ទូរទស្សន៍អាល់ហ្សាហ្ស៊ីរ៉ារាយការណ៍កាលពីថ្ងៃទី២១ សីហា ថា ពួកឧទ្ទាមលីប៊ីនិយាយថា ពួកគេវាយដណ្តើមកាន់កាប់ក្រុងទ្រីប៉ូលីទាំងមូលលើកលែងតែប្លុកវិមាន BAB AL AZIZIAH ដែលមាននិវេសនដ្ឋានរបស់លោកមូអាម៉ា កាដាហ្វី ។
រូបភាពទាំងឡាយរបស់ទូរទស្សន៍អង់គ្លេស KSY បង្ហាញពីពួកបះបោរនៅឯទីលានបៃតងនាភាគកណ្តាលក្រុងទ្រីប៉ូលី ។ ទីលាននេះត្រូវបានប្រើប្រាស់រហូតមកដល់ពេលនេះជាកន្លែងសម្រាប់ការប្រមូលផ្តុំគ្នារបស់ពួកអ្នកគាំទ្រលោកកាដាហ្វី ។ ពួកឧទ្ទាមដែលងើបបះបោរកាលពីខែកុម្ភៈមក បានលុកចូលរដ្ឋធានីកាលពីថ្ងៃទី២១ សីហា ហើយហាក់ពុំជួបនឹងការតស៊ូទប់ទល់ខ្លាំងក្លាពីសំណាក់កងទ័ពដែលស្មោះត្រង់នឹងលោកកាដាហ្វីឡើយ ។ កងអង្គរក្សផ្ទាល់របស់លោកកាដាហ្វីដែលកាន់អំណាចចាប់តាំងពី៤២ឆ្នាំមកហើយបានចុះចូលជាមួយពួកឧទ្ទាម ។
ចំណែកអ្នកនាំពាក្យរបស់រដ្ឋាភិបាលលីប៊ីលោកមូសាអីុប្រាហ៊ីមថ្លែងនាពេលយប់ថា លោកកាដាហ្វីត្រៀមធ្វើការចរចាផ្ទាល់ជាមួយប្រមុខពួកឧទ្ទាម ។ ក៏ប៉ុន្តែលោកកាដាហ្វីបានស្នើជាលើកទី២ក្នុងថ្ងៃតែមួយដល់ពួកអ្នកគាំទ្រលោកឱ្យជួយសង្គ្រោះក្រុងទ្រីប៉ូលី ក្នុងសារមួយផ្សាយតាមទូរទស្សន៍ជាតិ ។ ក្នុងសារនេះលោកកាដាហ្វីនិយាយថា នេះជាការកាតព្វកិច្ចសម្រាប់ពលរដ្ឋលីប៊ីទាំងអស់ ។ វាជាបញ្ហានៃការរស់ និងការស្លាប់ ។
ចំណែកអង្គការអូតង់វិញ បានអំពាវនាវឱ្យមានអន្តរកាលដោយសន្តិវិធី និងជាបន្ទាន់មួយ ហើយនិយាយថា ត្រៀមធ្វើការលើរឿងនេះជាមួយពួកឧទ្ទាម ។ អគ្គលេខាធិការអូតង់លោក ANDERS FOGH RASMUSSEN ថ្លែងថា ពួកបះបោរត្រូវធានាថា អន្តរកាលត្រូវធ្វើដោយសន្តិវិធី និងទាំងស្រុង ហើយប្រទេសនៅតែមួយនិងថា អនាគតរបស់ប្រទេសត្រូវផ្អែកលើការបង្រួបបង្រួម និងការគោរពសិទ្ធិមនុស្ស ។
ការប្រយុទ្ធនៅក្រុងទ្រីប៉ូលីស្លាប់ជិត៤០០នាក់
យោងតាមសមាជិកដ្ឋាភិបាលលីប៊ីម្នាក់ដែលមិនបញ្ចេញឈ្មោះថា ការប្រយុទ្ធគ្នាដែលផ្ទុះឡើងកាលពីយប់ថ្ងៃទី២០ មក ២១ សីហា នៅក្រុងទ្រីប៉ូលី បណ្តាលឱ្យស្លាប់មនុស្ស៣៧៦នាក់ និងរបួស១០០០នាក់ ។ ពួកប្រឆាំងលោកកាដាហ្វី ក្នុងរដ្ឋធានី បានក្រោកបះបោរនាថ្ងៃទី២០ សីហា ពេលពួកឧទ្ទាមកំពុងរុលចូលក្រុងទ្រីប៉ូលីពីភាគខាងលិច ក៏ដូចជាភាគខាងកើតប្រទេសព្រមទាំងតាមផ្លូវសមុទ្រ ៕
ចែករំលែកព័តមាននេះ