីជាង១ទសវត្សមកក្រោយការស្លាប់ប៉ូលិសអង់គ្លេសម្នាក់ ដោយសារពួកអ្នកការទូតលីប៊ីកាលពីឆ្នាំ១៩៨៩។
លោកកាដាហ្វី មានឈ្មោះល្បីដោយសារជំហររឹងរបស់លោកក្រោយការវាយប្រហារភេរវកម្មនៅ LOCKERBIE កាលពីខែធ្នូ ឆ្នាំ១៩៨៨ ប្រឆាំងនឹងយន្តហោះប៊ូអ៊ីង៧៤៧ មួយគ្រឿង នៅអេកូស ដែលមានពួកលីប៊ីចូលរួមក្នុងការវាយប្រហារនេះ។
គ្រោះថ្នាក់នេះបណ្តាលឱ្យមនុស្សស្លាប់២៧០នាក់ ក្នុងនោះ១៨៩នាក់ជាជនជាតិអាមេរិក។ លោកកាដាហ្វី បដិសេធមិនប្រគល់ខ្លួនពួកជនសង្ស័យជាភេរវកររហូតដល់ឆ្នាំ១៩៩៩។ ក្នុងឆ្នាំ២០០៣ លីប៊ីយល់ព្រមប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារយន្តហោះនេះ ក៏ប៉ុន្តែពុំសុំទោសឡើយ។
ក្នុងឆ្នាំ២០០៣ លោកកាដាហ្វី បានប្រកាសពីការបោះបង់ចោលកម្មវិធីអាវុធសម្លាប់រង្គាលហើយទទួលបានការដកទណ្ឌកម្មនានារបស់ពួកលោកខាងលិច និង អ.ស.ប ក្នុងទសវត្សឆ្នាំ១៩៩០។ ក៏ប៉ុន្តែចាប់ពីខែកុម្ភៈ ឆ្នាំ២០១១ មក លោកកាដាហ្វី ទទួលការថ្កោលទោសក្រោយការបង្ក្រាបបាតុកម្មទ្រង់ទ្រាយធំទាំងឡាយដែលរីករាលដាលយ៉ាងខ្លាំង ហើយពុះពោរក្នុងប្រទេស៕
ចែករំលែកព័តមាននេះ