ប្រធានាធិបតីស៊ីរី លោកបាចា អាល់អាសាដ បានព្រមានកាលពីថ្ងៃទី២១ សីហា ប្រឆាំងនឹងរាល់អន្តរាគមន៍យោធាបរទេសចូលក្នុងប្រទេសរបស់លោក ដោយលោកអះអាងថា សម្រាប់បណ្តាប្រទេសដែលជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងស៊ីរី នឹងទទួលផលអាក្រក់។
លោកបាចា អាល់អាសាដ ថ្លែងតាមទូរទស្សន៍រដ្ឋជាការលេចមុខជាសាធារណៈលើកទី៤ តាំងពីចាប់ផ្តើមមានការបះបោរប្រឆាំងរដ្ឋាភិបាលពីពាក់កណ្តាលខែមីនាមក។ លោកអះអាងជាថ្មីពីចេតនាធ្វើការកែទម្រង់នានានៅស៊ីរី។ លោកបញ្ជាក់ថា គណៈកម្មការទទួលបន្ទុកតាក់តែងការកែទម្រង់ត្រូវការពេលវេលាយ៉ាងតិច៦ខែទៀត ដើម្បីបំពេញភារកិច្ចរបស់ខ្លួន។ ពួកប្រឆាំងយល់ថា ការកែទម្រង់ទាំងនេះ ពុំមានលក្ខណៈជាក់ស្តែងឡើយ។
លោកអាសាដ អះអាងថា សភាពការណ៍នៅស៊ីរីហាក់ដូចជាគ្រោះថ្នាក់ ក៏ប៉ុន្តែតាមពិតយើងអាចគ្រប់គ្រងសភាពការណ៍នេះបាន។ ចលនាតវ៉ាស៊ីរីក្លាយទៅជាខ្លាំងក្លារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក៏ប៉ុន្តែនឹងអាចគ្រប់គ្រងបាន។ លោកបានសន្យាពីការវាយឱ្យបរាជ័យដល់អន្តរាគមន៍យោធាបរទេសជាយថាហេតុមួយ៕
ចែករំលែកព័តមាននេះ