រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២០ សីហា នៅវិមានរដ្ឋសភា សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបសវនាការជាមួយលោកចូវ យ៉ុងខាង សមាជិកគណៈអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងជាលេខាគណៈកម្មាធិការកិច្ចការនយោបាយនិងច្បាប់នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។
នៅក្នុងឱកាសនោះ សម្តេចអគ្គមហាពញាចក្រីហេង សំរិន បានមានប្រសាសន៍ជម្រាបលោកចូវ យ៉ុងខាង ថា ទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅពេលនេះបង្ហាញយ៉ាងច្បាស់នូវទំនាក់ទំនងដ៏ល្អត្រចះត្រចង់រវាងប្រទេសទាំងពីរព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសរវាងបក្សទាំង២ គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន។ ព្រះរាជាណាចក្រកម្ពុជា អបអរសាទរយ៉ាងខ្លាំងក្លា ចំពោះសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយបក្សកុម្មុយនីស្តចិន ដែលទទួលបានជោគជ័យដ៏ធំធេងក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសគ្រប់វិស័យពិសេសគឺវិស័យសេដ្ឋកិច្ច ដែលធ្វើឱ្យចិនក្លាយជាមហាអំណាចដ៏កំពូលមួយមានឥទ្ធិពលទ្វេឡើងក្នុងឆាកអន្តរជាតិ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ទៀតថា តាំងតែពីដើមមក កម្ពុជាតែងតែចាត់ទុកប្រទេសចិនជាមិត្តដ៏ល្អ ហើយប្រកាន់ខ្ជាប់ជានិច្ចមិនងាករេនូវ «នយោបាយចិនតែមួយ» ។ ក្នុងនាមប្រជាជនកម្ពុជា សម្តេចសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលចិនបានផ្តល់ដល់កម្ពុជា ហើយដំណើរទស្សនកិច្ចនេះក៏ធ្វើឡើងនៅចំខួប៩០ឆ្នាំ នៃការបង្កើតគណបក្សកុម្មុយនីស្តចិនផងដែរ។
លោកចូវ យ៉ុងខាង មានប្រសាសន៍ថា នេះគឺជាទស្សនកិច្ចលើកទី១ របស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជា ឆ្លើយតបតាមការអញ្ជើញរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ លោកបានរំលឹកថា សម្តេចអគ្គមហាពញាចក្រីហេង សំរិន ជាមិត្តចាស់របស់លោកនៅពេលដែលសម្តេចបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ហើយលោកក៏សូមនាំមកនូវការសួរសុខទុក្ខសម្តេចពីសំណាក់ប្រធានរដ្ឋសភាចិនផងដែរ។
លោកចូវ យ៉ុងខាង បានជម្រាបសម្តេចប្រធានរដ្ឋសភាទៀតថា ទំនាក់ទំនងរវាងប្រទេសចិន និងកម្ពុជាមានតាំងពីយូរលង់មកហើយ រហូតដល់ពេលបច្ចុប្បន្ន។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកក៏បានចូលរួមចុះហត្ថលេខាលើឯកសារនៃកិច្ចព្រមព្រៀងចំនួន២៧ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ដោយឡែក ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរចិន និងកម្ពុជាមានប្រមាណ១.០០០លានដុល្លារអាមេរិក ៕
ចែករំលែកព័តមាននេះ